(ភ្នំពេញ)៖ តារាសម្តែង និងជាថៅកែហាងកាត់សក់វ័យក្មេង កញ្ញា ពេជ្រ ចរណៃ ស្របពេលដែលអារៈជំងឺ បានជាសះស្បើយ ហើយអាជីពសិល្បៈ ក៏កំពុងតែផ្តើមមានសន្ទុះ ទីផ្សារខ្លាំងឡើងវិញនោះ ថ្មីៗនេះ នាងបានប្រកាសត្រៀមបង្ហាញ សកម្មភាពមនុស្សធម៌ តាមរយៈការចែកសម្ភារៈសិក្សា ដល់សិស្សប្រមាណជាង៦០០នាក់ នៅខេត្តតាកែវ។

តាមរយៈការ Live វីដេអូ កាលពីព្រឹកមិញនេះ តារាសម្តែងស្រស់ស្អាតកញ្ញា ពេជ្រ ចរណៃ បាននិយាយថា «សល់ពេលតែ២ថ្ងៃទៀតទេ ពោលគឺនៅថ្ងៃទី១០ ខែមិនាឆ្នាំ២០១៨ខាងមុខនេះ នាង និងក្រុមការងារ នឹងធ្វើដំណើរទៅខេត្តតាកែវ ដើម្បីចែករំលែកសម្ភារៈសិក្សា ដល់សិស្សសាលាបឋមមួយកន្លែង ដែលមានភាពខ្វះខាត និងមានទីតាំងឆ្ងាយដាច់ស្រយាល ពីទីរួមខេត្ត!»។

កញ្ញា ពេជ្រ ចរណៃ បានបញ្ជាក់ថា «តាមរយៈសកម្មភាពមនុស្សធម៌ ចែកសម្ភារៈសិក្សានេះដែរ បច្ចុប្បន្ន ខ្ញុំនៅមានការខ្វះខាតថវិកា និងសម្ភារៈមួយចំនួនទៀត។ ដូច្នេះខ្ញុំសូមអំពាវនាវ ដល់បងប្អូន ឬសប្បុរសជន ដែលមានទឹកចិត្តចូលរួម ជាមួយនាងខ្ញុំ និងក្រុមការងារ សូមមេត្តាជួយឧបត្ថម្ភ តាមលទ្ធភាពផង!»។

តារាសម្តែងស្រី ពេជ្រ ចរណៃ បានបន្តទៀតថា ចំពោះសម្ភារៈសិក្សា ដែលនៅមានការខ្វះខាតនោះ មានដូចជា សៀវភៅ និងប៊ិច ជាដើម។ ម្យ៉ាងទៀត នាងក៏ត្រូវការថវិកាបន្ថែម ដើម្បីទិញភេសជ្ជៈ និងអាហារមួយចំនួនដូចជា ទឹកក្រូច នំប៉័ង និងទឹកបរិសុទ្ធផងដែរ។ ចំនួនសិស្សដែលត្រៀមនឹងចែកសម្ភារៈសិក្សា នៅថ្ងៃទី១០មីនានោះ ត្រូវបានកញ្ញា ពេជ្រ ចរិណៃ បញ្ជាក់ឲ្យដឹងបន្ថែមថា មានរហូតដល់ទៅជាង៦០០នាក់ឯណោះ៕

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ ចរណៃ