កាលពីព្រឹកមិញ ខ្មែរឡូតបានចុះផ្សាយអំពីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ដែលបានឆក់យកអាយុជីវិត តារាចម្រៀង វណ្ណ មករា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ នេះ និងបានធ្វើឲ្យមហាជន មានការភ្ញាក់ផ្អើល និងចង់ដឹងមូលហេតុ ដែលបង្កគ្រោះថ្នាក់នោះយ៉ាងខ្លាំង។

យោងតាមសម្តីលោក ទិត្យ វិច្ឆិកា ដែលជាអ្នករួមដំណើរ ជិះរថយន្តផ្សេងគ្នា បានឲ្យដឹងថា ហេតុការណ៍ក្រឡាប់រថយន្តរបស់លោក វណ្ណ មករា បានកើតឡើងនៅម្តុំព្រៃនប់ ត្រង់ចំណុចផ្លូវមួយកន្លែង ដែលកោងយ៉ាងខ្លាំង។ ក្រោយកើតហេតុ លោក វណ្ណ មករា និងមិត្តភក្តិ ត្រូវបានបញ្ជូនតាមរថយន្ត សង្គ្រោះបន្ទាន់ ប៉ុន្តែបើកទើបបានប្រមាណ ១៥គីឡូម៉ែត្រពីកន្លែងលោកយាយម៉ៅ នៅពេជ្រនិល ឆ្ពោះមកភ្នំពេញ ក៏ត្រូវក្រឡាប់ជាលើកទី២តែម្តង។ 

លោក ទិត្យ វិច្ឆិកា បានប្រាប់ថា៖ «សព មករា នៅល្អទាំងអស់ អត់មានបែកខ្ញែកអីទេ ហើយខ្ញុំឆ្ងល់មែនទែន ដែលគេក្រឡាប់ឡានដូចគាត់ ២ដងដូចគ្នា ប៉ុន្តែគេអត់អី តែគាត់ម្នាក់ (ស្លាប់) »។

យោងទៅតាមសម្តីរបស់លោក ទិត្យ វិច្ឆិកា បានបញ្ជាក់ប្រាប់ដល់ប្រភពព័ត៌មាន វីអូឌី ឲ្យដឹងថា៖ រូបលោក និង​លោក វណ្ណ មករា ព្រមទាំង​មិត្តភក្ដិ​ផ្សេង​ទៀត​ បាន​ចេញ​ពី​ក្លិប​មួយ​នៅ​ភ្នំពេញ ហើយ​នាំ​គ្នា​បើករថយន្ត ​ទៅ​ខេត្តព្រះសីហនុ​។ លោក​បន្តថា រថយន្ត​របស់​លោក វណ្ណ មករា បាន​បើក​ទៅ​មុន​ដាច់​ឆ្ងាយ​ ហើយ​ពេល​បើកជិត​ដល់​ក្រុងព្រះសីហនុ រថយន្ត​របស់​លោក វណ្ណ មករា បាន​បើកបក​ក្រោយ​វិញ ដោយ​ខ្លាច​​រថយន្តរបស់​លោក មានបញ្ហាព្រោះ​ជា​រថយន្តចាស់​។ លោក ទិត្យ វិច្ឆកា បន្ថែម​ថា ពេលបើកបក​ក្រោយ​វិញ រថយន្ត​របស់​លោក វណ្ណ មករា ក៏​ជួប​គ្រោះថ្នាក់​ នៅ​ត្រង់​ម្ដុំ​ព្រៃ​នប់​តែម្តង។

គួររំលឹកផងដែរថា កាលពីព្រឹកមិញ លោក ទិត្យ វិច្ឆិកា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមខ្សែទូរស័ព្ទ ឲ្យដឹងថា « វណ្ណ មករា ពេលក្រឡាប់ឡានដំបូង នៅក្បែរផ្សារព្រៃនប់ តែមិនបានស្លាប់នោះទេ ដោយគ្រាន់តែចុកទ្រូងបន្តិចតែប៉ុណ្ណោះ  ប៉ុន្តែក្រោយឡានពេទ្យដឹកមកកាន់ភ្នំពេញ ដល់ចំណុច ពេជ្រនិល ឡានពេទ្យ ក៏ក្រឡាប់ម្តងទៀត បណ្តាលឲ្យ វណ្ណមករា ស្លាប់តែម្តង»។ ម្ចាស់បទចម្រៀង «អារ៉ែងកំណើតស្នេហ៍ខ្ញុំ» បានបន្តថា «ឡានដែល វណ្ណមករា ជិះគឺម៉ូដែល ព្រូស០៤ ដោយជិះគ្នាចំនួន០៤នាក់ តែសំណាងអាក្រក់តែ វណ្ណ មករា ដោយគ្រោះថ្នាក់ធ្ងន់ធ្ងរជាងគេ ហើយ០៣នាក់ផ្សេងទៀត មិនអីនោះទេ»។ លោកបានបន្តថា «ឡានពេទ្យដែលដឹក វណ្ណមករា មកភ្នំពេញនោះ ក្រឡាប់នៅម៉ោងប្រហែល ០៦និង០៥នាទី»។

នៅរសៀលថ្ងៃដដែលនេះ លោកទិត្យ វិច្ឆិកា បានបង្ហោះសារមួយថា៖ «អាប្អូនប្រុស សូមប្អូនទៅកាន់សុគតិភព ជាតិនេះពួកយើង ជាបងប្អូនល្អនឹងគ្នា ជាតិក្រោយសូមអោយពួកយើង នៅតែជាបងប្អូនល្អនឹងគ្នាដដែលណា ប្អូនប្រុស ទោះបីបងជាអ្នកសិល្ប:ម្នាក់ ដែលអន់ជាងគេក៏ដោយ តែរាល់ពេលដែលបងដឹងថា មានអ្នកណាម្នាក់ មើលងាយបងប្អូនសិល្ប: គឺបងឈឺចាប់ខ្លាំងណាស់ ហើយបងតែងតែការពារជានិច្ច តែពេលនេះបងស្តាយណាស់ដែលមិនបានការពារជីវិតប្អូនប្រុសឯងបាន ។ ទោះបីប្អូនប្រុសបានចែកឋានមែន តែស្នាមញញឹមរបស់ប្អូនគឺស្ថិតនៅក្នុងដួងចិត្តរបស់ទស្សនិកជនប្អូនជានិច្ចជាមិនខាន។ ហើយសង្ឃឹមថាចាប់ពីពេលនេះតទៅសិល្ប:ករទាំងអស់គួរតែស្រលាញ់គ្នាអោយបានច្រើន ព្រោះជាមិត្តភាព១ ដែលពួកយើងមិនអាចបំភ្លេចបាន ។ ខ្ញុំនឹងអ្នកទាំងអស់គ្នាគឺជាបងប្អូនសិល្បះជាមួយគ្នាអស់១ជីវិត»។

 បើមានព័ត៌មានលម្អិតបន្ថែម ខ្មែរឡូតនឹងចុះផ្សាយជូនប្រិយមិត្ត បានជ្រាបនៅពេលបន្ទាប់៕

ចុចអាន៖ សាររំលែកទុក្ខក្រៀមក្រំ ចំពោះតារាចម្រៀង វណ្ណ មករា ពីអ្នកសិល្ប:ដូចគ្នា នៅលើបណ្តាញសង្គម កាលពីព្រឹកមិញនេះ



វីដេអូចម្រៀងរបស់គាត់៖

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទិត្យ វិច្ឆិកា