(ភ្នំពេញ)៖ តារាសម្ដែង និងចម្រៀងចាស់វស្សាកញ្ញា ញឹម ច័ន្ទថន បានប្រារព្ធកម្មវិធីខួបកំណើត ឈានចូលវ័យ៣៦ឆ្នាំ ដ៏អធិកអធមមួយ នាយប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧នេះ ដោយមានភ្ញៀវជាអ្នកសិល្បៈ មិត្តភក្តិជិតស្និទ្ធ និងក្រុមគ្រួសារសាច់ញាតិ ចូលរួមយ៉ាងច្រើនកុះករ។ ប៉ុន្តែអ្វីដែលអ្នកចូលរួមចាប់អារម្មណ៍ ក្នុងពិធីខួប ញឹម ច័ន្ទថន ល្ងាចមិញនេះ គឺនាងបានបង្ហាញប្រយោគខ្លីៗ ក៏ដូចជាសារមួយចំនួន ឲ្យភ្ញៀវកិត្តិយសបានដឹង ដែលសុទ្ធសឹងតែជាពាក្យពេចន៍ឌឺដង ដាស់តឿន ក្រើនរំឭកដល់មិត្តភក្តិ ក្នុងពេលផឹកស៊ី ពេលស្រវឹង និងពេលជំពាក់លុយគ្នាជាដើម។

ចំណុចពិសេសក្នុងរាត្រីខួបកំណើត របស់តារាសម្ដែង ញឹម ច័ន្ទថន គឺនៅត្រង់ថា ពេលភ្ញៀវកិត្តិយសមកដល់ ត្រូវបានកាន់ផ្ទាំង ដែលមានអក្សរទាំងនេះ ដើម្បីថតរូប ដោយអ្នកខ្លះផ្ទុះសំណើច អ្នកខ្លះហាក់ធ្លាប់ជួបប្រទះក្នុងរឿងនេះ គឺហាក់បីដូចជាតារាសម្ដែងរូបនេះ ជួបរឿងទាំងអស់នោះរួចហើយ នាពេលកន្លងមក ទើបសម្រេចផ្ញើរសារ ឲ្យបានដឹងទាំងអស់គ្នាជាមុន។

ពាក្យពេចន៍គួរឲ្យចាប់អារម្មណ៍ ក្នុងន័យបញ្ចើចបញ្ចើឲ្យគ្នា ខុសប្លែកពីពិធីខួបកំណើតតារាដទៃនោះ រួមមាន «ស្រវឹងហាមក្អួតតាមផ្លូវ, រាប់អានហាមញ៉ែ, មិត្តផឹកស៊ី ចេញលុយស្មើគ្នា, ហាមចូលបន្ទប់ទឹក ពេលចេញលុយ, ផឹកហាមបន្លំ,ខ្ញុំជិតចូលសារមន្ទីរហើយ» និង«មិត្តជំពាក់លុយ ត្រូវសង» ជាដើម។ ខណៈដែលពាក្យប្រយោគទាំងនេះ គឺចង់បញ្ជាក់ឲ្យមិត្តភក្តិ ដែលបានចូលរួម បានដឹងជាមុននូវពេលផឹកស៊ីជាមួយគ្នា លើកក្រោយ។

យ៉ាងណាមិញ ប្រយោគដែលត្រូវបានបង្ហាញ ក្នុងកម្មវិធីខួបកំណើតរបស់ ញឹម ច័ន្ទថន ទាំងនេះ គឺត្រូវបានតារារូបនេះ បញ្ជាក់ថា មិនបានផ្លែផ្កាឌឺដងឲ្យនរណានោះទេ ពោលគឺធ្វើឡើងគ្រាន់តែក្នុងន័យ ឲ្យមានការចាប់អារម្មណ៍ និងបង្កបរិយាកាស សប្បាយរីករាយ ក្នុងពេលជួបជុំគ្នាម្ដងៗ តែប៉ុណ្ណោះ។

សូមបញ្ជាក់ថា តារាសម្ដែង ញឹម ច័ន្ទថន បានថ្លែងឲ្យដឹងថា ខួបកំណើតល្ងាចមិញនេះ គឺធ្វើឡើងដោយមានការជំរុញពីមិត្តភក្តិ និងជំនួយខ្លះៗពីបងធម៌របស់នាង ដោយអាចនិយាយបានថា ជាខួបចុងក្រោយសម្រាប់នាងហើយ ព្រោះលើកក្រោយៗ នាងអាចធ្វើកម្មវិធីឡើងគេហដ្ឋានថ្មី ឬរៀបអាពាហ៍ពិពាហ៍ តែម្ដង៕

ប្រភព៖ Khmertalking

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ តារាសិុចស៊ី កញ្ញា ស៊ីស៊ី ប្រកាសថា ខ្លួនចូលចិត្ត​បញ្ចេញសាច់សខ្ចីត្រឹម​តែគួរឱ្យក្នាញ់ តែមិនសុិចស៊ី​ខ្លាំងហួសហេតុពេក

(ភ្នំពេញ)៖ កញ្ញា ស៊ីស៊ី ដែលទើបគ្រោងតំណែងតួឯកស្រី ក្នុងរឿង «ស្នូរជើងអ្នកណា» របស់ផលិតកម្ម Wouder Film Cambodia បានប្រាប់អ្នកសារព័ត៌មានថា កញ្ញាចូលចិត្ត ស្លៀកពាក់ បែបស៊ីវីល័យ ដែលបង្ហាញភាពសិចស៊ីរបស់ខ្លួន គួរឱ្យទាក់ភ្នែក ប៉ុន្តែមិនស៉ិចស៊ីខ្លាំងហួសហេតុពេកនោះទេ។

បើមើលតាមរយៈការបង្ហាញរូបភាពចេញមកខាងក្រៅ និងរូបថតសិចស៊ីជាច្រើនសន្លឹក ដែលនាងបានបង្ហោះ ក្នុងគណនីយ​ហ្វេសប៊ុក បានធ្វើឱ្យគេគិតថាតារាសម្ដែងខ្ពស់ ស្រឡះសាច់សស្រឡូនម្នាក់នេះច្បាស់ ជាមានចិត្ដស្លុយ​ទៅលើការសម្ដែង ឈុតឆាកសិចស៊ីជាមិនខាន។

ស៊ីស៊ី ទើបតែប្រឡូកចូលក្នុងការសម្ដែង បានប្រមាណ២ទៅ៣រឿងប៉ុណ្ណោះ ប៉ុន្ដែដោយសារ ទេពកោសល្យការសម្ដែងយ៉ាង​លេចធ្លោ របស់នាងបានធ្វើឱ្យមហាជនជាច្រើនចាប់អារម្មណ៍មកលើរូប នាងពិសេសគ្រាដែលនាងស្លៀកពាក់​បែបកូនអ្នកមាន​ទ្រព្យសម្បតិ្ដ លេងចរឹកឫកពារឡូយឆាយនៅក្នុងសាច់រឿង។ ជាមួយគ្នាតារាសម្ដែងរូបនេះបានបង្ហាញ​ពីមហិច្ឆតាខ្លួនថានាង​នឹង​លះបង់​ទៅលើការសម្ដែងមិនថាជាតួអង្គតូច ធំ ស្លូត កាច មនោសញ្ចេតនា ឬតួអង្គសិចស៊ីនោះទេ នាងនឹងធ្វើឱ្យបានដើម្បី​ទទួលបាននូវភាពល្បីល្បាញ។ 

កញ្ញាស៊ីស៊ី បានបញ្ជាក់ថា នាងពិតជាហ៊ានសម្ដែងក្នុងឈុតឆាកសិចស៊ី មែនប្រសិនបើអ្នកដឹកនាំរឿងយល់ថា វាគ្មានភាពខុសឆ្គង ឬបង្កជាបញ្ហាប៉ះពាល់ ដល់អារម្មណ៍មហាជន គ្រាដែលនាងខ្លួនឯងក៏បានតាំងចិត្ដថាអាច ធ្វើបានដើម្បីទាញយកការគាំទ្រពី មហាជនទៅលើការសម្ដែងរបស់ខ្លួន ។

តារាសម្ដែងរូបនេះប្រាប់ថា សម្រាប់ទស្សនផ្ទាល់ខ្លួន គឺនាងមានស្ទីលសិចស៊ីរបស់ខ្លួនដែល មើលទៅគួរឱ្យច់ងគយ​គន់និងទាក់ភ្នែក ជាជាងមើលទៅសិចស៊ីបែបជ្រុលហួសហេតុ។

ស៊ីស៊ីបញ្ជាក់ថា «ខ្ញុំមានរបៀបសិចស៊ីរបស់ខ្ញុំមើលទៅមិនអាក្រក់ពេក ឬធ្វើឱ្យខុសប្រពៃណីទេ ពោលភាពសិចស៊ីមិនចាំបាច់ ទាល់តែបញ្ចេញដើមទ្រូងខ្លាំង ឬបញ្ចេញគល់ភ្លៅខ្លាំងទើបហៅថាសិចស៊ីទេ ខ្ញុំមានវិធីសាស្រ្ដធ្វើយ៉ាងណាឱ្យគេមើលឃើញថា សិចស៊ី ប៉ុន្ដែគួរឱ្យចង់គយគន់»។

នាងបន្ដថា ជាក់ស្ដែងដូចជារូបភាពសិចស៊ីមួយចំនួន ដែលនាងបានបង្ហោះនៅក្នុងបណ្ដាញ សង្គមគឺសិចស៊ី ប៉ុន្ដែត្រូវបានអ្នកគាំទ្រនិងហ្វេនជាច្រើន របស់នាងលើកឡើងថា រូបភាពទាំងនោះសិចស៊ីគួរឱ្យស្រលាញ់។

គួរបញ្ជាក់ថាកញ្ញា ស៊ីស៊ី ធ្លាប់បានសម្ដែងនៅក្នុងរឿង «វាសនាកូនភ្លោះ»​ «ចំការលាក់ស្នេហ៍»។ បច្ចុប្បន្ននាងកំពុងថតរឿង «រាជបុរី Come back »និង «ស្នូរជើងអ្នកណា?»។

បើកត់សំគាល់តាមរយៈការបញ្ជាក់របស់ ស៊ីស៊ី គឺហាក់មិនខុសគ្នាពីតារាសម្ដែងស្រីមួយចំនួន ដែលធ្លាប់បានប្រើវិធីសាស្រ្ដនេះដើម្បីភាពល្បីល្បាញខ្លួននោះទេ ពោលគឺពួកគេតែងតែយកភាពសិចស៊ីរបស់ ខ្លួនមកទាក់ភ្នែកមហាជនពិសេសអ្នកដឹកនាំរឿងជាច្រើន ដើម្បីទទួលបានឱកាសការងារក្នុង ការសម្ដែងឬការងារផ្សេងៗស្ថិតក្នុងក្របខណ្ឌសិល្បៈ ។

វិធីសាស្រ្ដនេះទោះបីជាមានតារាភាគច្រើនត្រូវទទួលរង នូវការរិះគន់យ៉ាងចាស់ដៃពីមហាជនក៏ពិតមែនតែយ៉ាង ហោចណាស់ពួកគេទាំងនោះត្រូវបានមហាជនស្គាល់ មុខយ៉ាងច្បាស់រួចទៅហើយ តួយ៉ាងដូចជា កញ្ញា វណ្ណ វល័ក្ខ បេននី យុំាងជាដើម៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ញឹម ច័ន្ទថន