(ភ្នំពេញ)៖ ស្របពេលដែលវិស័យសិល្បៈ នៅប្រទេសកម្ពុជាកាន់តែមានការរីកចម្រើន គ្រប់ផលិតកម្មទាំងអស់ ទាំងសិល្បករ-សិល្បការនី បានងាកមកចាប់អារម្មណ៍ផលិត និង និពន្ធបទចម្រៀងដែលជាស្នាដៃ និពន្ធដោយខ្លួនឯង កាត់បន្ថយការចម្លងសាច់ភ្លេង និងទំនុកច្រៀងពីបរទេស ពោលគឺខិតខំរិះរកស្នាដៃថ្មីៗ ជាស្នាដៃរបស់កូនខ្មែរ ដើម្បីចែកជូនប្រិយមិត្ត ក៏ដូចជាអ្នកគាំទ្រឲ្យពេញចិត្ត និងចាប់អារម្មណ៍មកគាំទ្រស្នាដៃ របស់កូនខ្មែរផងដែរ។

តាមរយៈសន្ទុះនៃការគាំទ្រ វិស័យចម្រៀងនៅប្រទេសកម្ពុជា ពីសំណាក់មហាជនខ្មែរ គេសង្កេតឃើញថា មហាជនគ្រប់ស្រទាប់វ័យ ជាពិសេសមិត្តយុវវ័យតែម្ដង មានការគាំទ្រយ៉ាងពេញទំហឹង ទៅលើវិស័យចម្រៀងហៅថា ចម្រៀងមិនចម្លងពីបរទេស (Original Song) ជាការកត់សម្កាល់ មួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញថា គ្រប់ពេលដែលតារាច្រៀងបញ្ចេញបទចម្រៀង ផលិតឡើងដោយខ្លួនឯង ហាក់បីដូចជា មានសន្ទុះនៃការគាំទ្រច្រើនលើលលុប ពីសំណាក់មិត្តយុវវ័យនាពេលបច្ចុប្បន្ន។

១, កញ្ញា រុន ស៊ីរ៉ា

តារាចម្រៀងពូកែបញ្ចូលមនោសញ្ចេតនា បានយ៉ាងល្អ ធ្វើឲ្យប្រិយមិត្តអ្នកស្ដាប់អណ្ដែងអណ្ដូង ទៅតាមបទចម្រៀងបែបមនោសញ្ចេតនា របស់នាង គឺតារាចម្រៀងស្រីវ័យ ២០ឆ្នាំ កញ្ញា រុន ស៊ីរ៉ា។ នាងមិនត្រឹមតែមានសមត្ថភាព អាចនិពន្ធបទចម្រៀងត្រូវចិត្តយុវវ័យនោះទេ ថែមទាំងអាចលេងឧបករណ៍តន្រ្ដី ហ្គីតា បានយ៉ាងល្អ ទៀតផង។ គ្រប់ពេលមានកម្មវិធីការប្រគំតន្រ្ដីសប្បុរសធម៌ នាងតែងតែត្រូវបានអញ្ជើញ ឲ្យចូលរួមជាភ្ញៀវកិត្តិយស ព្រមទាំង កាន់ឧបករណ៍តន្រ្ដីបណ្ដើរច្រៀងបណ្ដើរ ទៀតផង។ បទដែលមានទស្សនិកជនគាំទ្រច្រើន ព្រមទាំងជាបទចម្រៀងដែលបានផ្សព្វផ្សាយ នៅលើបណ្ដាញយូធូប និង បណ្ដាញហ្វេសប៊ុក ទទួលបានការគាំទ្រយ៉ាងច្រើន លើសលប់ពីសំណាក់ទស្សនិកជនយុវវ័យ មានដូចជា «ច្រណែនគេ ដែលមិនមែនជាខ្ញុំ» ជាដើម។

រុន ស៊ីរ៉ា

២, កញ្ញា ចិត្ត កញ្ចនា

ជាតារាចម្រៀងស្រី ត្រូវបានគេចាត់ទុកថា មានកេរិ៍តបោះសំឡេង តាមរយៈការច្រៀងចម្រៀង និងនិពន្ធបទចម្រៀងបានដោយខ្លួនឯង បទដំបូងរបស់នាង ដែលត្រូវបានមហាជនមានការពេញ និងចែកចាយពេញបណ្ដាញហ្វេសប៊ុក មានចំណងជើងថា «ស្នាមញញឹម», «ឈឺ», « ស្រឡាញ់បងទាល់តែបេះដូងលែងដើរ» និង បទ «ភ្លេចខ្លួន» ជាដើម។ នាងក៏អាចលេងឧបករណ៍តន្ដ្រីបាន ដោយខ្លួនឯងផងដែរ។

ចិត្ត កញ្ចនា

៣, លោក ថេណា

តារាចម្រៀងវ័យក្មេងរូបសង្ហា មានទេសកោសល្យនិពន្ធបទចម្រៀង បែបមនោសញ្ចេតនា ចាក់ដោតអារម្មណ៍ដល់មិត្តយុវវ័យ ដែលលួចស្រឡាញ់គេម្នាក់ឯង មានដូចជា «កង់សាគួរ» «ខុសជំនាន់»,«First Lady» និង «លួចស្នេហ៍ដួងច័ន្ទ» ដែលជាបទលំនាំបទដើម យកមកកែទំនុកភ្លេងឡើងវិញម្ដងទៀត។ គ្រប់ពេលទំនេរ លោកចូលចិត្តនិពន្ធសាច់ភ្លេង និង ទំនុកច្រៀង បន្ទាប់ពីនិពន្ធបទចម្រៀងរំលេចជារូបរាង រួចលោកក៏មានអ្នកជួយសម្របសម្រួលជាច្រើន ដើម្បីជួយសម្របសម្រួល ជួយមើលចន្លោះខ្វះខាត នៃបទចម្រៀងបន្ថែម ដើម្បីឲ្យកាន់តែមានភាពល្អ បន្ថែមទៀត។

លោក ថេណា

៤, លោក ម៉ា ច័ន្ទបញ្ញា

គ្រាន់តែឮឈ្មោះតារាចម្រៀងរូបសង្ហា កូនកាត់ចិនរូបនេះ គេនឹងឃើញភ្លាមទៅដល់បទចម្រៀងមួយបទ ដែលជាស្នាដៃនិពន្ធឡើង ដោយខ្លួនលោក ព្រមទាំងទទួលបានការគាំទ្រយ៉ាង ពេញទំហឹងពីសំណាក់អ្នកអត់គូ គឺបទ «Forever Alone» ដោយសារតែបទចម្រៀងមួយនេះ ចាក់ដោតអារម្មណ៍ទៅដល់អ្នកអត់គូទាំងអស់។ ប៉ុន្តែគួរឲ្យស្ដាយម្ចាស់ចម្រៀងរូបនេះ មិនបាននៅកំដរអ្នកអត់គូតទៀតនោះទេ ព្រោះហេតុថា លោកមានគូកំណាន់ចិត្តដ៏ស្រស់ស្អាតម្នាក់រួចទៅហើយ ដែលធ្វើឲ្យនារីៗមួយចំនួន មានការខកចិត្តនឹងរូបលោក ផងដែរ។

លោក ម៉ា ច័ន្ទបញ្ញា

៥, ក្រុមចម្រៀងក្មេងខ្មែរ

បើនិយាយដល់ឈ្មោះក្រុមតារាចម្រៀងក្មេងខ្មែរ ទស្សនិកជន ប្រាកដជានឹកទៅដល់តារាចម្រៀងទឹកមុខញញឹម មានមន្ដស្នេហ៍ លោក ជា សុជាតិ និង តារាចម្រៀងពូកែរ៉េប លោក កៅ ពន្លឺ ត្រូវបានមហាជន មានការកោតសរសើរ និងគាំទ្រ បន្ទាប់ពីអ្នកទាំងពីរ បញ្ចេញចម្រៀងមួយបទ មានចំណងជើងថា «បុណ្យភូមិ»។ អ្វីដែលជាភាពលេចធ្លោទៀតនោះ គឺ បទ «Love Alone» ក៏មានសន្ទុះនៃការគាំទ្រច្រើន ពីមិត្តយុវវ័យផងដែរ។

ក្រុមចម្រៀងក្មេងខ្មែរ

៦ លោក ម៉ម ពេជ្ជរិទ្ធ

តារាចម្រៀងសំនៀងស្រទន់ ពោរពេញទៅដោយភាសាលួងលោក ផ្អែមល្ហែម តាមរយៈបទ «ចង់ក្បែរ» ដែលទទួលបានការគាំទ្រ យ៉ាងច្រើនមហិមា ពីសំណាក់មហាជននៅក្នុងបណ្ដាញហ្វេសប៊ុក និង យូធូប លោកជាតារាចម្រៀងម្នាក់ស្ថិត នៅក្រុម SmallWorldSmallband។ បទ«ចង់ក្បែរ» ជាស្នាដៃផលិតទំនុកច្រៀង និង បទភ្លេងផ្ទាល់ដោយ តារាចម្រៀងវ័យក្មេងលោក ម៉ម ពេជ្ជរិទ្ធ ដែលត្រូវបានគេដឹងថា លោក ទើបតែប្រឡងបញ្ចប់សញ្ញាប័ត្រទុតិយភូមិ កាលពីកន្លងទៅ ប៉ុន្តែគួរឲ្យសោកស្ដាយ លោកទទួលបានលទ្ធផលមិនល្អ ចំពោះលទ្ធផលសិក្សា ដោយសារលោកមិនមានពេលគ្រប់គ្រាន់ ដើម្បីសិក្សារៀនសូត្រ តាមពេលវេលា។ ព្រោះតែមានស្រឡាញ់លើវិស័យសិល្បៈ និងមានជំនាញនិពន្ធទំនុកច្រៀងបានដោយខ្លួនឯង បានជំរុញឲ្យតារាចម្រៀងវ័យក្មេងរូបនេះ ទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ នៅក្នុងវិស័យចម្រៀងមិនចម្លងបទពីបរទេស ឬអាចនិយាយបានថា តារាចម្រៀង Original Song៕

លោក ម៉ម ពេជ្ជរិទ្ធ

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ា ច័ន្ទបញ្ញា