ភ្នំពេញ៖ ថ្ងៃនេះសូមបង្វែរអារម្មណ៍ប្រិយមិត្តអ្នកអាន មកស្គាល់ពីជីវប្រវត្តិខ្លះៗ របស់កំពូលតារាចម្រៀងស្រីដ៏ល្បីប្រចាំប្រទេស អ្នកនាង សុគន្ធ និសា ដែលអាចឈរជើងនៅលើវិថីសិល្បៈច្រើនឆ្នាំ និងនៅតែអាចរក្សាតំណែងជាតារាចម្រៀងលំដាប់ជួរមុខ។

អ្នកនាង សុគន្ធ និសា ដែលមានឈ្មោះពិត ប៊ុន សុគន្ធា កើតនៅថ្ងៃទី ១ ខែឧសភា ឆ្នាំ១៩៨៣។ នៅក្នុងគ្រួសារនាងមានបងប្អូន ៣នាក់ ប្រុស២ ស្រី១ ហើយនាងគឺជាកូនទី២នៅក្នុងគ្រួសារ។ បន្ទាប់ពីឪពុករបស់នាងបានទទួលមរណភាព នៅឆ្នាំ១៩៩៦រួចមក អ្នកនាង សុគន្ធ និសា បានចាប់ផ្តើមជីវិតចេញធ្វើការទាំងវ័យក្មេងជាអ្នកចម្រៀង តាមកម្មវិធីផ្សេងៗ ដើម្បីរកប្រាក់មកផ្គត់ផ្គង់គ្រួសាររបស់នាង។  

សុគន្ធ និសា កាលពីមុន

យ៉ាងណាមិញ នៅឆ្នាំ២០០០ អ្នកនាង សុគន្ធ និសា បានប្រឡងចម្រៀងនៅក្នុងស្រុកកំណើត របស់ខ្លួន ហើយនាងបានទទួលជ័យលាភីលេខមួយ ក្នុងចំណោមបេក្ខជនប្រឡងជាង ៣០០នាក់។

នៅឆ្នាំ២០០៣ និសា ត្រូវបានផលិតកម្មក្នុងស្រុកមួយឈ្មោះថា រស្មីស្ទឹងសង្កែ បានយកនាងធ្វើជាតារាចម្រៀងពេញសិទ្ធ នៅក្នុងផលិតកម្មនោះ។ ឯចំណែកបទចម្រៀងដំបូងដែលចាប់ផ្តើមធ្វើឲ្យ កេរ្តិ៍ឈ្មោះនាងល្បីសុះសាយមកដល់បច្ចុប្បន្ននោះគឺ បទ «អរគុណភាពក្រ» បទ «គ្មានថ្ងៃបញ្ចប់» និង បទ «Please Stop»។

នៅឆ្នាំ ២០០៥ តារាចម្រៀងស្រស់សោភារូបនេះ ក៏បានចាកចេញពីផលិតកម្ម រស្មីស្ទឹងសង្កែ មកចូលផលិតកម្ម ស្ប៉ាក វិញម្តង។ ហើយបទដែលផ្ទុះខ្លាំងរបស់នាង នៅក្នុងផលិតកម្មមួយនេះ មានបទ «បេះដូងខ្វះកម្តៅ» បទ «ផ្ការីកក្នុងសមុទ្រទឹកភ្នែក» បទ «សមុទ្រស្ងប់ខ្យល់» ជាដើម។ 

សុគន្ធ និសា

លុះដល់ឆ្នាំ២០០៧ បន្ទាប់ពីធ្វើជាតារាចម្រៀងក្នុងផលិតកម្មស្ប៉ាក អស់រយៈពេល២ឆ្នាំរួចមក អ្នកនាង សុគន្ធ និសាក៏បានបោះជំហានចូល ផលិតកម្មដ៏ធំមួយក្នុងស្រុក គឺផលិតកម្មរស្មីហង្សមាស។ សម្រាប់ការចូលខ្លួនធ្វើជាតារាចម្រៀងពេញសិទ្ធ នៅក្នុងផលិតកម្មមួយនេះរួចមក និសា ក៏បានប្រែខ្លួន ចាប់ផ្តើមមានកេរ្តិ៍ឈ្មោះល្បីកាន់តែខ្លាំង រហូតក្លាយខ្លួនជាកំពូលតារាចម្រៀងប្រចាំប្រទេសថែមទៀតផង។ សម្រាប់បទចម្រៀងល្បី របស់និសា នៅក្នុងផលិតកម្មនេះ មានដូចជាបទ «ស្រក់ទឹកភ្នែកពេលកំពុងញញឹម» និងបទ «ប្រពន្ធអ្នកណាផ្ញើទឹកភ្នែកមក» ជាដើម។

ក្រោយមក អ្នកនាង សុគន្ធ និសា ក៏ចាកចេញពីផលិតកម្មរស្មីហង្សមាស ហើយមកចូលក្នុងផលិតកម្មថោនអស់រយៈពេល ៤ឆ្នាំ។ បន្ទាប់មកនាងក៏បានវិលទៅរក ទ្រនំចាស់ដែលធ្លាប់ធ្វើឲ្យនាងមានកេរ្តិ៍ឈ្មោះល្បីល្បាញ គឺផលិតកម្មរស្មីហង្សមាស។

បច្ចុប្បន្ន អ្នកនាង សុគន្ធ និសា គឺជាកំពូលតារាចម្រៀងមួយរូប ប្រចាំប្រទេស ក៏ដូចជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសផងដែរ។ ហើយនាងក៏កំពុងតែមានសន្ទុះប្រជាប្រិយភាពកាន់តែខ្លាំង ជាមួយនឹងការងារថ្មី ជាតំណែងគណកម្មការកម្មវិធីលំដាប់ថ្នាក់ពិភពលោក និងជាតារាសម្តែង តួឯក ក្នុងរឿងភាគដ៏ល្បី «សិសិររដូវក្នុងបេះដូង» និងរឿង «រាជនីភូមិគ្រឹះ»៕ 

សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា