ភ្នំពេញ៖ ប្រិយមិត្ដដែលជាអ្នកគាំទ្រវិស័យបទចម្រៀងមួយចំនួន ប្រាកដជាទន្ទឹមរង់ចាំវីដេអូផ្លូវការបទ "ភ្លើង" របស់អ្នកនាងអេដា ជាក់ជាមិនខាន ដែលនៅទីបំផុតបទ Original នេះបានចេញហើយ កាលពីយប់មិញនេះ។

សម្រាប់វីដេអូផ្លូវការរបស់បទ" ភ្លើង" នេះបានបញ្ចេញកាលពីយប់មិញនេះ ដោយធ្វើការបង្ហោះឡើងនៅក្នុងយូធូប និងមានរយៈពេលជាង៦នាទី ដែលមកទល់ពេលនេះមានអ្នកចុចមើលប្រហែលជាជាង ១ម៉ឺនដង។ ចំពោះបទនេះដែរ គេសង្កេតឃើញមានការចូលរួមសម្ដែងពី អតីតហ្វ្រេសស៊ីហ្គើល ប្រាសាទ ដាវីន ដែលមិនធ្លាប់មានវត្ដមាននៅក្នុងសិល្បៈ ក្រោយពីការចាកចេញពីស្រុកកំណើត ទៅរស់នៅប្រទេសអូស្ដ្រាលី ៦ទៅ៧ឆ្នាំកន្លងទៅនេះ។

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូនៅខាងក្រោមនេះទាំងអស់គ្នា៖

កំណត់ហេតុខ្មែរឡូត៖

រំលឹកដល់រឿង ស្រីស្អាត ប្រាសាទ ដាវីនបានឲ្យដឹងថា កាលពីវ័យ១៧ឆ្នាំ ប្រាសាទ ដាវីន ​មានឈ្មោះកំណើត វ៉ែន ដាវីន បានចូលប្រឡូក​​ក្នុងវិស័យសិល្បៈ តាមរយៈការប្រឡង Freshe Girl ក្នុងឆ្នាំ២០០៥ ដែលកាលនោះ នាងទទួលបានចំណាត់ថ្នាក់លេខ៣។ ប៉ុន្តែអ្វីដែលធ្វើឲ្យស្រីស្អាត មានឈ្មោះ​ល្បីម្នាក់នេះ ត្រូវឃ្លាតឆ្ងាយពីសិល្បៈ រហូតមកដល់សព្វថ្ងៃនេះ ព្រោះតែការភ័យខ្លាចពីសុវត្ថិភាពផ្ទាល់ខ្លួន បន្ទាប់ពីនាងជួបប្រទះនូវរឿងរ៉ាវ ជនអនាមិកបង្កៃគ្រាប់បែកក្នុងផ្ទះរបស់នាង កាលពីអំឡុងឆ្នាំ២០០៨ ធ្វើឲ្យនាងជម្លៀសខ្លួនចេញពីប្រទេសកម្ពុជា តាំងពីពេលនោះមក​។

ជាមួយនឹងរាងខ្ពស់​ស្រឡះ រហូតដល់១,៧៥ម. តារាសម្បុរស្រអែម និងមានទម្រង់មុខដូចនារី​​បែបបស្ចិមប្រទេស នាង ប្រសាទ ដាវីន បានដើរលើវិថីសិល្បៈ​គួរឲ្យភ្ញាក់ផ្អើល ហើយអ្វីដែលជំរុញឲ្យគេស្គាល់​នាង កាន់តែច្បាស់នោះ គឺតាមរយៈការថតរូប និងការដើរបង្ហាញម៉ូដ ដែលនៅពេល​នោះ សូម្បីតែតារាជើងចាស់​មួយចំនួន ក៏ស្ទើរតែមិនអាចទប់ជាប់ នឹងទេពកោសល្យសិល្បៈ​​របស់នាងដែរ។

ខណៈដែលភាពល្បីល្បាញ កំពុងតែហក់ឡើងខ្ពស់ នៅក្នុងឆ្នាំ២០០៨ តារារូបនេះ ក៏មានឱកាសបាន ទៅសម្តែងនៅ​ប្រទេសបារាំង។ ស្របគ្នានឹងការចាកចេញ ពីប្រទេសមិនទាន់បាន១សប្តាហ៍ផង ស្រាប់តែមានជនអនាមិក បានយកគ្រាប់បែក និងគ្រាប់កាំភ្លើង ភ្ជាប់ជាមួយសំបុត្រមួយច្បាប់ បោះចូលទៅក្នុងផ្ទះ​របស់នាង នៅថ្ងៃទី១៦​កញ្ញា ឆ្នាំ២០០៨ ដើម្បីជាការគំរាម និងប៉ុនប៉ងដល់អាយុជីវិតនាង និងគ្រួសារ។

ទោះបីជាមានឪពុកជាមន្ត្រីយោធាក៏ដោយ ក៏ភាពភ័យខ្លាច នៅតែកើតមានចំពោះ ប្រាសាទ ដាវីន និងក្រុមគ្រួសារដដែល ហើយករណីនេះ​បានតម្រូវឲ្យដាវីន ត្រូវភៀសខ្លួន ទៅក្រៅប្រទេសជាច្រើនឆ្នាំ ទើបតែនៅពេលនេះ ដែលនាងហ៊ានចេញមុខ នៅប្រទេសអូស្ត្រាលី និងហ៊ានវិលមកកម្ពុជា​ជាថ្មី។

អ្នកនៅប្រទេសអូស្ត្រាលី និយាយថា ការរស់នៅរបស់ ប្រាសាទដាវីន មានជីវភាពធូរធារធម្មតា ព្រោះនាងមានការងារ​ធ្វើ បានទទួលការទំនុកបម្រុង ពីស្វាមី​និងក្រុមគ្រួសារទាំងស្រុង ហើយតារារូបនេះ ក៏ប្រហែលជាលែងចង់ មករស់នៅស្រុកខ្មែរវិញដែរ ព្រោះនាងកំពុងរៀបចំ គ្រួសារដ៏ល្អមួយនៅទីនោះ​។ ក្រៅពីមានជីវភាពធូរធា រូបសម្រស់​នាង ក៏មិនធម្មតា ពិសេស​នាង បានព្រលែងខ្លួន ក្នុងឈុតហែលទឹក ហើយបានលេងយោហ្គា ដែលជាកីឡាកាយវប្បកម្ម សម្រាប់នារីៗ ហើយរូបរាង​នាង នៅតែសិចស៊ីខ្លាំង មិនចាញ់ជំនាន់​នាង ប្រឡូកសិល្បៈកាលពី៨ឆ្នាំមុនឡើយ៕

រូបភាព ប្រាសាទ ដាវីន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប្រាសាទ ដាវីន