(តាកែវ)៖ កាលពីពេលថ្មីៗកន្លងទៅនេះ មានការចែកចាយពេញបណ្ដាញ សង្គមហ្វេសប៊ុក ពាក់ព័ន្ធទៅនឹង វត្តពុទ្ធគិរីវង្ស ស្ថិតនៅខេត្តតាកែវ ដែលបានកសាង ព្រះពុទ្ធបដិមា ជាច្រើនម៉ឺនអង្គលើភ្នំ ជាពិសេសនោះគឺកំពុងទទួលបានការចាប់អារម្មណ៍ និងបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យទៅទស្សនា និងគោរពបូជាយ៉ាងច្រើន ស្រាប់តែពេលនេះបានប្រែក្លាយទៅជា ទីកន្លែងពោរពេញទៅដោយ សំរាមកកកុញ នៅកន្លែងទីសក្ការៈបូជា និងកំពុងតែទទួលរងនូវការរិះគន់ ពីសំណាក់មហាជន យ៉ាងច្រើនផងដែរ។

យ៉ាងណាមិញ ខណៈបានឃើញ នូវការបំពុលបរិស្ថាន ដោយការចោលសំរាមគ្មានសណ្ដាប់ធ្លាប់បែបនេះ ធ្វើឲ្យតារាពហុជំនាញអ្នកនាង ខាត់ សុឃីម បានសម្តែងការរិះគន់ និងព្រលះចំៗ ដល់ប្រជាជនខ្មែរមួយចំនួន ដែលបានបោះចោលសំរាម ផ្ដេសផ្ដាស គ្មានរបៀបទាំងអស់នេះ។

ដោយយោងតាមគណនីហ្វេសប៊ុក របស់តារាពហុជំនាញ អ្នកនាង ខាត់ សុឃីម បានសរសេរសារ យ៉ាងដូច្នេះថា «ទៅណាមកណា បរទេសគេចំណាំខ្មែរត្រង់ថា ពេលអង្គុយហើយក្រោកឈរ បោសគូថខោ ហ្នឹងខ្មែរហើយ តែឥឡូវគេអាចចំណាំមួយទៀតបាន គឺទៅដើរនៅទីណាចោលសំរាម តែផ្តេសតែផ្តាស គ្មានរបៀបរៀបរយចឹង ដូចមានក្នុងរូប។ ទូរទស្សន៍ ក៏ចាក់ផ្សាយពីបញ្ហារឿងចោលសម្រាមនេះ ដូចបានសំណូម ហើយ Facebook ចុះយ៉ាងច្រើនហូរហែ ពីទិដ្ឋភាពមិនគួរកើតមាននេះ តែខ្មែរមួយចំនួន ដែលបានចោលសំរាមនេះ មិនព្រមយកភ្នែកមើលទេ ហើយគេនិយាយប្រាប់ស្រួល មិនស្រួលខឹងគេទៀត ។ ហ៊ឺម….!»

ការរិះគន់បែបនេះ ពីតារាស្រីពហុជំនាញ ល្បីឈ្មោះ អ្នកនាង ខាត់ សុឃីម គឺក្រោយពេលដែលនាងបានឃើញ នូវទិដ្ឋដ៏គ្មានសណ្ដាប់ធ្នាប់ គ្មានរបៀបរៀបរយ ពីសំណាក់ ប្រជាជនខ្មែរមួយចំនួនតូច ដែលបានធ្វើឲ្យកន្លែងកំសាន្ត និងជាទីសក្ដារៈបូជា កំពុងទាក់ទាញ ភ្ញៀវទេសចរ ឲ្យចូលទៅទស្សនា ក៏ដូចជាដើរកំសាន្ត ពោរពេញ ទៅដោយសំរាមកកកុញ ព្រោះតែការមិនយកចិត្តទុកដាក់ ក្នុងការសម្អាត អនាម័យ-បរិស្ថាន និងនាំឲ្យភ្នែកអ្នកទេសចរឯទៀត មើលមកមិនសមរម្យទាល់តែសោះ៕

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាត់ សុឃីម