រាជធានីភ្នំពេញ ៖ ពិធីការិនី៣នាក់បានប្រកាសថា នឹងបង្ហាញខ្លួនក្នុងពិធីជប់លៀងគម្រប់២ឆ្នាំរបស់«គ្រួសារតារាកម្ពុជា»នៅថ្ងៃទី៩ កក្កដា ២០១៨ ដោយក្នុងពិធីនោះមានការប្រគល់មេដាយកិត្តិយសជូនតារា និងប្រកួតឈុតបុរាណខ្មែរ ។
អ្នកនាងគង់ សុជាតិ អ្នកនាងយុគ ចិន្តា និងកញ្ញាឌួង ហ្សូរីដា នៅមិនទាន់ដឹងថា នឹងរំលេចឈុតបុរាណបង្អួតគ្នាបែបណានៅឡើយទេ ប៉ុន្តែអ្វីដែលគេបានដឹងគឺពួកនាងនឹងជួបគ្នាលើវេទិកាតែមួយ ។ អ្នកនាង យុគ ចិន្តា និយាយថា អ្នកនាងមិនទាន់ច្បាស់នឹងមានឈុតបុរាណចូលរួមបង្អួតសម្រស់ ឬយ៉ាងណានៅឡើយទេ ប៉ុន្តែនាងនឹងចូលរួមដើម្បីផ្ដល់កិត្តិយសឡើងបំពាក់មេដាយកិត្តិយសជូនសិល្បករសិល្បការិនីដែលមានស្នាដៃក្នុងសង្គម ក្រោមវត្តមានថ្នាក់ដឹកនាំធំៗ និងត្រៀមខ្លួនបំពេញតួនាទីមួយចំនួនដែលនាងអាចជួយកម្មវិធីបាន ។
នាងមិនខកខាននៅក្នុងកម្មវិធីទ្រង់ទ្រាយធំនោះទេ ដោយសារតែនាងក៏ចង់ដឹងថាតើតារាដែលគ្រងឈុតបុរាណចម្រុះគ្នាអ្នកណាជាអ្នកលើកពាន ហើយអ្នកទទួលមេដាយមាសពីគ្រួសារតារាកម្ពុជាតើតារាណាខ្លះ ។ នាងផ្ទាល់ក៏ត្រូវទៅយកមេដាយកិត្តិយសមួយពីកម្មវិធីនោះផងដែរ ដោយសារតែនាងធ្លាប់បានបង្ហាញខ្លួនក្នុងសកម្មភាពសប្បុរសធម៌របស់គ្រួសារតារាកម្ពុជា គ្រប់ការអញ្ជើញ ។
អ្នកនាងគង់ សុជាតិ ដ្បិតតែនាពេលកន្លងមក មិនត្រូវបានទទួលការអញ្ជើញពីគ្រួសារតារាកម្ពុជាសម្រាប់សកម្មភាពសប្បុរសធម៌ តែនាងប្រកាសថាបានដឹងពីការងាររបស់ក្រុមនេះនាពេលកន្លងមក ។ នាងនឹងចូលរួមក្នុងកម្មវិធីនោះ ដើម្បីឡើងប្រគល់ពាន និងមេដាយកិត្តិយសជូនតារាជំនាន់ក្រោយ ។ សម្រាប់ការតែងខ្លួនជាសម្លៀកបំពាក់បុរាណដើម្បីប្រកួតប្រជែង នាងថាមិនទាន់ដឹងទេ ។
អ្នកនាងគង់ សុជាតិ ប្រកាសថានឹងបណ្ដើរលោកជា វិបុល ជាស្វាមីទៅចូលរួមកម្មវិធីនោះ ប្រសិនបើលោកទំនេរពីការងារ ។
កញ្ញាឌួង ហ្សូរីដា ដែលជា រឿយៗ បានបង្ហាញខ្លួនតាមការអញ្ជើញរបស់គ្រួសារតារាកម្ពុជាសន្យានឹងបង្ហាញខ្លួននៅក្នុងកម្មវិធីនោះដែរមិនអាចខកខាន ដោយកញ្ញានឹងគ្រងមួយឈុតបែបបុរាណឲ្យប្លែកភ្នែកអ្នកចូលរួម។ ទោះជាយ៉ាងណាក្តីមិនមែនដើម្បីចូលរួមប្រកួតប្រជែងឈុតបុរាណដើម្បីឈ្នះពានរង្វាន់នៅក្នុងពិធីនោះទេ គឺគ្រាន់តែចង់ចូលរួមលើកកម្ពស់សម្លៀកបំពាក់បុរាណឲ្យកាន់តែមានតម្លៃប៉ុណ្ណោះ ។
ព្រឹត្តិការណ៍ប្រគល់មេដាយកិត្តិយស និងការប្រកួតឈុតបុរាណក្នុងពិធីជប់លៀងគម្រប់២ឆ្នាំរបស់គ្រួសារតារាកម្ពុជា ក្រៅពីតារា ល្បីៗ និងផលិតករ ល្បីៗ ក៏មានការប្រកាសចូលរួមជាកិត្តិយសដោយមន្ត្រីជាន់ខ្ពស់របស់ស្ថាប័នធំ៣ គឺក្រសួងវប្បធម៌ ក្រសួងព័ត៌មាន និងអាជ្ញាធរអប្សរា ៕
ប្រភព៖ kohsantepheapdaily
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]