(ភ្នំពេញ)៖ អតីតសង្សាររបស់កញ្ញា វ៉ាន់ នីឡា តារាចម្រៀងប្រចាំផលិតកម្មភ្លេងរីខត គឺលោក គុយ សិទ្ធសក្តិ ដែលជាកូនមន្រ្តីនគរបាលមានអំណាចម្នាក់ បម្រើការងារនៅអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ នឹងប្រឈមនឹងការនាំខ្លួនចូលមកតុលាការ ក្រោយមិនចូលបំភ្លឺនៅដំណាក់កាលចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ម្សិលមិញ ករណីហិង្សាដោយចេតនា និងចែកចាយរូបភាពអាសអាភាស ខណៈសាមីខ្លួន កំពុងដង្ហោយរកយុត្តិធម៌ ដល់រូបនាង ដែលជាស្ត្រីទន់ខ្សោយ និងជាជនរងគ្រោះ នៅក្នុងសំណុំរឿងអតីតសង្សារទម្លាយរូបស្រាត ។

លោក ឆែ វីរៈ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នឹងចេញដីកាបង្គាប់ឲ្យនាំខ្លួនឈ្មោះ គុយ សិទ្ធិសក្តិ នៅពេលឆាប់ៗនេះ។ ដីកាបង្គាប់ឲ្យនាំខ្លួនគឺអាចប្រើប្រាស់កងកម្លាំងសាធារណៈ។

សូមជំរាបថា លោក ឆែ វីរៈ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានកោះហៅជនត្រូវចោទឈ្មោះ គុយ សិទ្ធិសក្តិ អាយុ២៦ឆ្នាំ ជាមន្ត្រីប៉ូលិសពាក់ស័ក្ដិ៤កន្លះ បម្រើការងារនៅអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ ដែលគេស្គាល់ថា ជាកូនប្រុសរបស់លោក គុយ ប៊ុនសន អតីតអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ ឲ្យចូលបំភ្លឺនៅវេលាម៉ោង២៖៣០នាទី រសៀលថ្ងៃទី១២ ខែធ្នូកាលពីម្សិលមិញ ប៉ុន្តែលោក គុយ សិទ្ធិសក្តិ មិនបានចូលខ្លួននោះទេ។

សូមបញ្ជាក់ថា ជនត្រូវចោទ គុយ សិទ្ធិសក្តិ ជាប់ចោទពីបទ «ហិង្សាដោយចេតនានិងចែកចាយរូបភាពអាសអាភាស» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៦ តាមមាត្រា២១៧នៃក្រមព្រហ្មទណ្ឌ និង មាត្រា៣៨ និងមាត្រា៣៩ ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។

ជាថ្មីម្ដងទៀត សម្រាប់តារាចម្រៀងស្រីវ័យក្មេង នាង វ៉ាន់ នីឡា បានលើកដៃសំពះទទូចដល់តុលាការ ក្រុងភ្នំពេញ ដើម្បីជួយរកយុត្តិធម៌ ដល់រូបនាង ដែលជាស្ត្រីទន់ខ្សោយ និងជាជនរងគ្រោះ នៅក្នុងសំណុំរឿងអតីតសង្សារទម្លាយរូបស្រាត ខណៈដែលបុគ្គលរូបនេះ នៅតែបន្តគេចវេស មិនព្រមចូលខ្លួនមកដោះស្រាយ តាមដីការកោះហៅរបស់តុលាការ ចំនួន៣លើក រួចមកហើយ។

កញ្ញា វ៉ាន់ នីឡា បានបង្ហាញអារម្មណ៍ផ្ទាល់ខ្លួន តាមរយៈ Facebook របស់ខ្លួនពីចម្ងាយមកថា នាងកំពុងតែទន្ទឹងរងចាំ ថ្ងៃដែលមានយុត្តិធម៌ ចំពោះនាងយូរមកហើយ ព្រោះតែជនល្មើសនៅតែបន្តមានសេរីភាព ពុំបានទទួលទោសតាមអ្វីដែលខ្លួនបានប្រព្រឹត្តិ ហើយនាងសុំអង្វរដល់តុលាការ មេត្តាមានវិធានការក្ដៅបន្ថែមជាងនេះ ដើម្បីនាំខ្លួន លោក គុយ សិទ្ធិសក្តិ ដែលជាកូនអ្នកមានអំណាច អាងខ្នងឪពុក យកមកផ្ទន្ទាទោសតាមច្បាប់ឲ្យខាងតែបាន៕

ប្រភព៖ Khmertalking

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  ក្រោយពីខាងតុលាការចេញដីការកោះហៅភាគីទាំងសងខាង ដើម្បីទៅធ្វើការបំភ្លឺទាក់ទងទៅនឹងសំណុំរឿងក្តី អតីតមិត្តប្រុស របស់នាង វ៉ាន់ នីឡា លោក គុយ សទ្ធិស​ក្តិ បានបង្ហោះរូបថតអាក្រាតកាយរបស់នាងមក ក្នុងនោះគេសង្កេតឃើញថា លោក គុយ សទ្ធិសក្តិ តែងតែគេចវេសមិនព្រមចូលខ្លួន មកបំភ្លឺចំនួន ៥លើកមកហើយ ដោយលើកចុងក្រោយតុលាការ បានកោះហៅម្តងទៀតឲ្យចូលខ្លួនមកបំភ្លឺនៅថ្ងៃទី ១៧ ខែវិច្ឆិកា ប៉ុន្តែភាគីខាងប្រុស មិនបានចូលខ្លួនមកបំភ្លឺតាមការបង្គាប់ របស់អង្គតុលាការឡើយ ហើយថែមទាំងសុំពន្យាពេលជួប រហូតមកដល់ថ្ងៃទី១២ ខែធ្នូនេះថែមទៀតផង ។

ប៉ុន្តែមិនថាយ៉ាងណា មកទល់រសៀលថ្ងៃទី១២ ខែធ្នូ ម្សិលមិញនេះ លោក គុយ សទ្ធិស​ក្តិ​ នៅតែមិនអើពើ និងមិនបានចូលខ្លួនបំភ្លឺនៅតុលាការ ដូចជាពាក្យសន្យានោះទេ ហើយបើការកោះហៅលើកចុងក្រោយរបស់តុលាការនៅល្ងាចនេះ លោកនៅតែមិនព្រមចូលខ្លួនមកបំភ្លឺទៀត លោក នឹងត្រូវប្រឈមនឹងការចាប់ខ្លួនពីខាងតុលាការហើយ ។

ដោយឡែក កាលពីថ្មីៗនេះ កញ្ញា វ៉ាន់នីឡា បានបង្ហោះសារសុំរកយុត្តិធម៌ នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាង ដោយក្នុងនោះនាងបានរៀបរាប់ថា៖

« ទៅរកអាណាធំជាងអញ ចាំមកធ្វើអញ" នេះជាសំដីរបស់កូនអ្នកមានអំណាច អាងបុណ្យសក្តិឪ មិនត្រឹមតែនិយាយចឹងទេ ថែមទាំងនិយាយថា " អញមានសិទ្ធវៃគេ តែគ្មានអាណាមានសិទ្ធវៃអញទេ " អាងឋានៈបែបនេះបានជាទង្វើ ធ្វើមកមើលស្រាលច្បាប់នឹងសមត្ថកិច្ច មិនដែលចូលខ្លួនតាំងពីនៅត្រឹមខណ្ខ័ ក្រសួងមហាផ្ទៃ រហូតដល់តុលាការ .. ខ្ញុំសូមអំពាវនាវអោយតុលាការជួយនាងខ្ញុំក្នុងនាមខ្ញុំជាជនរងគ្រោះ ឲ្យទទួលបានភាពយុត្តិធម៌ ទោះបីជានាងខ្ញុំក្រតូចទាប គ្មានទ្រព្យសម្បត្តិ និយាយតាមត្រង់រាល់ថ្ងៃនេះ មានបងប្អូនមហាជននិយាយប្រាប់ខ្ញុំជារឿយៗថា កុំសង្ឃឹមថានឹងមានភាពយុត្តិធម៌ សំរាប់ជនសាមញ្ញ គឺអ្នកមានអំណាច ខុសត្រូវអី គឺគេត្រូវតែឈ្នះ ខ្ញុំពិតជាខ្លាចត្រង់ចំនុចនេះ!» ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ នីឡា