(ភ្នំពេញ)៖ បន្ទាប់ពីនាពេលថ្មីៗនេះមានសារព័ត៌មាន និងហ្វេសប៊ុកមួយចំនួនបានលើកឡើងដោយខុសពីការពិត ចំពោះចំណាត់ការរបស់តុលាការ នៅក្នុងសំណុំរឿងព្រហ្មទណ្ឌ ដែលមានឈ្មោះ វ៉ាន់ នីឡា ជាភាគីជនរងគ្រោះ។ ដោយនៅយប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦នេះ លោក លី សុផាណា​ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានចេញមកបំភ្លឺជុំវិញចំណាត់ការតុលាការក្នុងសំណុំរឿងនេះ។

លោក លី​ សុផាណា បានលើកឡើងយ៉ាងដូច្នេះថា៖ មានសារព័ត៌មានមួយចំនួន ដោយរួមទាំងគណនីហ្វេសប៊ុក ឈ្មោះ Sok Chomnor បានលើកឡើងដោយខុសពីការពិត ចំពោះចំណាត់ការរបស់តុលាការនៅក្នុងសំណុំរឿងព្រហ្មទណ្ឌ ដែលមានឈ្មោះ វ៉ាន់ នីឡា ជាភាគីជនរងគ្រោះ។

ដើម្បីចៀសវាងនូវការភន្ត័ច្រឡំក្នុងចំណោមសាធារណជន អំពីចំណាត់ការក្នុងសំណុំរឿងនេះ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សូមបញ្ជាក់ថា បន្ទាប់ពីបានទទួលសំណុំរឿងនេះ តុលាការបានដំណើរការនីតិវិធី និងអនុវត្តនូវការទទួលខុសត្រូវរបស់ខ្លួន ស្របទៅតាមច្បាប់។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញដដែលរូបនោះ បានលើកឡើងទៀតថា៖ ចៅក្រមសើបសួរ ដែលកំពុងមានសមត្ថកិច្ចក្នុងសំណុំរឿងនេះ បានចាត់នីតិវិធីជាបន្តបន្ទាប់ ដើម្បីស្រាវជ្រាវរកការពិតក្នុងសំណុំរឿងនេះ ដូចជា បានស្តាប់ចម្លើយជនរងគ្រោះ សាក្សី ពិនិត្យភស្តុតាង និងចុងក្រោយ បានសួរចម្លើយជនត្រូវចោទ ព្រមទាំងបានសម្រេចដាក់ជនត្រូវ ឲ្យជាប់កាតព្វកិច្ចត្រួតពិនិត្យតាមផ្លូវតុលាការ។

បន្ទាប់ពីការស្រាវជ្រាវ និងការពិនិត្យភស្តុតាងដាក់បន្ទុក និងដោះបន្ទុកចប់សព្វគ្រប់ ចៅក្រមសើបសួរ នឹងសម្រេចបិទបញ្ចប់ការសើបសួរ របស់ខ្លួនទៅតាមច្បាប់។ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នឹងជំរុញដំណើរការ នីតិវិធីក្នុងសំណុំរឿងនេះ និងសុំឲ្យតុលាការបន្តអនុវត្តនីតិវិធីរបស់ខ្លួន ក្នុងការអនុវត្តច្បាប់ដោយ ម៉ឹងម៉ាត់ និងត្រឹមត្រូវ ដើម្បីរកយុត្តិធម៌ជូនភាគីពាក់ព័ន្ធ។

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នឹងបន្តជូនដំណឹងជូនសាធារណជន អំពីចំណាត់ការនីតិវិធីរបស់តុលាការជូនដល់សាធារណជនដើម្បីជ្រាបជាព័ត័មាន ជាបន្តទៀតនាពេលក្រោយ ចៀសវាងការលើកឡើងនានានាំឲ្យមានការភន្ត័ច្រឡំ៕

ប្រភព៖ Fresh News

កំណត់ត្រាខ្មែរឡូត៖

គួរបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុន លោក សុខ ជំនោរ ក៏បានបង្ហោះនូវភាពអស់សង្ឃឹមរបស់ខ្លួន និងបានប្រើពាក្យសម្តីធ្ងន់ៗទៅលើប្រព័ន្ធតុលាការនៅក្នុងស្រុក ដែលទាក់ទងនឹងរឿងក្តីប្អូនស្រីខ្លួនយ៉ាងដូច្នេះថា៖

«ក្រុមតុលាការស្រុកខ្មែរ "ទៅរកអាណាធំជាងអញ ចាំមកធ្វើអញ" ច្បាប់ និងតុលាការស្រុកមួយនេះ (ស្រុកអច្ឆរិយ:) មិនអាចធំជាងគេមែន!!!!។ សូមបងប្អូន រស់នៅយ៉ាងម៉េច ចៀសបានសូមកុំឲ្យពាក់ព័ន្ធរឿងចូលទៅពឹងតុលាការស្រុកមួយនេះឲ្យសោះ។ នេះជារបៀបរស់នៅមួយក្នុងស្រុកនេះ ចំណោមរបៀបជាច្រើនទៀត !!!!!»។

ទោះជាមានការទទូចសុំ និងអំពាវនាវយ៉ាងណាក្តី ក៏គេឃើញរឿងក្តីមួយនេះ នៅតែបន្តអូសបន្លាយគ្មានការដោះស្រាយ។ រង់ចាំមើលទៅថ្ងៃខាងមុខ តើទៅជាយ៉ាងណាវិញ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ នីឡា