(ភ្នំពេញ)៖ តារាសម្ដែងជើងចាស់ មានប្រជាប្រិយភាពមិនចេះសាបសូន្យ អ្នកនាង ចន ច័ន្ទលក្ខិណា បានប្រកាសជាសាធារណៈនៅក្នុងកិច្ចសម្ភាសន៍ផ្សាយផ្ទាល់ នៅលើ Page Facebook របស់សម្ដេចតេជោ ហ៊ុន សែន នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ នេះថា ពេលនេះអ្នកនាងបានផ្ដួចផ្ដើមគំនិតបង្កើតនូវសមាគមជួយ អ្នកសិល្បៈមួយ មានឈ្មោះថា «សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម» ដើម្បីជួយដល់អ្នកសិល្បៈ នៅពេលពួកគេជួបប្រទះនូវបញ្ហាប្រឈមតាមផ្លូវច្បាប់ណាមួយ ដែលត្រូវដោះស្រាយ។

នៅក្នុងកិច្ចសម្ភាសន៍នេះអ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហាញពីយុទ្ធសាស្រ្តគោលការណ៍ និងគោលដៅសំខាន់ៗរបស់សមាគម ទៅថ្ងៃខាងមុខ ទោះបីជា សមាគមទើបបង្កើតថ្មី ក្នុងនាមអ្នកនាងជាប្រធាន ត្រូវតែមានគោលដៅច្បាស់លាស់ ហើយយើងគួរតែធ្វើអ្វីខ្លះ ដើម្បីជួយសង្គមជួយដល់ សិល្បករ-សិល្បការិនីរបស់យើង និងជនក្រីក្រ។

រហូតមកដល់ពេលនេះ មានសមាជិកជាសិល្បករ-សិល្បការិនី និងមន្ត្រីរាជការ សរុបប្រហែលជា១០០នាក់ បានជួយទ្រទ្រង់ដំណើរការរបស់សមាគមទាំងមូល។ ទោះបីជាសមាគម ទើបបង្កើតបានជិត២សប្ដាហ៍ក្ដី ប៉ុន្តែយើងមានសកម្មភាពមួយចំនួន លេចចេញជារូបរាង ដោយដំបូងឡើយ គឺជួយដល់កញ្ញា វ៉ាន់ នីឡា ជាសិល្បការិនីដំបូង ដែលត្រូវបានជួយសង្គ្រោះពី «សមាគមសិល្បៈស្ម័គ្រចិត្តជួយសង្គម» ដោយបានផ្ដល់ជាមេធាវីជូនដល់គាត់ មិនគិតប្រាក់ ដើម្បីស្វែងរកយុត្តិធម៌ ។ មួយវិញទៀតសិល្បករ-សិល្បការិនី បាននាំយកសម្ភារសិក្សា ថវិកា យកទៅចែកជូនដល់សិស្សក្រីក្រ និងបង្កើតបណ្ដាល័យក្នុងសាលា ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។

ប្រធានសមាគមថ្មីថ្មោង អ្នកនាង ចន ច័ន្ទលក្ខិណា បានបន្ថែមទៀតថា សមាគមមានគម្រោងជាច្រើនទៀត ប៉ុន្តែធ្វើតាមដំណាក់កាល មានដូចជាជួយដល់និសិ្សត ស្វែងរកការងារធ្វើរៀបចំជាឯកសារផ្សេងៗ ដើម្បីជួយរកការងារធ្វើ និងខិតខំស្វែងរកការងារជូនពួកគាត់។ ជាពិសេសសមាគមចង់ប្រមូលផ្ដុំអ្នកសិល្បៈ ទាំងអស់ប្រគំតន្រ្តី នៅតាមបណ្ដារោងចក្រនានា ដើម្បីបង្កើតភាពស្និទ្ធស្នាល ជាមួយបងប្អូនកម្មករ-កម្មការិនី។

ចន ច័ន្ទលក្ខិណា សង្កត់ធ្ងន់ថា សកម្មភាពទាំងនេះ ទទួលបានការគាំទ្រខ្លាំង ពីសំណាក់មិត្តសិល្បករ-សិល្បការិនី ក៏ដូចជាបងប្អូនទូទៅ ហើយសមាគម និងខិតខំស្វែងរកទីតាំងដាច់ស្រយាលផ្សេងៗទៀត ដើម្បីជួយដល់កុមារក្រីក្រ ជនចាស់ជរា ជនគ្មានទីពឹង ជាដើម។

ប្រធានសមាគមរូបនេះ បញ្ជាក់ថា ប្រសិនបើបងប្អូន ពិសេសយុវវ័យ ចង់ចូលរួមជាសមាជិក គឺគ្រាន់តែអញ្ជើញមកការិយាល័យរបស់យើង បំពេញតាមលក្ខខណ្ឌមួយចំនួន គឺជាការស្រេច ព្រោះសមាគមត្រូវការអ្នកស្ម័គ្រចិត្ត ។ ជាមួយគ្នានេះ អ្នកនាង ចន ច័ន្ទលក្ខិណា សូមជំរាបដល់សិល្បករ-សិល្បការិនីទាំងអស់ ប្រសិនបើស្ថិតក្នុងស្ថានភាពរងគ្រោះ ឬជួបប្រទះនូវរឿងរ៉ាវណាមួយ សូមទាក់ទងមកសមាគម ដើម្បីឲ្យសមាគមជួយប្រឹក្សាទាំងផ្នែកច្បាប់ និងផ្ដល់កម្លាំងចិត្ត ដើម្បីទទួលបានការគាំពារពីសមាគម។

អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានផ្ដាំផ្ញើទៅដល់សិល្បករ-សិល្បការិនីទាំងអស់ ត្រូវចេះរួបរួមគ្នាវេញជាធ្លុងមួយជួយគ្នាទៅវិញទៅមកដឹងពីសុខទុក្ខគ្នា កុំប្រកាន់ ឬរើសអើងគ្នា និងចូលរួមធ្វើសកម្មភាពសង្គមឲ្យបានច្រើន ទោះក្នុងកាលៈទេសៈណាក៏ដោយ៕ 

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ នីឡា