(ភ្នំពេញ)៖ តារាចម្រៀង និងជាប្រធានសមាគមសិល្បករខ្មែរ លោក សុះ ម៉ាច និងក្រុមគ្រួសារ បច្ចុប្បន្ននេះកំពុងតែមានទុក្ខ ក្រៀមក្រំជាទម្ងន់ ខណៈអ្នកម្តាយធំរបស់ខ្លួនបានទទួលមរណភាព ដោយគ្មានពេលត្រឡប់ក្រោយ ជារៀងរហូត កាលពីរសៀលថ្ងៃទី ១៦ ខែមករា ឆ្នាំ២០១៦ម្សិលមិញនេះ។

នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់តារាចម្រៀងប្រុស លោក សុះ ម៉ាច បានសរសេរថា «រូបំ ទុក្ខំ អនិច្ចំ អនត្តា។ រសៀលម្សិលមិញ ខ្ញុំមានទុក្ខជាទម្ងន់ ដោយអ្នកម្តាយធំរបស់ខ្ញុំ គឺអ្នកម្តាយ សាន ម៉ៃសាម៉ាស ជនជាតិឥស្លាម ដែលជាភរិយាដើមរបស់លោកប៉ា សុះ ម៉ាត់ បានទទួលមរណភាព នាវេលាម៉ោង៣រសៀល ដោយជរាពាធ ក្នុងព្រះជន្មាយុ៨៨ឆ្នាំ!»។

លោក សុះ ម៉ាច បានបញ្ជាក់ថា «សពបានតម្កល់នៅផ្ទះ ខាងត្បូងស្ពានជ្រោយចង្វារ ចម្ងាយ៩០ម៉ែត្រ ក្បែរវិហារអ៉ីស្លាម​មុខដាច់នឹងបញ្ចុះនៅវេលាម៉ោង១១ព្រឹកថ្ងៃទី១៧ខែមករា ឆ្នាំ២០១៦។ ក្រៅពីអ្នកម្តាយ បង្កើតរបស់ខ្ញុំ គាត់ជាអ្នកម្តាយទីពីរ ដែលខ្ញុំតែងតែគោរពគាត់ដូចម្តាយ បង្កើតរបស់ខ្ញុំដែរ !»។

ប្រធានសមាគមសិល្បករកម្ពុជា លោក សុះ ម៉ាច បានលើកឡើងបន្ថែមថា «ពេលនេះគាត់លាខ្ញុំ និងក្រុមគ្រួសាររហូតហើយ លាដោយអាឡោះអាល័យ ក្រៃលែងគ្មានអ្វីនឹងថ្លែង បានឡើយ។ សូមវិញ្ញាណក្ខន្ធអ្នកម្តាយ បានទៅជួបលោកប៉ា និងបានដឹកដៃគ្នាទៅកាន់ឋានសុគតិភពកុំបីឃ្លាតឡើយ ជាតិក្រោយកូនសូមជួបលោកទាំងពីរ ជាថ្មីទៀត!»៕

ប្រភព៖ Khmertalking

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍ថ្ងៃទី១៦ មករា ២០១៧៖

មិនធម្មតា! ក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ អាចបង្កើតដ្រូនសម្រាប់ដោះមីន ទទួលបានប្រាក់ ៧៣ម៉ឺនដុល្លារ ពីរដ្ឋាភិបាលឥណ្ឌា

ឥណ្ឌា៖ ក្មេងប្រុសដែលជាសិស្សសាលា អាយុ១៤ឆ្នាំម្នាក់ បានទទួលប្រាក់រង្វាន់ចំនួន ៧៣ម៉ឺនដុល្លារអាមេរិក ពីរដ្ឋាភិបាលឥណ្ឌា បន្ទាប់ពីរូបគេ បានបង្កើតការទម្លាយភាពទាល់ច្រកមួយ នៃយន្តហោះគ្មានមនុស្សបើក ដើម្បីប្រឆាំងនឹងមីនក្រោមដី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន មីរ័រ ចុះផ្សាយកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧។

ក្មេងប្រុសតូច តែមានភាពវ័យឆ្លាតខាងលើនេះឈ្មោះ Harshwardhan Zala មកពីរដ្ឋ Gujarat ភាគខាងលិចប្រទេសឥណ្ឌា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដែលមានតម្លៃ ៥០លានរូពី (៧៣ម៉ឺនដុល្លារ) សម្រាប់ឧបករណ៍របស់គេ ដែលអាចជួយក្នុងការស្វែងរក ក៏ដូចជាដោះគ្រាប់មីន ដែលកប់នៅក្រោមដី។

ប្រភពព័ត៌មានឲ្យដឹងថា ឧបករណ៍មួយនេះ ត្រូវបានគេនិយាយថា នឹងក្លាយជាឧបករណ៍ដ៏ល្អប្រសើរមួយ ជាងឧបករណ៍ដែលកងទ័ពកំពុងប្រើនាពេលបច្ចុប្បន្ន ខណៈរដ្ឋាភិបាល បានផ្តល់ហិរញ្ញប្បទាន សម្រាប់ជាផ្នែកមួយនៃកំណែទម្រង់ចុងក្រោយ ទៅលើឧបករណ៍ដ្រូននេះ ដែលមានតម្លៃ ៥00,000 រូពី។ ក្មេងប្រុសខាងលើ ក៏ចង់ស្វែងរកលទ្ធភាពនៃការផលិត ផលិតផលរបស់ខ្លួនសម្រាប់ជាផលិតកម្មពាណិជ្ជកម្មផងដែរ។ 

ប្រភពព័ត៌មានបានបន្តថា ក្មេងប្រុស Harshwardhan ដែលមានឪពុកជាគណនេយ្យករ បាននិយាយថា រូបគេមានចំណាប់អារម្មណ៍យ៉ាងខ្លាំងទៅលើផ្នែកវិទ្យាសាស្រ្ត និងការច្នៃប្រឌិត ហើយរហូតដល់ថ្នាក់បង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនតូចមួយមានឈ្មោះថា Aerobatics ដោយគិតថា រូបគេមានបំណងចង់បង្កើតឧបករណ៍បែបនេះបន្ថែមទៀតនៅក្នុងពេលអនាគត។

Harshwardhan ក៏បានពន្យល់ពីដ្រូនសម្រាប់ដោះមីនរបស់ខ្លួនដែរថា “ដំបូងឡើយ ខ្ញុំបានបង្កើតមនុស្សយន្តមួយ ដើម្បីធ្វើការរកមើលមីនដែលកប់នៅក្នុងដី ប៉ុន្តែក្រោយមកខ្ញុំបានរកឃើញថា វាមានទម្ងន់ធ្ងន់ដែលអាចធ្វើឲ្យគន្លឹះមីនដំណើរការ ហើយផ្ទុះ និងបំផ្លាញខ្លួនវាបាន។ ដូច្នេះខ្ញុំគិតពីការបង្កើតយន្តហោះគ្មានមនុស្សបើក ដែលអាចស្ថិតនៅក្នុងចម្ងាយដែលមានសុវត្ថិភាពមួយ ខណៈពេលដែលកំពុងធ្វើការស្វែងរកគ្រាប់មីន។”

ដ្រូនមួយនេះ ដំបូងឡើយធ្វើការចាប់យកសញ្ញាគ្រាប់មីន តាមរយៈឧបករណ៍ចាប់សញ្ញាអ៊ីនហ្វ្រារ៉េដ(Infrared) ហើយបន្ទាប់មក ឧបករណ៍បំផ្ទុះ (50 gram detonator) ជាអ្នកបញ្ចប់ភារកិច្ចដោះមីន។ Harshwardhan បន្ថែមថា ចំពោះដ្រូនគំរូដំបូងដែលគេបានបង្កើត ត្រូវចំណាយប្រាក់អស់ប្រមាណ៤ ៧០០ដុល្លារ ហើយចំពោះការកែសម្រួលបន្ថែមនៅថ្ងៃអនាគត អាចនឹងត្រួវចំណាយប្រាក់បន្តិចបន្តួចបន្ថែមទៀត ប៉ុន្តែវានៅតែថោកជាងប្រព័ន្ធស្វែងរកមីនបច្ចុប្បន្ន ដែលកំពុងប្រើប្រាស់ដោយកងទ័ព៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុះ ម៉ាច