ភ្នំពេញ៖ បើគិតតាំងពីថ្ងៃចាក់បញ្ចាំង តាមបណ្តារោងភាពយន្តនានា រហូតដល់ពេលនេះ គឺរយៈពេល៥ថ្ងៃហើយ ដែលខ្សែភាពយន្តខ្នាតធំ «វិកលចរិត» បានកំពុងតែបម្រើអារម្មណ៍ទស្សនិកជន។ ប៉ុន្តែអ្វីដែលធ្វើឲ្យផលិតករឈឺចាប់ខ្លាំងនោះ គឺមកដល់ថ្ងៃនេះហើយ  រូបលោក មិនអាចទាន់រត់រួចថ្លៃដើមនោះទេ ដោយសារមានអ្នកចូលមើលតិចពេក។

លោក ហ៊ុយ យ៉ាឡេង បានឲ្យដឹងថា មុនថ្ងៃចាក់បញ្ចាំងខ្សែភាពយន្ត «វិកលចរិត»  រូបលោក បានមានសង្ឃឹមខ្ពស់ ព្រោះគិតថា រឿងនេះ អាចឲ្យអ្នកទស្សនាស្រែកដោយមិនដឹងខ្លួន ហើយក៏មិនអាចទាយដឹងដែរថា អ្នកណាជាឃាតករពិតនៅក្នុងរឿងនេះ។ មិនតែប៉ុណ្ណោះ រូបលោក ពិតជាជឿជាក់យ៉ាងខ្លាំងថា នឹងមានបងប្អូន ចូលរូមទស្សនាច្រើនកុះករ មិនចាញ់រឿងស្រុកគេ។

ប៉ុន្តែរហូតដល់ពេលនេះ ម្ចាស់ផលិតករ បានធ្លាក់ទឹកចិត្តមួយទំហឹងតែម្តង ព្រោះ៥ថ្ងៃហើយ ចំនួនសំបុត្រលក់ គឺមិនទាន់ស្មើ នឹងតម្លៃដែលគាត់ចំណាយទុនថតនៅឡើយទេ ហើយគាត់មិននឹកស្មានថា រឿងដែលគាត់ខំផលិត លះបង់ទាំងកាយ មានរបួសពេញខ្លួន ខំសម្រិតសម្រាំងល្អខ្លាំងបែបនេះ បែរជាមានអ្នកចូលទស្សនាតិចទៅវិញ។ 

នៅក្នុងហ្វេសប៊ុករបស់ លោក ហ៊ុយ យ៉ាឡេង បានសរសេររៀបរាប់អមរូបថត ធាក់កង់ ជាមួយនឹងទឹកមុខឈឺចាប់ជាពន់ពេក នៅមុខរោងភាពយន្តលុច្ស បានសរសេរថា "ធាក់កង់លែងចង់ទៅមុខហើយ! ជាង១៥ឆ្នាំហើយ ដែលខ្ញុំ បម្រើវិស័យនេះ! ភាពនឿយហត់ លំបាកមិនអាចទប់ស្កាត់ ឲ្យខ្ញុំបោះបង់លើការងារនេះឡើយ! ហើយខ្ញុំក៏បានសច្ចា ថានឹងបម្រើវិស័យនេះ អស់មួយជីវិតដែរ! តែឆ្នាំនេះពេលនេះ ហេតុអ្វីក៏ខ្ញុំអស់កម្លាំងចិត្តម្លេះ? ភាពយន្តដែលខ្ញុំលះបង់ស្បែកឈាមស្រស់ ស្ទើរឆ្កួតម្តងៗ ពេលសម្តែងជាតួឆ្កួត បរទេសកោតសរសើរឲ្យតម្លៃភាពយន្តមានកម្រិតស្តង់ដា តែទីបំផុតមានអ្នកគាំទ្រ តិចជាងភាពយន្តបរទេស ដែលមានគុណភាពស្មើគ្នា ឬមួយ ក៍គាត់ជឿជាក់តែរឿងបរទេស? សុំមេត្តាជឿជាក់ លើរូបខ្ញុំបានទេ? សាកមើលរឿងវិកលចរិតបានទេ? ពីកូនខ្មែរម្នាក់ ដែលដាក់ទុនជីវិតបម្រើវិស័យសិល្បៈខ្មែរជូនលោកអ្នក? បើសិនជាមើលហើយបងប្អូន៥០ភាគរយថាមិនល្អ ខ្ញុំមិននៅមុខក្រាស់នាំឲ្យខ្មាស់បងប្អូនទេ ខ្ញុំនឹងលាឈប់ពីវិស័យនេះភ្លាម"

បើក្រឡេកមើល សន្ទុះនៃអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ក្រោយពីបានឃើញម្ចាស់ផលិតករ បង្ហាញក្តីឈឺចាប់រួចមក ក៏បាននាំគ្នាស៊ែរសារមួយនេះ សឹងតែគ្រប់ៗគ្នា ហើយនឹងសន្យាថា ពួកគេនឹងឆ្លៀតទៅមើល ខ្សែភាពយន្តខ្នាតធំ វិកលចរិតមួយនេះឲ្យបាន។ សូមជួយទៅទស្សនាខ្សែភាពយន្ត បែបរន្ធត់ អាថ៌កំបាំងនឹកស្មានមិនដល់ «វិកលចរិត»ផង ដើម្បីជួយផ្តល់កម្លាំងចិត្តដល់ផលិតករ  និងលើកស្ទួយដល់វិស័យសិល្បៈខ្មែររបស់យើងផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហ៊ុយ យ៉ាឡេង