រាជធានីភ្នំពេញ​​​ ៖ កាលពី​​ព្រឹកថ្ងៃ​ទី​៣​​សីហា ​​មានព័ត៌​​មាន​​ចចាម​អារា៉​ម​ថា ​កូន​ប្រុស​​របស់​​អ្នក​​នាង​​ខាត់ សុឃីម​បាន​ស្លាប់ ដោយ​សារ​​ជំងឺ​EV-71​នៅ​​ថ្ងៃទី២​សីហា ។ មូល​​ហេតុដែល​បណ្តាលឲ្យ​កូនប្រុស​របស់នាង​ស្លាប់​ដោយសារ​តែ​​នាងមិន​យក​ ចិត្ត​ទុក​ដាក់​​ ​និង​គិត​តែ​​​ពីសេចក្តីសុខ​ផ្ទាល់​ខ្លួន​​ជាមួយ​​លោក​ផាណូ ដែល​ជាគូដណ្តឹង​របស់នាង​។ ពាក្យ​ចចាម​អារ៉ាម​​នោះ​​និយាយ​ទៀត​ថា​ ​ក្រោយ​​​​ពេល​កូន​ស្លាប់ទើប​នាងខាត់ សុឃីម ស្តាយ​ក្រោយ និង​ចង់ផ្តាច់​ពាក្យ​​ជាមួយ​គូ​ដណ្តឹងថែម​ទៀតផង​ ។
ទាក់ទិន​​ទៅនឹង​រឿង​ នេះ​​ អ្នកនាង​ខាត់ ​សុឃីម​ បានបក​ស្រាយ​ទាំងអួល​ដើមក​ប្រាប់កោះ​សន្តិភាព​ឲ្យ​ដឹង​ថា ​នាងអរគុណ​ណាស់ចំពោះ​អ្នកដែល​គាំទ្រ​ដល់​រូប​នាង និង​បានសួរ​សុខទុក្ខ​ ​ទាំងតាម​ទូរស័ព្ទ​ក្តី​ និងផ្ទាល់​ក្តី ​ចំពោះ​បញ្ហាដែល​ថាកូនប្រុស​របស់​នាង​ស្លាប់​ ​ដោយសារ​កើតមាន​ជំងឺ​EV-71​។ ​វា​​មិន​មែន​ជាការពិត​ទេ គឺមានអ្នក​បង្ខូចកេរ្តិ៍​​ឈ្មោះ​នាង​​ ​និងកូន​ប្រុសរបស់​នាង​​។ ​តាមពិត​​កូន​នាង​មាន​​​ជីវិត​រស់នៅយ៉ាង​​ល្អប្រសើរ ​។ ​កូនរបស់​នាង​​មិនដឹង​អ្វីសោះបែរ​ជា​គេ​និយាយ​​នា​ថា​ស្លាប់ទៅ​វិញ​​ ។ ​​នាងមិន​ដឹងថា​តើ​អ្នក​ដែលនិយាយ​ពាក្យ​អកុសល​នោះ​ ​​​មាន​គំនិតអ្វី​ទេ​​ ​។

​កូន​​ប្រុស​របស់​នាង​ខាត់ សុឃីម ​​ឈ្មោះ​បញ្ញា​​ យសស័​ក្តិ ហៅ​ក្រៅ​ស្កាយ ​មាន​អាយុ​៧ឆ្នាំ ។​

នាង​ខាត់​ សុឃីម ​​និយាយ​ថា ​​«​នាង​ខ្ញុំ​​ស្រឡាញ់​​កូន​ប្រុសរបស់​នាង​ខ្ញុំ​​ស្មើ​នឹងជីវិត​ ​​នៅពេល​ដែល​នាង​ខ្ញុំ​​ទទួលព័ត៌​មាន​​ទាំងនេះ ​មាន​អារម្មណ៍​​ថា វាអយុត្តិ​​ធម៌ណាស់​ចំពោះខ្លួន​នាង​​ខ្ញុំ​​។​ ​ជា​រៀង​រាល់​​ថ្ងៃនេះ​នាង​ខ្ញុំ​​តែង​តែនៅជា​មួយកូន​ និងតែង​តែសង្កេត​មើលកូន​មិនដែលឲ្យ​ដាច់ពី​ក្រសែ​​ភ្នែក​​ទេ​ ​ហើយឃើញ​ថាកូន​ប្រុស​រ​បស់​​​នាង​​​​ខ្ញុំ​​ទៅ​​សា​លា​​រៀន​ក៏ធម្មតា ​នៅផ្ទះក៏​ធម្មតា​មិន​មាន​ឈឺ​ថ្កាត់​​​អ្វីទាំងអស់​។ ​ជាពិសេស​ទៅ​ទៀតនោះ​​នាង​​ខ្ញុំ​​មិនអាច​មាន​ប្តី​ក្មេង​រហូត​ដល់​​​ភ្លេច​ កូនខ្លួន​ឯង​ទេ នាង​ខ្ញុំ​​មិន​ដែលគិត​ថា​ នឹ​ង​ជ្រើសរើស​អ្នក​ផ្សេង​ ហើយបំភ្លេច​កូនខ្លួន​ឯង​សោះ​ឡើយ» ។

តារា​ចម្រៀង​​រូបនេះ​​បន្ថែម​​ថា ​សម្តី​​ដែលគេ​និយាយ​​បង្ខូ​ច​​​កូន​​ប្រុស​ ​​និង​​រូប​នាង​នេះ​ពិតជា​ធ្ងន់​​ណាស់​ សម្រាប់​​នាង​​ជា​មនុស្ស​ដែល​ធ្លាប់​​ហែល​ឆ្លង​កាត់​​រឿងលំបាក​​​ជាច្រើន​​​ រាប់​មិនអស់ ។ ​​ជា​ធម្ម​តា​​ក្មេង​តែងតែ​​ឈឺ​ថ្កាត់​​​​បន្តិច​បន្តួច​​ជាធម្មតា​​ ប៉ុន្តែ​រហូត​ដល់​​​កើត​​មាន​ជំងឺ EV-71 ​​គឺមិន​មាន​​ទេ ។ ​​នាង​ថា​​ បើ​មិន​ជឿ​ទេ អ្នកកាសែត​ទាំង​អស់​​​​អាច​​​ទៅ​យកព័ត៌​មាន​នៅសាលា​​ដែល​កូន​របស់​នាង​​​រៀន ​គឺ​សាលា​​​ប៊ែលធី ស្ទឹង​​មានជ័យ​ ​នឹង​ដឹង​ច្បាស់មិន​ខាន ។​

នាង​ខាត់​ សុឃីម ​​បញ្ជាក់​​ថា នាង​ចង់​​ប្រាប់​​ទៅ​អ្នកដែល​និយាយ​អាក្រក់​​ពី​​កូន​​ប្រុស ​និង​​​រូប​នាង​ថា គូដណ្តឹង​​​របស់​នាង​ស្រឡាញ់​​កូន​នាង​ខ្លាំងណាស់​ សូម្បីទៅ​​ដើរលេង​​​គឺតែងតែមាន​​កូន​​នាងទៅជាមួយ​ជានិច្ច ។ ​គូដណ្តឹង​​​របស់​​នាងជា​មនុស្ស​ចិត្ត​ទូលាយ​​ ស្រឡាញ់​​​កូនរបស់​​​​នាង​​ដូចជា​កូន​បង្កើត ។ ចំពោះ​​រូបនាង​ក៏​មិន​​មែន​ជា​​មនុស្ស​​ស្រី​​យក​មនុស្ស​ប្រុស​ជាធំដែរ ។ ​ដោយ​សារ​តែលោក​​ផាណូ ស្រឡាញ់​​កូន​នាង​ ទើប​​​នាង​​ព្រមភ្ជាប់ពាក្យ​ជាមួយ​គ្នា ។ ​​រូប​នាង ​និង​កូន ព្រម​​​ទាំង​​​​លោក ផាណូ ​គឺ​ល្អូក​​​​ល្អិន​​នឹង​​គ្នា​ណាស់ ។ ​កន្លងមក​​​មិន​ខ្វះ​អ្នក​ដែល​ស្រឡាញ់​​​នាង​ ទេ​តែនាងមិន​​យក​ដោយ​សារតែ​បុរស​ទាំង​នោះ​​មិន​​ស្រឡាញ់​​កូន​របស់​​នាងដូច​ លោក​ផាណូ ដូច្នេះ​​នាង​មិន​​អាច​ទទួល​​​បុរសទាំង​​នោះ​​​ទេ ។ ​

នាង​​ខាត់ សុឃីម ​បញ្ជាក់​ថា  ចំពោះពាក្យ​​ចចាម​​អារ៉ាម​​ដែល​​​គេ​និយាយ​តៗគ្នា​ថា​កូន​​នាងស្លាប់​​ដោយ​ សារជំងឺ​EV-71 ​នេះ​ភាគ​ច្រើន​​​​គឺអាច​​ចេញមកពី​​មាត់គ្រូពេទ្យ​ ។ នាង​​​និយាយថា ​​ក្នុង​នាម​ជា​​គ្រូពេទ្យ​មិនគួរ​និយាយ​ពាក្យ​ដែលមិន​មែនជាការ​ពិតទេ ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាត់ សុឃីម