(ភ្នំពេញ)៖ តារាសម្តែងជើងចាស់ ដែលជាតួម្តាយរបស់លោក ណុប បាយ៉ារិទ្ធ ក្នុងរឿង «រាជនីភូមិគ្រិះ» គឺអ្នកស្រី ស៊ិន ឧត្តមផល្លា បន្ទាប់ពីបានធ្វើឲ្យទស្សនិកជន មានការចាប់អារម្មណ៍ ដោយបានទម្លាយថា ខ្លួនមានទំនាក់ទំនងស្នេហា ជាមួយបុរសជនជាតិឥណ្ឌា តាមរយៈបណ្តាញសង្គមហ្វេសប៊ុករួចមក អ្នកនាងក៏បានប្រកាសក្នុងបណ្តាញសង្គមរបស់ខ្លួន ក៏ដូចជាកិច្ចសម្ភាសន៍ ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» ដែរថា នាងនឹងរៀបការជាមួយបុរសជនជាតិឥណ្ឌានោះ នៅឆ្នាំក្រោយ។ យ៉ាងណាមិញ ប៉ុន្មានម៉ោងមុននេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈឮដំណឹងថាអ្នកស្រី ស៊ិន ឧត្តមផល្លា បានផ្តាច់ទំនាក់ទំនងជាមួយ បុរសជនជាតិឥណ្ឌានោះហើយ ដោយសារអាយុប្អូនអ្នកនាង រហូតដល់១២ឆ្នាំ និងម្តាយព្រមទាំងកូនរបស់នាង មិនពេញចិត្តផងដែរ។

ក្នុងនោះអ្នកស្រី ស៊ិន ឧត្តមផល្លា បានសរសេរសាររៀបរាប់ យ៉ាងវែងអន្លាយថា «ខ្ញុំដឹងថា នេះជារឿងរ៉ាវផ្ទាល់ខ្លួន មិនគួរយកមកលាតត្រដាងនៅទីនេះ ប៉ុន្តែកន្លងមក ដោយសារតែខ្ញុំច្រើនបង្ហាញ ពីទំនាក់ទំនងស្នេហាខ្ញុំ ជាមួយបុរសម្នាក់ជាជនជាតិឥណ្ឌាលើ Facebook ក៏ដូចជាតាមរយៈសារព័ត៌មាន និងក្នុងកម្មវិធីទូរទស្សន៍ជាដើម។ ដោយសារតែពួកយើងនៅឆ្ងាយពីគ្នា ហើយពួកយើងជាមនុស្ស ដែលស្អាតស្អំមិនមានពាក់ព័ន្ធជាមួយអ្នកណា ដូច្នេះទើបពួកយើងតែងតែបង្ហាញពី ទំនាក់ទំនងនេះដោយបើកចំហ អស់រយៈពេលជាង ៤ឆ្នាំហើយ ដែលពួកយើងស្រឡាញ់គ្នា នៅលើប្រព័ន្ធអនឡាញនេះ ប៉ុន្តែពួកយើងមិនធ្លាប់បានជួបគ្នាផ្ទាល់នោះទេ។ ក្រុមគ្រួសារខ្ញុំដូចជាឪពុកម្ដាយ និងកូនៗខ្ញុំក៏បានដឹងពីរឿងហ្នឹងដែរ ប៉ុន្តែពួកគាត់មិនបានហាមឃាត់ទេ ដោយសារពួកគាត់យល់ថា ប្រហែលជាពួកខ្ញុំស្រឡាញ់គ្នាលើប្រព័ន្ធអនឡាញ គ្រាន់តែត្រឹមនិយាយលេង ជាមួយគ្នាប៉ុណ្ណោះ»។

អ្នកស្រី ស៊ិន ឧត្តមផល្លា បានសរសេរបន្តថា «ចំណែកខ្ញុំវិញឃើញអ្នកផ្ទះ មិនដែលហាមឃាត់ពីរឿងហ្នឹង ខ្ញុំក៏គិតថាប្រហែលជាមិនមានបញ្ហាអ្វីកើតឡើងនោះទេ លុះចុងក្រោយនេះ ខ្ញុំបានប្រកាសនៅក្នុងទូរទស្សន៍ តាមរយៈកម្មវិធី (តុបំភ្លឺ) ថាពួកយើងនឹងរៀបការ ជាមួយគ្នានៅឆ្នាំក្រោយនេះ ពេលនោះហើយដែលអ្នកផ្ទះខ្ញុំ ចាប់ផ្ដើមផ្ទុះប្រតិកម្ម ជាពិសេសម្តាយខ្ញុំ និងកូនប្រុសរបស់ខ្ញុំមិនយល់ស្រប ដោយសារគាត់អាយុប្អូនខ្ញុំច្រើនពេក (១២ឆ្នាំ) ហើយកូនប្រុសរបស់ខ្ញុំគាត់បាននិយាយថា (បើម៉ាក់រៀបការ ជាមួយគាត់ក៏រៀបការចុះ ប៉ុន្តែខ្ញុំមិនទទួលស្គាល់គាត់ជាឪពុកនោះទេ) ដូច្នេះខ្ញុំយល់ថា បើម្តាយខ្ញុំនិងកូនខ្ញុំមិនយល់ស្របទៅហើយ ទោះបីខ្ញុំជំនះ ធ្វើរឿងហ្នឹងក៏គ្មានសេចក្ដីសុខដែរ ហើយខ្ញុំក៏មិនចង់ឲ្យទំនាក់ទំនង រវាងក្រុមគ្រួសារខ្ញុំល្អក់កករ ដោយសារតែរឿងហ្នឹងដែរ»។

អ្នកស្រី ស៊ិន ឧត្តមផល្លា បានបន្ថែមថា «ដូច្នេះហើយ ខ្ញុំបានសម្រេចចិត្តបញ្ចប់ទំនាក់ទំនងស្នេហានេះហើយ ដើម្បីក្រុមគ្រួសារខ្ញុំ និងកូនៗរបស់ខ្ញុំ ហើយចំពោះរឿងនេះ រវាងខ្ញុំក៏ដូចជាបុរសឥណ្ឌា ពួកយើងមិនមានអ្នកណាដែលត្រូវខាតបង់នោះទេ ព្រោះពួកយើងមិនទាន់បានជួបគ្នាផ្ទាល់ នៅឡើយទេ ហើយខ្ញុំក៏មានការសោកស្ដាយដែរ ដែលពួកយើងមិនអាចជួបគ្នា បើទោះបីជាយើងមិនធ្លាប់បានជួបគ្នាផ្ទាល់ក៏ដោយ ប៉ុន្តែពួកយើងបានដាក់ចិត្ត និងអារម្មណ៍តាមរយៈអនឡាញនេះ ខ្ញុំអត់មានពាក្យអ្វីទៀតទេ គឺមានតែពាក្យថា (សោកស្ដាយ)»។

យ៉ាងណាមិញ ចំពោះរឿងរ៉ាវបន្តទៀតយ៉ាងណា គឺនៅមិនទាន់ដឹងនោះទេ ខណៈមិត្តរួមអាជីព ក៏ដូចជាមិត្តក្នុងបណ្តាញសង្គមហ្វេសប៊ុក បានបញ្ចេញមតិថា ការសម្រេចចិត្តរបស់អ្នកស្រី ស៊ិន ឧត្តមផល្លា គឺជាការត្រឹមត្រូវ៕

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ិន ឧត្តមផល្លា