ភ្នំពេញ៖ កាលពីម្សិលមិញនេះ តារាចម្រៀងស្រី កញ្ញា លី អ៊ីវ៉ាធីណា បានរៀបចំធ្វើពិធីខួបកំណើតគម្រប់ខួប៣២ឆ្នាំរបស់ខ្លួន ដែលធ្វើជាលក្ខណៈបែបសាមញ្ញ ពោលគឺមានការចូលរួមតែមិត្តជិតដិតតែប៉ុណ្ណោះ ដោយក្នុងនោះ យើងក៏ឃើញមានវត្តមានដូចជា លោក ករុណា ពេជ្រ កញ្ញា អេននី ហ្សាម និងលោក សុគន្ធ ថេរ៉ាយុ ក៏បានចូលរួមកម្មវិធីខួបកំណើតរបស់នាងផងដែរ។

លើសពីនេះ កញ្ញា លី អ៊ីវ៉ាធីណា ក៏ទទួលបានកាដូពីមិត្តភក្តិ និងសារជូនពរថ្ងៃកំណើតយ៉ាងច្រើន ពីសំណាក់មិត្តរួមអាជីព ផលិតករ ក៏ដូចជាអ្នកគាំទ្រជាច្រើន នៅលើគណនីហ្វេសប៊ុករបស់នាងផងដែរ។

ជាពិសេសគេសង្កេតឃើញថា អ្នកចូលរួមទាំងអស់ ស្លៀកសុទ្ធតែឈុតពណ៌ក្រហមឆើតតែម្តង ដែលមើលទៅ ពិតជាស្រស់ស្អាត និងទាក់ទាញម្យ៉ាងផងដែរ៕

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងមួយទៀត កាលពីម្សិលមិញនេះផងដែរ តារាសម្ដែង និងចម្រៀងចាស់វស្សាកញ្ញា ញឹម ច័ន្ទថន បានប្រារព្ធកម្មវិធីខួបកំណើត ឈានចូលវ័យ៣៦ឆ្នាំ ដ៏អធិកអធមមួយ នាយប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧នេះ ដោយមានភ្ញៀវជាអ្នកសិល្បៈ មិត្តភក្តិជិតស្និទ្ធ និងក្រុមគ្រួសារសាច់ញាតិ ចូលរួមយ៉ាងច្រើនកុះករ។ ប៉ុន្តែអ្វីដែលអ្នកចូលរួមចាប់អារម្មណ៍ ក្នុងពិធីខួប ញឹម ច័ន្ទថន ល្ងាចមិញនេះ គឺនាងបានបង្ហាញប្រយោគខ្លីៗ ក៏ដូចជាសារមួយចំនួន ឲ្យភ្ញៀវកិត្តិយសបានដឹង ដែលសុទ្ធសឹងតែជាពាក្យពេចន៍ឌឺដង ដាស់តឿន ក្រើនរំឭកដល់មិត្តភក្តិ ក្នុងពេលផឹកស៊ី ពេលស្រវឹង និងពេលជំពាក់លុយគ្នាជាដើម។

ចំណុចពិសេសក្នុងរាត្រីខួបកំណើត របស់តារាសម្ដែង ញឹម ច័ន្ទថន គឺនៅត្រង់ថា ពេលភ្ញៀវកិត្តិយសមកដល់ ត្រូវបានកាន់ផ្ទាំង ដែលមានអក្សរទាំងនេះ ដើម្បីថតរូប ដោយអ្នកខ្លះផ្ទុះសំណើច អ្នកខ្លះហាក់ធ្លាប់ជួបប្រទះក្នុងរឿងនេះ គឺហាក់បីដូចជាតារាសម្ដែងរូបនេះ ជួបរឿងទាំងអស់នោះរួចហើយ នាពេលកន្លងមក ទើបសម្រេចផ្ញើរសារ ឲ្យបានដឹងទាំងអស់គ្នាជាមុន។

ពាក្យពេចន៍គួរឲ្យចាប់អារម្មណ៍ ក្នុងន័យបញ្ចើចបញ្ចើឲ្យគ្នា ខុសប្លែកពីពិធីខួបកំណើតតារាដទៃនោះ រួមមាន «ស្រវឹងហាមក្អួតតាមផ្លូវ, រាប់អានហាមញ៉ែ, មិត្តផឹកស៊ី ចេញលុយស្មើគ្នា, ហាមចូលបន្ទប់ទឹក ពេលចេញលុយ, ផឹកហាមបន្លំ,ខ្ញុំជិតចូលសារមន្ទីរហើយ» និង«មិត្តជំពាក់លុយ ត្រូវសង» ជាដើម។ ខណៈដែលពាក្យប្រយោគទាំងនេះ គឺចង់បញ្ជាក់ឲ្យមិត្តភក្តិ ដែលបានចូលរួម បានដឹងជាមុននូវពេលផឹកស៊ីជាមួយគ្នា លើកក្រោយ។

យ៉ាងណាមិញ ប្រយោគដែលត្រូវបានបង្ហាញ ក្នុងកម្មវិធីខួបកំណើតរបស់ ញឹម ច័ន្ទថន ទាំងនេះ គឺត្រូវបានតារារូបនេះ បញ្ជាក់ថា មិនបានផ្លែផ្កាឌឺដងឲ្យនរណានោះទេ ពោលគឺធ្វើឡើងគ្រាន់តែក្នុងន័យ ឲ្យមានការចាប់អារម្មណ៍ និងបង្កបរិយាកាស សប្បាយរីករាយ ក្នុងពេលជួបជុំគ្នាម្ដងៗ តែប៉ុណ្ណោះ។

សូមបញ្ជាក់ថា តារាសម្ដែង ញឹម ច័ន្ទថន បានថ្លែងឲ្យដឹងថា ខួបកំណើតល្ងាចមិញនេះ គឺធ្វើឡើងដោយមានការជំរុញពីមិត្តភក្តិ និងជំនួយខ្លះៗពីបងធម៌របស់នាង ដោយអាចនិយាយបានថា ជាខួបចុងក្រោយសម្រាប់នាងហើយ ព្រោះលើកក្រោយៗ នាងអាចធ្វើកម្មវិធីឡើងគេហដ្ឋានថ្មី ឬរៀបអាពាហ៍ពិពាហ៍ តែម្ដង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

លី អ៊ីវ៉ាធីណា