ខេត្តកំពង់ស្ពឺ ៖ រឿងរ៉ាវ​បង្ក​ការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង បន្ទាប់​ពី​ពលរដ្ឋ​មួយ​ភូមិ​បាន​នាំ​គ្នា​ចោមរោម​នៅ​មុខ​ផ្ទះ​បុរស​ចំណាស់​មួយ​រូប ដោយ​ទាមទារ​ឱ្យ​យក​ទៅ​សម្លាប់​ចោល​ដោយ​ចោទ​ថា ចេះ​អំពើ​អាប​ធ្មប់ តែ​មិន​បាន​សម្រេច​នោះ​ទេ ព្រោះ​សមត្ថកិច្ច​ដឹកនាំ​ដោយ​លោក​អភិបាលស្រុក និង​នគរបាល​បាន​អន្តរាគមន៍​ទាន់​ពេលវេលា​។

លោក​វរសេនីយ៍ឯក ឃឹម សុ​ផា​ន់​រា អធិការ​នគរបាល​ស្រុក​គងពិសី បាន​ប្រាប់​នៅ​ព្រឹក​ថ្ងៃ​ទី​០១ ខែមេសា ២០១៧ ថា ករណី​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១៥​និង​៣0​នាទី ថ្ងៃ​ទី​៣១ មីនា នៅ​ភូមិ​ត្រពាំង​ស្វាយ ឃុំ​ព្រៃ​វិហារ ស្រុក​គងពិសី ។ បុរស​ចំណាស់​ដែល​រង​នូវ​ការ​ប៉ុនប៉ង​សម្លាប់​នេះ​ឈ្មោះ ប្រាក់ គង់ ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​ខាងលើ មុខរបរ​ជា​គ្រូ​ទស្សន៍​ទាយ ។

លោក​អធិការ​បន្ត​ថា តាម​ការ​ស្រាវជ្រាវ​ករណី​នេះ​បាន​កើតឡើង បន្ទាប់​ពី​មាន​អ្នក​ភូមិ​ម្នាក់​មាន​ជំងឺ​មើល​មិនជា ទើប​កើត​មាន​ហេតុការណ៍​បែប​នេះ​ឡើង​។ ទោះជា​យ៉ាងណា ការ​ប៉ុន​ប៉ុង​ទាមទារ​យក​បុរស​ចំណាស់​ពីលើ​ផ្ទះ​មក ដើម្បី​សម្លាប់​នេះ​មិន​បាន​សំរេច​នោះ​ទេ ដោយ​សមត្ថកិច្ច​នគរបាល​ស្រុក​ដឹកនាំ​ដោយ​លោក ចែ​ម ភឺន​រី​ម​វុ​ទ្ធី បាន​ចុះ​ទៅ​អន្តរាគមន៍​ទាន់​ពេលវេលា និង​បាន​នាំ​បុរស​រូប​នេះ​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ធានា​សុវត្ថិភាព​កុំឱ្យ​មាន​អំពើ​ហិង្សា​ណាមួយ​កើតឡើង​។

បើ​តាម​សម្តី​នគរបាល​ស្រុក​មួយ​រូប​បាន​ប្រាប់​ថា វា​ពិបាក​ណាស់ ទម្រាំ​ជម្លៀស​ជន​រង​គ្រោះ​ចេញពីផ្ទះ​មក​បាន ព្រោះ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​យល់​ខុស​បាន​ទាមទារ​ចង់​យក​ជន​រង​គ្រោះ​ទៅ​សម្លាប់ ដោយ​ចោទ​ថា ចេះ​អំពើ​អាប​ធ្មប់ ទើប​អ្នក​ក្នុងភូមិ​មាន​ជំងឺ​មើល​មិនជា​បែប​នេះ​។ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​០១​នេះ សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ដឹង​ថា ក្រុម​មនុស្ស​ដែល​ទាមទារ​ចង់​យក​ជន​រង​គ្រោះ​ទៅ​សម្លាប់​នេះ មាន​គ្នា​១៩​នាក់​សុទ្ធ​សឹង​ជា​អ្នក​ពាក់ព័ន្ធ​សកម្ម ក្រៅពី​នោះ​គឺជា​អ្នកគាំទ្រ​។

ស្ត្រី​ចំណាស់​ម្នាក់​ជា​ប្រពន្ធ​ជន​រង​គ្រោះ​បាន​រៀបរាប់​ថា ក្នុងភូមិ​មានគ្រួសារ​មួយ​មាន​មនុស្ស​ឈឺ តែ​គ្រួសារ​នោះ​មិន​បាន​យកចិត្តទុកដាក់​នាំ​ទៅ​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​ទេ បែរជា​ទៅ​រក​គ្រូ​ហោ​គុនគូរ​មើលទៅ​វិញ​។ តាម​អ្វី​ដែល​គាត់​ដឹង​គឺ​ហោរា​បាន​ប្រាប់​ថា នៅ​ក្នុងភូមិ​មាន​មនុស្ស​ចេះ​អំពើ​អាប​ធ្មប់ ទើប​ឈឺ​មិនជា​បែប​នេះ មិន​បាន​ប៉ុន្មាន​ផង ស្រាប់តែ​នាំ​គ្នា​មក​ចោទ​ប្តី​របស់​គាត់​ថា ចេះ​ធ្វើអំពើ​អាប​ធ្មប់​ទៅ​វិញ​។ តាម​ពិត​ប្តី​របស់​គាត់​មិន​ចេះ​អ្វី​នោះ​ទេ ហើយ​ការ​ដែល​គាត់​ចេះ​ទាយ​នេះ គឺ​ដោយសារ​តែ​ទាយ​តាម​សៀវភៅ​ដែល​គេ​ចងក្រង​ឡើង​ប៉ុណ្ណោះ​។ ការ​ដែល​ចោមរោម​ចង់​យកប្តី​គាត់​ទៅ​សម្លាប់​នេះ ម្នាក់​ៗ​លើក​ឡើង​ថា កាលណា​ចេះ​ទាយ គឺ​ចេះ​ធ្វើអំពើ​អាប​ធ្មប់​ហើយ បើ​ទោះជា​ប្តី​គាត់​ហា៑ន​ស្បថ​សូម​ឱ្យ​ព្រះធរណី​ស្រូប​យ៉ាងណា​ក៏​មនុស្ស​ទាំងនោះ​មិន​ព្រម​ឡើយ គឺ​ដឹង​តែ​ទាមទារ​ចង់​សម្លាប់​ប្តី​របស់​គាត់​ទៅ​វិញ​។ រឿង​នេះ​ក្នុង​នាម​គាត់​ជា​ប្រពន្ធ​បាន​ដាក់​ពាក្យបណ្តឹង​សូម​ឱ្យ​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត ដើម្បី​ជួយ​រក​យុត្តិធម៌​ឱ្យ​ប្តី​របស់​គាត់ ។ ក្រោយ​ដាក់​ពាក្យបណ្តឹង​រួច​ប្តី​របស់​គាត់​ត្រូវ​កូនប្រុស​ដឹក​យក​ទៅ​នៅ​ជាមួយ​ខាង​ខេត្តតាកែវ ដោយ​មិន​ឱ្យ​រស់នៅ​ក្នុងភូមិ​ខាងលើ​ទៀត​ឡើយ​។

លោក​វរសេនីយ៍ត្រី ទុ​យ ថេ​ន អធិការរង​នគរបាល​ស្រុក​គងពិសី បាន​លើក​ឡើង​ថា នេះ​ពិតជា​សំណាង​ហើយ​ដែល​ដឹង​ដល់​សមត្ថកិច្ច​ទាន់​ពេលវេលា បើ​យឺត​តែ​បន្តិច​ជន​រង​គ្រោះ​អាច​ស្លាប់​បាត់បង់​ជីវិត​បាត់​ទៅ​ហើយ​។ តែបើ​កើតឡើង​មែន​នោះ វា​ពិបាក​ណាស់​ក្នុង​ការ​ស៊ើបអង្កេត​រក​ជន​ដៃដល់ ព្រោះ​មនុស្ស​១​ភូមិ​ជា​អ្នក​ប្រព្រឹត្ត និង​សមគំនិត​គ្នា​។

មជ្ឈដ្ឋាន​ខាងក្រៅ​ដែល​ដឹង​រឿង​បាន​លើក​ឡើង​ថា សម័យនេះ​ហើយ​នៅ​មានការ​ជឿ​ដោយ​ខ្វះ​ការ​ពិចារណា​បែប​នេះ​ទៀត គួរ​ណាស់​តែ​ប្រើ​សតិសម្បជញ្ញៈ​គិត​ឱ្យ​បាន​វែង​ឆ្ងាយ​ថា តើ​នៅ​ពេល​ខ្លួន​ប្រព្រឹត្ត​អំពើ​ឃាតកម្ម​ទៅ​លើ​អ្នក​ដទៃ ហើយ​ខ្លួន​អាចរ​ស់បាន​សុខ​ឬ​យ៉ាងណា? បានជា​នាំ​គ្នា​ធ្វើ​ទ​ង្វើ​បែប​នេះ ឬ​មួយ​គិត​ថា រួម​គ្នា​មួយ​ភូមិ​ហើយ​សមត្ថ​កិច្ច​ស៊ើប​មិនដឹង? រឿង​បែប​នេះ​ធ្លាប់​បាន​កើតឡើង​ម្តង​មក​ហើយ​នៅ​ឃុំ​វាល​កាលពី​អំឡុង​១​ឆ្នាំ​មុន ដោយ​បុរស​ចំណាស់​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខ​លប​ចាក់​ធ្លាយ​ពោះវៀន​ស្លាប់​ក្រោមផ្ទះ ដោយ​ចោទ​ថា ចេះ​អំពើ​អាប​ធ្មប់​ដូច​ករណី​ខាងលើ​នេះ​ដែរ តែ​រហូត​ដល់​ពេល​នេះ​សមត្ថកិច្ច​នៅ​មិន​ទាន់​ចាប់​ជន​ដៃដល់​ណា​ម្នាក់​ឡើយ ព្រោះតែ​ស៊ើប​ទៅ​ដឹង​ថា មនុស្ស​ជា​ច្រើន​មាន​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​នេះ​៕

ប្រភព៖ កោះសន្តិភាព

ដោយឡែក ព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ បុក​រះ​ទៀត​ហើយ ! រថយន្ត​បុក​អូស​ជន​រង​គ្រោះ​1​គីឡូម៉ែត្រ​ស្លាប់​យ៉ាង​អាណោច​អ​ធ័​ម

រាជធានី​ភ្នំពេញ ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បង្ក​ឡើង​ដោយ​រថយន្ត​បុក​រះ​ម៉ូតូ​២​គ្រឿង​កាលពី​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០១៧ នៅ​ចំណុច​ខាងលិច​មន្ទីរពេទ្យ​ចោម​ចៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​បណ្តាល​ឱ្យ​បុរស​ម្នាក់​ត្រូវ​រថយន្ត​បុក និង​កិន​អូស​តាម​រថយន្ត​ប្រមាណ​មួយ​គីឡូម៉ែត្រ​ស្លាប់​ភ្លាម​ៗ​យ៉ាង​អ​ណោ​ច​អ​ធ័​ម​នៅ​នឹង​កន្លែង រីឯ​ប្រពន្ធ​បាន​រង​របួស​យ៉ាងដំណំ ចំណែក​បុរស​ផ្សេង​ម្នាក់​ទៀត​រង​របួសធ្ងន់ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​នៅ​នឹង​កន្លែង​មានឈ្មោះ សុខ ភា​រ័ក អាយុ​៣៥​ឆ្នាំ ជា​កម្មករ​រោងចក្រ ស្នាក់​នៅ​ភូមិ​អូរ​ឌឹ​ម សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ភូមិ​តាសក់ ឃុំ​កំពង់អំពិល ស្រុក​រំដួល​ខេត្តស្វាយរៀង ។ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ សុខ ហី​ម អាយុ​២៨​ឆ្នាំ ជាក​ម្មការ​នី​រោងចក្រ ស្នាក់​នៅ​ជាមួយ​គ្នា មានស្រុក​កំណើត​នៅ​ភូមិ​ចំ​រះ ឃុំ​គោក​ចក ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង ។ ចំណែក​បុរស​ម្នាក់​ទៀត​ដែល​រង​របួសធ្ងន់​មានឈ្មោះ យ៉ា​ន យ៉ា អាយុ​៣៥​ឆ្នាំ ជា​កម្មករ ស្នាក់​នៅ​ឃុំ​ព្រែក​រការ ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

ប្រភព​ព័ត៌មាន​បាន​ប្រាប់​ថា មុន​កើតហេតុ​ប្តី​ប្រពន្ធ​ខាងលើ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ជិះ​ម៉ូតូឌុប​គ្នា​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ខណៈ​មក​ដល់​ចំណុច​ខាងលើ​ស្រាប់ តែ​មាន​រថយន្ត​បង្ក​ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2P-5691 បើកបរ​បញ្ច្រាស់ទិស​គ្នា បាន​បុក​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឱ្យ​ម៉ូតូ​និង​ស្ត្រី​ជា​ប្រពន្ធ​អង្គុយ​ខាងក្រោយ​ខ្ទាត​ចេញ​ទៅ​ម្ខាង​រង​របួស​យ៉ាងដំណំ ចំណែក​ប្តី​ជា​អ្នក​បើក​ម៉ូតូ​បុក​អូស​ជាប់​រថយន្ត​ប្រមាណ​មួយ​គីឡូម៉ែត្រ​ទើប​ខ្ទាត​ចេញពី​រថយន្ត​បែកក្បាល​ស្លាប់​នៅ​នឹង​កន្លែង​តែ​ម្តង ។

ប្រភព​ដដែល​បាន​ប្រាប់​ទៀត​ថា ក្រោយ​ពីរ​បូត​មនុស្ស​ចេញពី​រថយន្ត​ហើយ​រថយន្ត​បង្ក​នៅ​តែ​ព្យាយាម​បើករ​ត់ទៅ​មុខ​ទៀត​រហូត​ទៅ​បុក​បុរស​ម្នាក់​ទៀត​ដែល​កំពុង​ជិះ​ម៉ូតូ​ម៉ាក​ស្មាស ពណ៌​ខ្មៅ បាន​បុក​ពីក្រោយ​បណ្តាល​ឱ្យ​រង​របួសធ្ងន់ ម៉ូតូ​ខ្ទេច​មួយ​កំណាត់​ខាងក្រោយ ហើយ​រថយន្ត​បង្ក​នៅ​តែ​ព្យាយាម​បើក​រត់​រហូត​ដល់​មុខ​ផ្សារ​ជម្ពូ​វ័​ន្ត​ទើប​អ្នក​បើករថយន្ត​ចុះ​ពីលើ​រថយន្ត​រត់គេច​ខ្លួន​បាត់​ធ្វើ​ឲ្យ​អ្នក​ឃើញ​ហេតុការណ៍​បាន​នាំ​គ្នា​បញ្ចេញ​កំហឹង​ទៅ​លើ​រថយន្ត​បង្ក​ខូចខាត​ស្ទើរ​ទាំងស្រុង ។

ក្រោយ​កើតហេតុ​សព​បាន​ប្រគល់​ឱ្យ​បងប្អូន​យក​ទៅ​ធ្វើបុណ្យ​នៅ​ស្រុក​កំណើត ដោយឡែក​រថយន្ត​បង្ក និង​ម៉ូតូ​ចំនួន​២​គ្រឿង​ត្រូវ​បាន​ការិយាល័យ​ចរាចរណ៍​ជើង​គោក​ចុះ​វាស់វែង និង​យក​ទៅ​រក្សា​ទុក​រង​ចាំ​ម្ចាស់​ចូលខ្លួន​ដោះស្រាយ​ពេល​ក្រោយ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]