ភ្នំពេញ៖ ក្រោយពីបានដឹងដំណឹងថា តារាចម្រៀងស្រី អ្នកនាង យក់ ថិតរដ្ឋា បានប្រកាសលាឈប់ ពីផលិតកម្មរស្មីហង្សមាសរួចមក បានធ្វើឲ្យមហាជន សោកស្តាយជាពន់ពេក លើការសម្រេចចិត្តរបស់នាងបែបនេះ។ ប៉ុន្តែរឿងមួយ ដែលអាចធ្វើឲ្យ អ្នកគាំទ្រអ្នកនាង យក់ ថិតរដ្ឋា នៅតែសប្បាយចិត្តបាន បើទោះបីពេលនេះ នាងលែងជាតារាចម្រៀង ក្នុងផលិតកម្មរស្មីហង្សមាស ទៅដោយក្តី។

បើក្រឡេកមើលសារ នៅក្នុងគណនីហ្វេសប៊ុក របស់តារាស្រីរូបនេះ  គឺរូបនាង នៅតែប្រកាន់ជំហររឹងមាំមួយថា នាងមិនបោះបង់ វិថីសិល្បៈចោលនោះទេ បើនៅតែមានអ្នកគាំទ្រ ស្រលាញ់ និងចូលចិត្តនាង ហើយជាពិសេស រូបនាង ចង់បំពេញបំណងប្រាថ្នា របស់លោកប៉ានាងផងដែរ។

ក្នុងនោះ នាងបានសរសេរថា "នាងខ្ញុំសូមអរគុណ ដល់បងប្អូនទាំងអស់គ្នាខ្លាំងណាស់ ដែលបានគាំទ្រ និងបាន comment ព្រមទាំង message មកកាន់ខ្ញុំជាច្រើន ហើយខ្ញុំសូមជំរាប ដល់បងប្អូនទាំងអស់ឲ្យបានជ្រាបដែរថា ខ្ញុំនឹងមិនបោះបង់ចោលឡើយ នូវវិថីសិល្បៈ មួយនេះដរាបណាបងប្អូននៅតែបន្តគាំទ្រ និងផ្តល់កម្លាំងចិត្តសម្រាប់ សិល្បៈការិនីម្នាក់នេះ បន្តទៀត ! ព្រោះថាខ្ញុំម្នាក់នេះមិនត្រឹមតែមានដុងពីកំនើតទេ ថែមទាំងមានឈាមជ័រជាអ្នកសិល្បៈផងដែរ ព្រោះលោកប៉ាខ្ញុំគាត់គឺជាតន្រ្តីករ មួយរូបដែលមានក្រុមភ្លេងជាមួយនឹង លោកពូ ណូយ វណ្ណណេតផងដែរ លោកប៉ាជាតន្រ្តីករផ្នែរ ព្យាណូ បាស់ និងសូឡូ ផងដែរ! ចឹង នាងខ្ញុំពិតជាមិនបោះបង់ទេ ដើម្បីបំពេញបំណងប្រាថ្នារបស់ លោកប៉ា និងបន្តវេនជាអ្នកសិល្បៈពីលោក ប៉ា ផងដែរ ព្រោះប៉ាបានចាកចេញពីកូនដោយគ្មានថ្ងៃនឹងត្រលប់វិញអស់រយៈពេលជាច្រើនឆ្នាំណាស់ មកហើយ !

បទច្រៀងដែលលោកបានស្តាប់ កូនច្រៀងដំបូងបង្អស់ គឺបទ (ចិត្តដាច់) RSK production លោកប៉ា ទន្ទឹងរង់ចាំថ្ងៃណាទៅទើបចេញជាVCDនឹងបានមើលការសម្តែង របស់កូនព្រោះប៉ា ជាអ្នកជូនកូនទៅដោយផ្ទាល់ ទីបញ្ចប់លោកប៉ាមិនទាន់ទាំងបានស្តាប់ផង ប៉ាបានទៅចោល កូនបាត់ទៅហើយ ចឹងកូនម្នាក់នេះនឹងសន្យាថាខំប្រឹងក្រោកដើរបន្តទៀត ហ៊ឹម ! នឹកលោកប៉ាខ្លាំងណាស់ លោកប៉ា ( យក់ ថិតសារិ ) ទេពកោសល្យ និងជំនាញ របស់លោក នឹងស្ថិតក្នុងចិត្តនឹងអារម្មណ៍របស់ កូនរហូត តទៅ"

យ៉ាងណាមិញ ខណៈពេលនេះ តារាចម្រៀង អ្នកនាង យក់ ថិតរដ្ឋា មិនទាន់បង្ហើបប្រាប់អ្នកគាំទ្រទេថា នាងនឹងត្រៀមដើរចូលផលិតកម្មមួយណាបន្ត ឬក៏ធ្វើយ៉ាងណា លើវិថីសិល្បៈបន្ត៕   

អ្នកនាង យក់ ថិតរដ្ឋា និងស្វាមី​ លោក ឃុំ ប៉ុណ្ណាដែត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យក់ ថិតរដ្ឋា