(ភ្នំពេញ)៖ មួយរយៈចុងក្រោយនេះ តារាកំប្លែង នាយគ្រឿន ត្រូវបានគេសម្គាល់ឃើញថា កំពុងទទួលបានប្រជាប្រិយភាព ពីសំណាក់ទស្សនិកជន ដោយសារតែតារាកំប្លែងរូបនេះ ចូលចិត្តធ្វើឲ្យប្រិយមិត្ត ផ្ទុះសំណើចជាមួយនឹងភាពប៉ិនប្រសប់ កំប្លុកកំប្លែង ទើបជំរុញឲ្យរូបលោក លេចមុខនៅក្នុងខ្សែភាពយន្ត របស់ផលិតកម្ម «LD Picture» សារជាថ្មី ក្នុងរឿង មានចំណងជើងថា «ចិញ្ចៀនខ្មោច»។ ទន្ទឹមនឹងក្ដោបក្ដាប់តំណែងជាតួអង្គសន្តិសុខ នាយ គ្រឿន ក៏បានបញ្ជាក់ដែរថា ខ្លួនគ្មានបំណងបន្តុះបង្អាប់ ឬមើលងាយ ដល់មុខរបរសន្តិសុខ និង អ្នកមានមុខរបរជាអ្នកយាម នៅតាមបុរី តាមផ្សារ ឬក្រុមហ៊ុននានានោះឡើយ ពោលគឺសកម្មភាពក្នុងរឿងនេះ គ្រាន់តែជាការសម្ដែង ដើម្បីឲ្យមហាជន ចូលរួមសើច សប្បាយរីករាយ ជាមួយនឹងរូបលោក តែប៉ុណ្ណោះ។

នាថ្ងៃបើកសម្ពោធ នៃការដាក់បញ្ចាំង រឿង «ចិញ្ចៀនខ្មោច» វណ្ណកម្មថ្មីរបស់ផលិតកម្ម LD Picture នាយ គ្រឿន បានថ្លែងប្រាប់គេហទំព័រ Khmer Talking ឲ្យដឹងថា «បាទបង.! ចំពោះនៅក្នុងខ្សែភាពយន្តនេះ ខ្ញុំសម្ដែងជាតួអង្គសន្តិសុខ ដោយធ្វើកាយវិការឡិកឡក់ និយាយបែបកំប្លែង ដើម្បីឲ្យអ្នកទស្សនា បានសើចក្អះក្អាយ ជាមួយនឹងសកម្មភាពរបស់ខ្ញុំ។ ដោយឡែក នៅក្នុងអាជីពមួយនេះ បើឆ្លុះបញ្ចាំងមកទិដ្ឋភាពខាងក្រៅ ហាក់បីដូចជាប៉ះពាល់ដល់កិត្តិយស របស់ពួកគាត់បន្តិច។ ប៉ុន្តែតាមពិត មិនអ៊ឹចឹងទេ ខ្ញុំឃើញបងសន្តិសុខ នៅតាមបុរី គឺមានភាពម៉ត់ចត់ គោរពការងារបានល្អ ហើយយាមដល់យប់ទៀតផង។ ទោះបីជាមុខរបរមួយនេះ មិនសូវមានអ្នកចាប់អារម្មណ៍ក្ដី ប៉ុន្តែបើងាកមកជីវិតនាពេលបច្ចុប្បន្ននេះ សន្តិសុខ នៅក្នុងបុរីនីមួយៗ គឺត្រូវបានយកចិត្តទុកដាក់ ពីសំណាក់ម្ចាស់បុរី»។

នាយគ្រឿន បន្តទៀតថា លោកសង្ឃឹមថា ខ្សែភាពយន្តដែលនឹងចាក់បញ្ចាំង ចាប់ពីថ្ងៃទី ៣១ ខែឧសភា ខាងមុខនេះ នឹងទទួលបានការគាំទ្រ ពីសំណាក់ពុកម៉ែ បងប្អូន ព្រោះនាពេលកន្លងមក លោកធ្លាប់ទទួលបានជោគជ័យ លើខ្សែភាពយន្តមួយចំនួនរួចមកហើយ មានដូចជា រឿង «Two Brother», «អ្នកលេងជើងខ្វេ» និងរឿង«ជួបស៊យ» ជាដើម ពោលគឺចរិតបែបឡិះឡក់ កំប្លុកកំប្លែក ស័ក្តិសមជាមួយនឹងទេពកោសល្យ ដែលលោកមានពីកំណើត ផ្ទាល់តែម្ដង។

ងាកមកជីវិតគ្រួសារ តារាកំប្លែងរូបនេះ បានរៀបការរួចទៅហើយ ដោយភ្ជាប់និស្ស័យជាមួយនឹងនារី មានស្រុកកំណើតនៅឯ កោះចម្រើនម្ដុំអ្នកលឿង ហើយភរិយារបស់លោក មិនសូវបង្ហាញខ្លួន នៅក្នុងចង្គោមអ្នកសិល្បៈនោះទេ។ ម្យ៉ាងវិញទៀត បច្ចុប្បន្នលោក កំពុងមានកូន២នាក់ ដោយកូនទី១ មានអាយុប្រហែល៧ឆ្នាំ និងកូនទីពីរ មានអាយុប្រហែល ៣ឆ្នាំ៕

នាយ គ្រឿន
នាយ គ្រឿន

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយគ្រឿន