ភ្នំពេញ៖ ក្រោយពីកម្ពុជាចាញ់ម៉ាឡេស៊ី នៅក្នុងវគ្គជម្រុះពាន់រង្វាន់AFF Suzuki Cup ក្រោមលទ្ធផល ២ទល់នឹង៣ លោកគ្រូលី ដែលជាគ្រូបង្វឹករបស់កម្ពុជា បានដាក់កំហឹតយ៉ាងមុតមាំ ទៅលើកីឡាករកម្ពុជានីមួយៗ ដោយបានដកហូតយកទូរស័ព្ទដៃទាំងអស់របស់កីឡាករ និងមិនឲ្យប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ឬក៏អ្វីៗទាំងអស់ ដោយសារតែលោកចង់ឲ្យកីឡាករនីមួយៗ ផ្តោតការយកចិត្តទុកចិត្តសំខាន់បំផុត ទៅលើការប្រកួតកម្ពុជាប៉ះជាមួយនឹងមីយ៉ាន់ម៉ា នៅថ្ងៃទី២៣ ខែវិច្ឆិកានេះ ។

យ៉ាងណាមិញ ទន្ទឹមនឹងការដកហូតទូរស័ព្ទនេះផងដែរ បានធ្វើឲ្យគូដណ្តឹងសំណព្វចិត្តរបស់ កីឡាករ ប្រាក់ មុន្នីឧត្តម បង្ហោះសារជាមួយនឹងរូបភាពមួយចំនួន នៅលើគណនីហ្វេសប៊ុករបស់ខ្លួន បង្ហាញពីការនឹករលឹក និងការជូនពរឲ្យកម្លាំងចិត្តពីចម្ងាយផងដែរ ដោយក្នុងនោះនាងបានសរសេរថា៖

«បងទៅប្រទេសក្រៅច្រើនដងហើយ ប៉ុន្តែមិនដែលមានអារម្មណ៍ថានឹកបងខ្លាំងចឹងទេ ដោយសារតែពេលបងទៅរាល់ដង បងតែងតែនិយាយទូរស័ព្ទមើលមុខគ្នាជាមួយអូនរហូត ប៉ុន្តែថ្ងៃនេះគ្រូដកទូរសព្ទ័បងអស់ហើយ ចឹងអូនមានតែទ្រាំនឹកបង ព្រោះបងធ្វើដើម្បីមុខមាត់ប្រទេសជាតិ តស៊ូឡើង ខំប្រឹងឡើង ជូនពរឲ្យបងជោគជ័យគ្រប់ភារកិច្ច ជូនពរពីចំងាយ អូននឹកបងហើយស្រលាញ់បងណាស់ Prak Monyudom let's say good 9 everyone »។

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា កាលពីថ្ងៃទី២៥ ខែតុលាកន្លងទៅនេះ ខ្សែបំរើជម្រើសជាតិកម្ពុជា កីឡាករ ប្រាក់ មុន្នីឧត្តម និងអនាគតភរិយា បានមកថតឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរ ដើម្បីត្រៀមរៀបពិធីមង្គលការនាពេលខាងមុខនេះ។

ជាមួយនឹងឈុតសម្លៀកបំពាក់ប្រពៃណីខ្មែររបស់ កីឡាករ ប្រាក់ មុន្នីឧត្តម និងអនាគតភរិយា នេះដែរ ត្រូវបានតុបតែងស្ទូឌីយ៉ោសំអាងការមួយកន្លែង និងរូបថត ត្រូវបានបង្ហោះចែកចាយចូលបណ្តាញសង្គមហ្វេសប៊ុក។

ដូចគ្នានេះដែរ កាលពីសប្តាហ៍មុនកន្លងទៅ គួររំលឹកផងដែរថា ឧត្តម និងគូដណ្តឹង ក៏ធ្លាប់បានមកថតឈុត Pre Wedding ម្តងដែរ ដែលធ្វើឲ្យមហាជន នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក កោតសរសើរ និងអបអរសាទរ ព្រមទាំងចែករំលែកបន្តយ៉ាងច្រើនផងដែរ៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]