(ភ្នំពេញ)៖ មួយរយៈមកនេះ បន្ទាប់ពីមានវីដេអូមួយ ដែលបង្ហាញពីជម្លោះរវាងប្រពន្ធដើម និងប្រពន្ធចុង កំពុងតែល្បី និងចែករំលែកតៗគ្នាពេញបណ្ដាញសង្គមហ្វេសប៊ុករួចមក មានមតិជាច្រើនបានបញ្ចេញជាបន្តបន្ទាប់ ក្នុងនោះកឺមានប្រធានសមាគមន៍សិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា ចូលរួមបញ្ចេញមតិផងដែរ។ អ្វីដែលពិសេសនោះ អ្នកនាង ចន ច័ន្ទលក្ខិណា បានផ្តាំផ្ញើរដល់មនុស្សស្រី ទាំងឡាយឲ្យឈប់ឈ្លោះគ្នា ដណ្តើមប្រុសទៀតទៅ ខណៈចំណុចនេះ ត្រូវបានមិត្តក្នុងហ្វេសប៊ុកចាប់អារម្មណ៍យ៉ាងខ្លាំង។

ក្នុងនោះ អ្នកនាង ចន ច័ន្ទលក្ខិណា បានសរសេរបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា «ម្នាក់ៗឈឺចាប់ណាស់ត្រង់ប្រពន្ធដើម ដៀលប្រពន្ធចុងក្ររហាម ហើយជេរម៉ែគេ និងនាំគ្នាអាណិតខាងចុង ដែលកំពុងសរសៃខ្ចី ហើយត្រូវខាងប្រពន្ធដើមព្រួតគ្នា មករករឿងដល់ផ្ទះ។ យល់ហើយពាក្យថា អង្ករក្លាយជាបាយ ចុះបើបានលឺសម្តីប្រពន្ធចុង Call ទៅឌឺប្រពន្ធដើម ដែលកំពុងកូនខ្ចី ថាគេយកគ្នា គឺរង់ចាំប្រពន្ធដើមកូនធំបន្តិចប្តីនោះ និងលែងលះប្រពន្ធដើមហើយ មកយកខ្លួនពេញសិទ្ធតើយ៉ាងម៉េចទៅវិញ? នេះឬអង្ករក្លាយជាបាយ? ម្នាក់ៗនាំគ្នាអាណិតប្រពន្ធចុងត្រូវប្រពន្ធដើម មករករឿងពេលកំពុងកូនខ្ចី ចុះមានអាណិតចិត្តប្រពន្ធដើម ដែលត្រូវប្រពន្ធចុង call ទៅឌឺដងពេលកំពុងកូនខ្ចីដែរឬទេ? គិតថាមិនចង់បញ្ចេញមតិទេ ព្រោះប៉ះគេប៉ះឯង តែអ្នកធ្លាប់ទើបចុកចាប់»។

ប្រធាសមាគមសិល្បករខ្មែរ រូបនេះ បានបន្តថា «ស្រីៗយើងអើយ ឈប់ឈ្លោះគ្នាដណ្តើមប្រុសទៅ ខាងដើម បើដឹងថាចិត្តគេមិននៅនិងយើងហើយគួរបែកគ្នាទៅ មនុស្សរស់នៅជាមួយចិត្តផង កាយផង បើគេមានថ្មីបានន័យថា គេឈប់ស្រលាញ់យើងហើយ គេអស់ចិត្តជាមួយយើងហើយ គេធុញទ្រាន់និងយើងហើយ ចិត្តគេនៅជាមួយអ្នកថ្មីហើយ អ្វីដែលថ្មីគឺឆ្ងាញ់ ល្អ ឈ្ងុយ ក្រអូប មានរសជាតិខ្លាំងណាស់ ទោះផ្អែម ជូរ ហិរ ប្រៃ សាប ភ្លាវ ក៏នៅតែឆ្ងាញ់ដែរ កុំបង្ខំគេឲ្យនៅជាមួយយើងនាំថោកខ្លួន បើបន្តរស់នៅតទៅទៀត គឺយើងអាចក្លាយទៅជាមនុស្សមានជំងឺផ្លូវចិត្ត ឬក៏អាចក្លាយទៅជាមនុស្សវិកលចរិក»។

ភរិយារបស់លោក ហេង ឡុង រូបនេះ បានបន្ថែមថា «ហើយបុរសៗ សូមកុំរស់នៅជាមួយប្រពន្ធ ដែលរៀបការយូរឆ្នាំរហូតដល់ទ្រលាន់ដូចញាំសម្លប្រហើររាល់ថ្ងៃ ហើយដាក់សម្ពាធអារម្មណ៍បង្ខំចិត្តធ្វើជាញាំទាំងទើសទាល់ ក៏ព្រោះតែការទទួលខុសត្រូវគ្រួសារ គ្មានសេចក្តីសុខសុភមង្គលទេ កុំទ្រាំ បើទ្រាំ អ្នកដែលឈឺចាប់គឺ ខ្លួនឯង ប្រពន្ធដើម ប្រពន្ធចុង ស្រីកំណាន់ ឪពុកម្តាយទាំងសងខាង ឪពុកម្តាយប្រពន្ធចុង ជាពិសេសគឺកូនៗ»។

គួរបញ្ជាក់ថា ជាមួយនឹងការបញ្ចេញមតិខាងលើ ពីសំណាក់ប្រធានសមាគមសិល្បករខ្មែររូបនេះ ត្រូវបានមិត្តក្នុងបណ្ដាញសង្គមហ្វេសប៊ុកមិនតិចទេ ចូលរួមគាំទ្រ ខណៈតារាសម្តែង អ្នកនាង ចន ច័ន្ទលក្ខិណា គឺមានបទពិសោធត្រូវបានគេ មើលងាយជាច្រើន ពីសំណាក់បុគ្គលរិះគន់ក្នុងន័យជាន់ពន្លិច ជាពិសេស អ្នកនាង ត្រូវបានពួកអ្នករិះគន់ទាំងនោះ ហៅថា ប្រពន្ធឥតខាន់ស្លារបស់ លោក ហេង ឡុង ទៀតផង៕

ចន ច័ន្ទលក្ខិណា
ចន ច័ន្ទលក្ខិណា
ចន ច័ន្ទលក្ខិណា
សាររបស់ចន ច័ន្ទលក្ខិណា

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា