(ភ្នំពេញ)៖ រូបថតមួយសន្លឹក ដែលបានបង្ហាញវត្តមានតារាចម្រៀងល្បីៗ លំដាប់ Super Star ដូចជា កញ្ញា ឱក សុគន្ធកញ្ញា, លោក ឆន សុវណ្ណរាជ, លោក ណុប បាយ៉ារិទ្ធ, កញ្ញា សុគន្ធ និសា, លោក នី រតនា និង កញ្ញា រ៉េត ហ្សូសាណា ដែលអ្នកមិនបានចាប់អារម្មណ៍ គ្រាន់តែដឹងថា មង្គលការមានតារាចម្រៀងល្បីៗចូលរួម ខណៈដែលអ្នកចូលរួម ក៏ដូចជាមហាជនទូទៅ ពេលបានដឹងពីតម្លៃខ្លួនរបស់ពួកគេ ពិតជាភ្ញាក់ផ្អើលខ្លាំង ព្រោះម្ចាស់កម្មវិធីត្រូវចំណាយ ទឹកប្រាក់ជិត១ម៉ឺនដុល្លារ ដើម្បីអញ្ជើញតារាល្បីទាំងនោះ មកចូលរួមកម្មវិធីរបស់ខ្លួន។

១-តារាចម្រៀង ឱក សុគន្ធកញ្ញា ត្រូវបានគេដឹងថា នាងមានតំលៃខ្លួន ក្នុងការច្រៀងតាមបណ្ដា ខនសឺតតូចធំ ចន្លោះពី ២៨០០ ទៅ៣០០០ដុល្លារ ក្នុងមួយយប់ ចំណែកឯរោងការវិញ នាងក៏យកថ្លៃមិនសូវខុសពីនេះដែរ។ តែ ឱក សុគន្ធកញ្ញា ពេលបង្ហាញខ្លួន នាងក៏បានតុបតែងខ្លួនសមតាមតំលៃ ជាកំពូលតារាចម្រៀងល្បី ដែលរ៉ូបនាងស្លៀកមួយៗ តំលៃរាប់រយដុល្លារ តាមហ្នឹងដែរ។

២-លោក ឆន សុវណ្ណរាជ តារាចម្រៀងប្រុសសំណព្វចិត្តរបស់ហង្សមាស បើទោះបីពេលនេះ មិនសូវមានបទចម្រៀងផ្ទុះខ្លាំង ក៏លោកនៅតែឈរលំដាប់មុខដដែល ហើយតំលៃខ្លួនលោក ចាប់ពី ១២០០ទៅ១៦០០ដុល្លារ ទៅតាមកម្មវិធីផ្សេងៗផងដែរ។

៣-កញ្ញា សុគន្ធ និសា តារាចម្រៀងដ៏ស្រគត់ស្រគំ ទឹកដមសំលេងផ្អែមពីរោះ តុបតែងខ្លួនសុភាពរាបសាររូបនេះ បានឡើងតំលៃខ្លួនវិញ បន្ទាប់ពីត្រឡប់ចូលផលិតកម្មចាស់ ពោលពី១៥០០ដល់ ១៨០០ដុល្លា ក្នុងមួយយប់។

៤-លោក ណុប បាយ៉ារិទ្ធ បើទោះបីលោកមិនសូវមានបទចម្រៀង ចេញញឹកញាប់ដូចគេ លោកនៅតែជាតារាចម្រៀង មានប្រជាប្រិយភាពខ្លាំង ហើយតំលៃខ្លួននៅតែខ្ទង់ពាន់ដុល្លាឡើងដដែល គឺ១២០០ដុល្លារឡើងទៅ។

៥-លោក នី រតនា ម្ចាស់ពាន់កម្មវិធី «ខេមបូឌា អាយដល» រដូវកាលទី១ បើគិតទៅទើបប្រឡូកសិល្បៈ មិនទាន់បានពីរឆ្នាំស្រួលបួលផង តែតំលៃខ្លួនលោកជិត១០០០ដុល្លារដែរ ហើយលោកកំណត់បទចម្រៀង តែ៦បទប៉ុណ្ណោះ។

៦-កញ្ញា រ៉េត ហ្សូសាណា តារាចម្រៀងបែបបរទេសនេះវិញ ក៏មានតំលៃខ្លួនមិនធម្មតាដែរ ព្រោះនាងក៏ស៊ីជិត១០០០ដុល្លារដែរក្នុងមួយយប់។

នេះបញ្ជាក់ថា កម្មវិធីដែលមានតារាចម្រៀងទាំង៦ដួងនេះ ម្ចាស់កម្មវិធីត្រូវចំណាយជិត១ម៉ឺនដុល្លារ ដើម្បីបានពួកគេចូលរួមច្រៀង ក្នុងកម្មវិធីរបស់ខ្លួន ខណៈដែលតារាចម្រៀងទាំងនោះ ភាគច្រើនច្រៀងតែ៦បទប៉ុណ្ណោះ ប៉ុន្តែម្ចាស់កម្មវិធី នៅតែពេញចិត្ត ព្រោះជាតារាមានប្រជាប្រិយភាព មានការគាំទ្រខ្លាំងពីមហាជន៕

ប្រភព៖ Khmertalking

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ មិនធម្មតា! កូនស្រី គង់ សុជាតិ ត្រៀម​​ថត​​ស្បត​​ឲ្យ​ផ​លិត​​ផល ថែរ​ក្សារ​ស្បែក របស់​​បារាំង និង​សិង្ហ​បុរី ខណៈតម្លៃខ្លួនខ្ពស់កប់ពពក

(ភ្នំពេញ)៖ ពិតជាមិនធម្មតាមែន កូនស្រីរបស់ពិធីការិនីល្បីឈ្មោះ អ្នកនាង គង់ សុជាតិ និងលោក ជា វិបុល ដែលមានឈ្មោះ ជា សុជាតិនារី (ហៅដូរី) ត្រូវបានបង្ហើបឲ្យដឹងថា នៅក្នុងពេលឆាប់ៗខាងមុខនេះ នឹងត្រៀមថតស្បតផលិតផល ថែរក្សារស្បែក របស់បារាំង និងសិង្ហបុរី ជាក្រុមហ៊ុនលក់របរប្រើប្រាស់ សម្រាប់កូនក្មេង។ ដំណឹងនេះធ្វើឲ្យឪពុកម្ដាយរបស់ក្មេង ជា សុជាតិនារី រំភើបចិត្តអរស្ទើរហោះ។

ក្រុមហ៊ុនថតស្បតឲ្យផលិតផល ថែរក្សារស្បែក របស់បារាំង និងសិង្ហបុរី បានធ្វើការទំនាក់ទំនង មកកាន់ពិធីការិនី គង់ សុជាតិ ដើម្បីបានកូនស្រីដ៏ស្រស់ស្អាតរបស់នាង ថតពាណិជ្ជកម្ម ប៉ុន្តែដោយសារកូនស្រី របស់អ្នកនាង គង់ សុជាតិ មានអាយុតិចពេក ពិបាកក្នុងការធ្វើដំណើរឆ្លងប្រទេស ទើបពិធីការិនីរូបនេះ បានស្នើទៅ ក្រុមហ៊ុនទាំង២ខាងលើ សុំឲ្យកូនស្រី បានថតស្បតនេះនៅកម្ពុជាវិញ។ សម្រាប់ក្រុមហ៊ុន នៅប្រទេសបារាំង បានយល់ព្រមតាមការស្នើសុំរបស់អ្នកនាង គង់ សុជាតិ។ តែដោយឡែក សម្រាប់ម្ចាស់ក្រុមហ៊ុន នៅប្រទេសសិង្ហបុរី មិនយល់ព្រមតាមការស្នើសុំទេ ទើបអ្នកនាង សម្រេចថា នឹងសុំឲ្យកូនស្រី មានអាយុ និងចាស់ខែជាងនេះសិន។

គង់ សុជាតិ បានថ្លែងប្រាប់បន្តទៀតថា តាមពិតទៅ ស្បតពាណ្ជិជកម្មនេះ តម្រូវឲ្យថតជាគ្រួសារ មានរូបអ្នកនាង គង់ សុជាតិ លោក ជា វិបុល និងកូនស្រី ជា សុជាតិនារី តែម្ចាស់ក្រុមហ៊ុន ត្រូវការយកកូនស្រីរបស់អ្នកនាង ដើរជាតួឯក ក្នុងការថតនេះ។

ឆ្លើយនឹងសំណួរបស់អ្នកកាសែត ជុំវិញតម្លៃខ្លួនថតស្បតរបស់ កូនស្រីដ៏ស្រស់ស្អាតនេះ អ្នកនាង គង់ សុជាតិ មិនបានប្រាប់ឲ្យដឹងនោះទេ គ្រាន់តែបង្ហើបឲ្យដឹងថា តម្លៃខ្លួនថ្លៃកប់ពពក ពោលគឺមិនចាញ់តារាអាជីពល្បីៗ នោះទេ។

ពិធីការិនីចាស់វស្សា តែសម្រស់នៅតែស្រស់ស្អាតរូបនេះ បានបញ្ជាក់ថា ការថតស្បតផលិតផល ថែរក្សារស្បែក របស់បារាំង និងសិង្ហបុរី ជាក្រុមហ៊ុនលក់របរប្រើប្រាស់ សម្រាប់កូនក្មេង ដោយយកគ្រួសារ និងកូនស្រី អ្នកនាងថតជាតំណាងនោះ គឺកុងត្រា រយៈពេល១ឆ្នាំ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា