ភ្នំពេញ៖ គួរឲ្យដឹងថា កាលពីម្សិលមិញនេះ លោក គុយ សិទ្ធិសក្តិ ត្រូវបានតុលាការ កោះហៅជាលើកទី៦ ដើម្បីឲ្យចូលខ្លួនមកបំភ្លឺនៅឯតុលាការផ្ទាល់ ប៉ុន្តែមិនថាយ៉ាងណា លោកនៅតែមិនបានបង្ហាញខ្លួន និងមិនអើពើចំពោះការកោះហៅរបស់តុលាការនោះទេ ដោយហេតុនេះហើយ ទើបធ្វើឲ្យ កញ្ញា វ៉ាន់ នីឡា និងក្រុមគ្រួសារ របស់នាងផ្ទាល់ មានការបារម្ភចំពោះសុវត្ថិភាព នាងជាខ្លាំង និងស្នើសុំឲ្យតុលាការ ចេញដីការចាប់ខ្លួន ព្រមទាំងរកយុត្តិធម៌ឲ្យរូបនាងផងដែរ។

ជាការពិតណាស់ នេះបើយោងតាមសារដែលកញ្ញា វ៉ាន់ នីឡាបានបង្ហោះនៅលើ គណនីហ្វេសប៊ុករបស់នាង កាលពីប៉ុន្មានម៉ោងមុននេះ នាងបានលើកឡើងថា ៖

«ជនមួយនេះនៅតែបន្តផ្ញើសារជាសំលេង និងរូបតុក្តតាជារឿយៗ ក្នុងបំណងចង់ឌឺដងឲ្យរូបនាងខ្ញុំ ប្រហែលជាគេគិតថាតុលាការធ្វើអីគេមិនកើត ? ក្នុងរយៈពេលជាច្រើនខែមកនេះ ខ្ញុំបានបាត់បង់វត្តមាននៅលើឆាកតន្រ្តីនានា និងចំនូលរបស់នាងខ្ញុំជាច្រើន ដែលត្រូវបង្ខំចិត្តឲ្យនាងខ្ញុំទៅច្រៀង នៅក្រៅប្រទេសដើម្បីផ្គត់ផ្គង់ជីវភាព។ តើតុលាការចង់អូសបន្លាយពេលរហូតទាល់តែ រឿងមួយនេះស្ងាត់ច្រងំហើយយូរយូរទៅត្រូវបានគេបំភ្លេច?? ទុកឱកាសឲ្យជនខិលខូចនោះ រស់នៅជាមួយការសើចចំអកឲ្យនាងខ្ញុំ ដូចដែលពាក្យគេនិយាយថា " ទៅរកអាណាធំជាងអញបានមកធ្វើអញ " ហើយខ្លួនខ្ញុំផ្ទាល់ជាជនរងគ្រោះ និងក្រុមគ្រួសារ រស់ទាំងភ័យខ្លាច ខ្ញុំនេះដើរទៅណាមកណា ភ្នែកនៅកញ្ចឹងក ខ្លាចជនមួយនេះ និងមានបំណងធ្វើឲ្យខ្លួនខ្ញុំបាត់ពីលោកនេះ ដូចអ្វីដែលគេធ្លាប់គំរាមខ្ញុំ បើរាល់ថ្ងៃនេះគេនៅដើរសើចសប្បាយក្អាកក្អាយនៅឡើយ និងមិនអើពើចំពោះការកោះហៅផងនោះ ! សូមតុលាការអើពើនិងពាក្យអង្វរកររបស់ខ្ញុំផងចុះ » ។

គួរបញ្ជាក់ថា តារាស្រីរាងតូចច្រឡឹង កញ្ញា វ៉ាន់ នីឡា បានដាក់ពាក្យបណ្តឹងអស់រយៈពេល ៥ខែ មកហើយ ទៅលើអតីតសង្សារ លោកគុយ សទ្ធិសក្តិ ពីបទ«ហិង្សាដោយចេតនា និងចែកចាយរូបភាពអាសអាភាស»ប៉ុន្តែមិនថាយ៉ាងណា នាងនៅតែមិនទាន់ទទួលបានលទ្ធផល ឬក៏យុត្តិធម៌អ្វីនោះឡើយ ពីតុលាការ៕ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា ក្រោយពីខាងតុលាការចេញដីការកោះហៅភាគីទាំងសងខាង ដើម្បីទៅធ្វើការបំភ្លឺទាក់ទងទៅនឹងសំណុំរឿងក្តី អតីតមិត្តប្រុស របស់នាង វ៉ាន់ នីឡា លោក គុយ សទ្ធិស​ក្តិ បានបង្ហោះរូបថតអាក្រាតកាយរបស់នាងមក ក្នុងនោះគេសង្កេតឃើញថា លោក គុយ សទ្ធិសក្តិ តែងតែគេចវេសមិនព្រមចូលខ្លួន មកបំភ្លឺចំនួន ៥លើកមកហើយ ដោយលើកចុងក្រោយតុលាការ បានកោះហៅម្តងទៀតឲ្យចូលខ្លួនមកបំភ្លឺ ប៉ុន្តែភាគីខាងប្រុស មិនបានចូលខ្លួនមកបំភ្លឺតាមការបង្គាប់ របស់អង្គតុលាការឡើយ ហើយថែមទាំងសុំពន្យាពេលជួប រហូតមកដល់ថ្ងៃទី១២ ខែធ្នូ​ ថែមទៀតផង ។

ប៉ុន្តែមិនថាយ៉ាងណា លោក គុយ សទ្ធិស​ក្តិ​ នៅតែមិនអើពើ និងមិនបានចូលខ្លួនបំភ្លឺនៅតុលាការ ដូចជាពាក្យសន្យានោះទេ ហើយបើការកោះហៅលើកចុងក្រោយរបស់តុលាការនៅល្ងាចនេះ លោកនៅតែមិនព្រមចូលខ្លួនមកបំភ្លឺទៀត លោក នឹងត្រូវប្រឈមនឹងការចាប់ខ្លួនពីខាងតុលាការហើយ ។

ដោយឡែក  កញ្ញា វ៉ាន់នីឡា បានបង្ហោះសារសុំរកយុត្តិធម៌ នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាង ដោយក្នុងនោះនាងបានរៀបរាប់ថា៖

« ទៅរកអាណាធំជាងអញ ចាំមកធ្វើអញ" នេះជាសំដីរបស់កូនអ្នកមានអំណាច អាងបុណ្យសក្តិឪ មិនត្រឹមតែនិយាយចឹងទេ ថែមទាំងនិយាយថា " អញមានសិទ្ធវៃគេ តែគ្មានអាណាមានសិទ្ធវៃអញទេ " អាងឋានៈបែបនេះបានជាទង្វើ ធ្វើមកមើលស្រាលច្បាប់នឹងសមត្ថកិច្ច មិនដែលចូលខ្លួនតាំងពីនៅត្រឹមខណ្ខ័ ក្រសួងមហាផ្ទៃ រហូតដល់តុលាការ .. ខ្ញុំសូមអំពាវនាវអោយតុលាការជួយនាងខ្ញុំក្នុងនាមខ្ញុំជាជនរងគ្រោះ ឲ្យទទួលបានភាពយុត្តិធម៌ ទោះបីជានាងខ្ញុំក្រតូចទាប គ្មានទ្រព្យសម្បត្តិ និយាយតាមត្រង់រាល់ថ្ងៃនេះ មានបងប្អូនមហាជននិយាយប្រាប់ខ្ញុំជារឿយៗថា កុំសង្ឃឹមថានឹងមានភាពយុត្តិធម៌ សំរាប់ជនសាមញ្ញ គឺអ្នកមានអំណាច ខុសត្រូវអី គឺគេត្រូវតែឈ្នះ ខ្ញុំពិតជាខ្លាចត្រង់ចំនុចនេះ!» ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ នីឡា