(ភ្នំពេញ)​៖ កញ្ញា​ នី​ មុនីនាថ​ តារា​សម្ដែង​ល្បីល្បាញ​មួយ​រូប​ នៅ​រសៀល​ថ្ងៃ​ទី​២៩​ ខែ​វិច្ឆិកា​ ឆ្នាំ២០១៧នេះ​ ពុំបាន​ចូល​បំភ្លឺ​ចំពោះ​មុខលោក​ អ៊ុក​ វណ្ណា​រិទ្ធ​ ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ តាមការកំណត់នោះទេ។ ការចូលបំភ្លឺនេះ គឺពាក់ព័ន្ធ​នឹង​បណ្តឹង​ទាមទារ​ប្រាក់​ជាង​១០ម៉ឺន​ដុល្លារ​អាមេរិក​ ពី​សំណាក់​អតីត​គូ​ដណ្ដឹង​ ក្រោយពេលតារាទឹកភ្នែកដ៏ល្បីរូបនេះ បានផ្តាច់ពាក្យ។

ប្រភព​ព័ត៌មាន​បញ្ជាក់​ថា​ ទោះបី​ កញ្ញា​ នី​ មុនីនាថ​ ពុំបាន​ចូល​បំភ្លឺនៅចំពោះមុខចៅក្រមស៊ើបសួរក្តី​ ប៉ុន្តែ លោក​ រ៉ូ​ ប៊ីន​ណៃ​ មេធាវីការពារក្តីរបស់នាង បានចូល​បំភ្លឺ​ជំនួស​។​ ករណី​នេះ​ចៅក្រម​ នឹង​ឱ្យ​ដើម​ចោទ​និង​ចុងចម្លើយ​ ដាក់​ភស្តុតាងផ្សេងៗដែលពួកគាត់មាន។

សូមបញ្ជាក់ថា អតីត​គូ​ដណ្តឹង​តារា​សម្តែង​ នី មុន្នីនាថ គឺ​ លោក​អ៊ឹង សូ​ឡាង បានដាក់​ពាក្យបណ្តឹង​ដោយ​ទាមទារ​ឱ្យ​នាង​សង​ប្រាក់​ចំនួន​៧ម៉ឺន​ដុល្លារ​ និង​ ប្រាក់​ជំងឺចិត្ត​ចំនួន​៥​ម៉ឺន​ដុល្លារ​ បន្ទាប់ពី​អ្នក​ទាំងពីរ​កាត់​ផ្តាច់កា​រ​ទាក់ទង​គ្នា ។ លោក​ អ៊ឹង សូ​ឡាង​ ដែលជាអនិកជនខ្មែរអាមេរិក បានចោទ កញ្ញា នី​ មុនីនាថ ​ថា​បោក​យកប្រាក់​របស់ខ្លួន​ក្នុងពេល​ទាក់ទង​ជាមួយគ្នា ​ដោយនៅ​ក្នុងនោះ​លោក​បាន​ទិញ​របស់របរ​មានតម្លៃ​មួយចំនួន​ឱ្យ​នាង តែ​ដល់ពេល​ធ្លាក់​វី​សា​ ទៅ​នៅ​អាមេរិក​ជាមួយគ្នា​នោះ ត្រូវ​នាង​បដិសេធ​ទៅវិញ ។​

​ពាក្យបណ្តឹង​ដែល​ចុះហត្ថលេខា​ដោយ​មេធាវី​របស់លោក​អ៊ឹង សូ​ឡាង​ កាលពី​ចុងខែ​កញ្ញា​ឲ្យ​ដឹង​ទៀតថា មូលហេតុ​នៃ​ការទាមទារ​ពី​ដើមចោទ (​អ៊ឹង សូ​ឡាង​)​គឺ​ដោយសារ​ការ ដែល​បាន​ស្គាល់គ្នា និង​ស្រឡាញ់គ្នា​ជាមួយ​ចុង​ចម្លើយ (​នី មុន្នីនាថ​) នៅ​ឆ្នាំ​២០១៤ ដោយ​ព្រមព្រៀង​ដោយ​ច្បាស់លាស់​ថា នឹង​យកគ្នា​ជា​ប្តី​ប្រពន្ធ​នៅ​ថ្ងៃ​អនាគត ទើប​ដើមចោទ​បានរៀបចំ​ធ្វើ​ពិធី​ភ្ជាប់ពាក្យ ដោយមាន​ឪពុកម្តាយ​ទាំងសងខាង​យ៉ាង​ត្រឹមត្រូវ​។

​តាម​ពាក្យបណ្តឹង​នោះ បានបញ្ជាក់ទៀតថា នៅ​ថ្ងៃ​ភ្ជាប់ពាក្យ​ភាគី​ចុង​ចម្លើយ​ បានទាមទារ​បំពាក់​ជូន​ចុង​ចម្លើយ​នូវ​គ្រឿងអលង្ការ​ដូចជា​ខ្សែ​.​ក​ពេជ្រ​,​ចិញ្ចៀនពេជ្រ​និង​ក្រវិល​ពេជ្រ​ មានតម្លៃ​៣​ម៉ឺន​៧​ពាន់​ដុល្លារ​។ ​ម្យ៉ាងទៀត​ដោយសារ​ដើមចោទ​ជា​អាណិកជន​រស់នៅ​សហរដ្ឋអាមេរិក ដើមចោទ​ខិតខំ​ព្យាយាម​បំពេញបែបបទ​ធានា​យក​ចុង​ចម្លើយ​ទៅ​រស់នៅ​សហរដ្ឋអាមេរិក ។ ប៉ុន្តែ​នៅ​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៧ បន្ទាប់ពី​ចុង​ចម្លើយ​បានទទួល​វី​សា​ឱ្យ​ទៅ​អាមេរិក បែរជា​មិន​ទៅ​ថែមទាំង​លប់ចោល​ការភ្ជាប់​ពាក្យរ​វាង​ដើមចោទ​ថែម​ទៀតផង ដោយ​លើក​ហេតុផល​ថា ដើមចោទ​មិនចេះ​ប្រើពាក្យ​ផ្អែម​ជាមួយ​ចុង​ចម្លើយ ដែលជា​មូលហេតុ​មិន​ត្រឹមត្រូវ​នោះទេ​៕

នី មុនីនាថ
នី មុនីនាថ និងគូដណ្តឹង
នី មុនីនាថ

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី មុនីនាថ