ភ្នំពេញ៖ កាលពីប៉ុន្មានម៉ោងមុននេះ នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ អតីតតារាចម្រៀង លោក ឃុំ ប៉ុណ្ណាដែត ដែលត្រូវជាស្វាមីរបស់អ្នកនាង យក់ ថិតរដ្ឋា បានបង្ហោះរូបភាពបង្ហាញពីលិខិតសុំលាឈប់មួយច្បាប់ របស់អ្នកនាង យក់ ថិតរដ្ឋា ដែលបានផ្ញើទៅកាន់ លោកអគ្គនាយក នៃផលិតកម្ម រស្មីហង្សមាស ជាមួយនឹងសារមួយ ដែលមានអត្ថន័យថា៖

«អារម្មណ៏មួយដ៏សែនពិបាក អរគុណចំពោះក្រុមការងារ ដូចជា លោកគ្រូភ្លេង អ្នកនិពន្ធ ទំនុកច្រៀង អ្នកដឹកនាំសំដែង ក្រុមបច្ចេកទេស និង ថ្នាក់ដឹកនាំទាំងអស់ របស់ផលិតកម្ម ហង្សមាស ដែលបានយកចិត្តជួយជ្រោមជ្រែងដល់ ភរិយាខ្ញុំបាទ ( អ្នកនាង យក់ ថិតរដ្ឋា ) ក្នុងរយៈពេលជិត ៥ ឆ្នាំភរិយាខ្ញុំពិតជាបានទទួលនូវបទពិសោធន៏ល្អៗ និងអនុស្សាវរីយ៏ល្អៗជាច្រើនដែលមិនអាចបំភ្លេចបាន ។

ការស្នើសុំលាឈប់នេះ គឺដោយសារមានធុរៈផ្ទាល់ខ្លួនដើម្បីបំពេញ ហើយការចាកចេញមួយនេះយើងខ្ញុំសង្ឃឹមថា រវាងយើងខ្ញុំ និងក្រុមការងារទាំងអស់ ជាពិសេសគឺថ្នាក់ដឹកនាំសំខាន់ៗ គឺពួកយើងនៅតែរាប់អាន និងជួយយកអាសារគ្នា ក្នុងនាមជាខ្មែរដូចគ្នា ក៏សង្ឃឹមថាថ្ងៃណាមួយយើងនឹងអាចរួមការងារជាមួយគ្នាបន្តទៀត ទោះជាក្នុងរូបភាពណាក៏ដោយ មួយវិញទៀតក្នុងនាមខ្ញុំជាស្វាមី អ្នកនាង យក់ ថិតរដ្ឋា សូមមេត្តាអភ័យទោសរាល់ពាក្យពេចន៍ទាំងឡាយ បើមានការលើសលោះ ដោយប្រការណាមួយ ។ ជាចុងក្រោយសូមជូនពរ ដល់បងប្អូនទាំងអស់ និង ក្រុមហ៊ុន ហង្សមាស មានសុខភាពល្អ អរគុណ ។ ឃុំ ប៉ុណ្ណាដែត»។  

យ៉ាងណាមិញ ទាក់ទងទៅនឹងការសម្រេចចិត្តដើរចេញពីផលិតកម្ម របស់អ្នកនាង យក់ ថិតរដ្ឋានេះផងដែរ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនជឿជាក់ថា មូលហេតុដែលនាងសម្រេចចិត្តលាឈប់នេះ គឺដោយសារតែ អ្នកនាងមានការអាក់អន់ស្រពន់ជាខ្លាំងចិត្តជាមួយនឹងក្រុមហ៊ុន ដែលមិនបានផ្តល់ភាពសំខាន់ និងការយកចិត្តទុកដាក់មកលើរូបនាង ទាំងដែលនាងក៏ជាតារាចម្រៀងជើងចាស់ មានប្រជាប្រិយមួយរូប និងបានឈរជើងនៅក្រោមទ្រនំផលិតកម្ម ហង្សមាសនេះ អស់រយៈពេលជាង៥ឆ្នាំមកហើយដែរ ប៉ុន្តែហាក់បីដូចជា មិនមានផ្លែផ្កាឬទទួលបានការយកចិត្តទុកដាក់ណាមួយពីក្រុមហ៊ុន ដូចអ្វីដែលនាងធ្លាប់បានរៀបរាប់នៅលើបណ្តាញសង្គមកន្លងមកនេះ៕   

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  ​អ្នក​នាង​យក់ ថិតរ​ដ្ឋា និង​កញ្ញា​សុ​ន ស្រី​ពេជ្រ ក៏ធ្លាប់បាន​ព្រមាន​ដើរ​ចេញពី​ផលិតកម្ម​ហង្ស​មាសផងដែរ ដោយ​សារផលិត​កម្ម​​នេះ បាន​នាំ​ចូល​តារាចម្រៀង ថ្មី​ៗ​ជា​ច្រើន ធ្វើ​ឱ្យ​តារាចម្រៀង​ចាស់​ៗ​មួយ​ចំនួន​ហាក់​កប់​បាត់ ។

ការ​ប្រកាស​របស់​តារាចម្រៀង​ស្រី​ទាំង​ពីរ​នាក់​នោះ​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​ពី​មជ្ឈដ្ឋាន​អ្នក​តាមដាន​សិល្បៈ​ចម្រៀង ខណៈ​ប្រិ​យ​មិត្ត​គាំ​តារាចម្រៀង​ទាំង​​ពីរ​ក៏​សម្តែង​ការ​មិន​ពេញចិត្ត​ដែរ​ចំពោះ​ផលិតកម្ម​ហង្ស​មាស ដែល​ហាក់​មិនសូវ​អើពើ​នឹង​តារាចម្រៀង​ចាស់​ៗ ។

នៅ​លើ​ហ្វេ​ស​ប៊ុ​ក របស់​តារាចម្រៀង​កញ្ញា សុ​ន ស្រី​ពេជ្រ កាលពី​ពេលកន្លង​មកនេះ​នាងបានសរសេរ​បង្ហោះ​ថា​ «​ជម្រើស​ល្អ​គឺ​ចាកចេញ​គេ​មាន​មនុស្ស​ច្រើន​ហើយ​អី​ុ​ចឹ​ង​យើង​គួរ​ចេញ​ទៅ​ចាប់​យក​ទ្រនំ​ថ្មី​ដែល​ផ្តល់​ក្តី​សង្ឃឹម​ថ្មី​សម្រាប់​យើង​ទាន់​មានឱកាស​» ។

បន្ទាប់​ពីសារ​របស់​កញ្ញា​សុ​ន ស្រី​ពេជ្រ​បង្ហោះ​បាន​ប៉ុន្មាន​ម៉ោង ស្រាប់តែ​លុប​ចេញ​វិញ ប៉ុន្តែ​តាម​រយៈ​សារ​នោះ​គឺជា​ហេតុផល​មួយ​ដែល​សម​ស្រប​ទៅ​នឹង​អ្វី​ដែល​នាង​ធ្លាប់​បាន​បញ្ជាក់​ពី​ពេល​កន្លង​មក ។

កញ្ញា​សុ​ន ស្រី​ពេជ្រ ធ្លាប់​អះអាង​ថា នាង​អាច​នឹង​ផ្លាស់​ចេញពី​ផលិតកម្ម​ហង្ស​មាស បន្ទាប់​ពី​ផលិតកម្ម​មួយ​នេះ​ហាក់​មិន​ចេញ​បទ ថ្មី​ៗ​ឱ្យ​នាង​ច្រៀង បូក​រួម​ទាំង​មិន​បាន​ចូល​រួម​ច្រៀង​តាម​ឆាក​ប្រគំ​តន្ត្រី ធំ​ៗ​ផង​ដែរ ។ បច្ចុប្បន្ន​ផលិតកម្ម​បាន​សម្រិតសម្រាំង​តែ​បទ​សម័យ​ថ្មី ដូច្នេះ​វា​គឺជា​មូលហេតុ​ដែល​នាង​គ្មាន​បទ​ច្រៀង ហើយ​អ្នកចម្រៀង​ដែល​អាច​ច្រៀង​បទ​ពី​សម័យ​ដើម​ក៏​ត្រូវ​បាន​កាត់​បន្ថយ ។

សុ​ន ស្រី​ពេជ្រ នៅ​មិន​ទាន់​ទម្លាយ​ឱ្យ​ដឹង​ទេ​ថា នាង​នឹង​ផ្លាស់​ទៅ​កាន់​ផលិតកម្ម​ថ្មី​ណាមួយ​នោះ ក្នុង​ពេល​ដែល​ជំហរ​នៃ​ការ​ចាក​ចេញពី​ផលិតកម្ម​ហង្ស​មាស​នៅ​មិន​ទាន់​ប្រាកដ​នៅឡើយ ។

ដោយឡែក​សម្រាប់​តារាចម្រៀង​ជើង​ចាស់​អ្នក​នាង​យក់ ថិតរ​ដ្ឋា ក៏​ត្អូញត្អែរ​អំពី​រឿង​បែប​នោះ​ដែរ ហើយ​នាង​ព្រមាន​នឹង​ចាក​ចេញពី​ផលិតកម្ម​ហង្ស​មាស​ដូច​គ្នា ។

អ្នក​នាង​យក់ ថិតរ​ដ្ឋា សរសេរ​សារ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​ខ្លី​ថា​ «​បើ​គិត​ថា​ខ្ញុំ​មិន​មាន​អ្វី​សំខាន់ សម្រាប់​អ្នក​ទៅ​ហើយ​! សុំ​តែ​អ្នក​និយាយ​ប្រាប់​ខ្ញុំ​តែ​មួយ​ម៉ាត់​បាន​ហើយ​ថា មិន​ត្រូវការ​ខ្ញុំ​ទៀត​! សោះនឹង​ខ្ញុំ​រង់ចាំ​លទ្ធផល​ចុង​ក្រោយ​ទាំងអស់​សង្ឃឹម !» ។

សារ​ដ៏​ខ្លី​មួយ​នេះ​ត្រូវ​ប្រិ​យ​មិត្ត​គាំទ្រ​អ្នក​នាង យក់ ថិតរ​ដ្ឋា យល់​យ៉ាង​ច្បាស់​ថា នាង​សរសេរ​សំដៅ​ទៅ​លើ​ផលិតកម្ម​ហង្ស​មាស​ក្នុង​ពេល​ដែល​តារាចម្រៀង​រូប​នេះ​មិនសូវ​មាន​បទ​ច្រៀង​ច្រើន និង​ឱកាស​បង្ហាញមុខ​តាម​ឆាក​តន្ត្រី​ដែល​រៀបចំ​ដោយ​ផលិតកម្ម​មួយ​នេះ​ក៏​ស្ទើរតែ​គ្មាន​រូប​នាង​ដែរ ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យក់ ថិតរដ្ឋា