(ភ្នំពេញ)៖ តារាចម្រៀងប្រុស​ ប្រចាំផលិតកម្មភ្លេងរីខដ ទើបតែលើកពាន «I am A Singer Cambodia» លោក ដួង វីរៈសិទ្ធ ​ដែលមហាជនជាច្រើន បានសាទរជាខ្លាំង​ជាមួយរូបលោក ដោយថ្មីៗនេះ ត្រូវបានប្រភពព័ត៌មាន ទម្លាយចេញពីអ្នកធ្វើការងារ ក្នុងចង្កើមសិល្បៈដូចជាថា តម្លៃខ្លួនរបស់ តារាចម្រៀង បែបយុវវ័យ ដួង វីរៈសិទ្ធ ចាប់ផ្ដើមហក់ឡើង គួរឲ្យកត់សម្គាល់ ខុសប្លែកពីពេលមុន ដែលនេះជាទម្លាប់មួយទៅហើយ សម្រាប់សិល្បករ-សិល្បការិនីដែលមានឈ្មោះល្បី និងមានការគាំទ្រច្រើន។ ​

លោក ដួង វីរៈសិទ្ធ បានក្លាយជាតារាចម្រៀង មានអ្នកគាំទ្រច្រើនជាងគេ ក្នុងផលិតកម្ម ភ្លេងរីខដ ហើយក៏មិនចាញ់ តារាចម្រៀងរៀមច្បង ក្នុងផលិតកម្មហង្សមាស​ដែរ។ ​ការលើកពានរបស់លោក ក៏ធ្វើឲ្យតារាចម្រៀងរៀមច្បង ក្នុងផលិតកម្មអន់ចង់​ មិនតិចទេ ព្រោះលោកមានវ័យក្មេង សំឡេងមិនខ្ពស់ខ្លាំង តែលោកច្រៀងបានពីរោះ និង មានអ្នកគាំទ្រច្រើនមិនធម្មតា រហូតតារាចម្រៀង ហ្សូណូ ក៏បាក់មុខមិនតិចទេ ក្រោយពីធ្លាក់ពីកម្មវិធី ម្ដងជាពីរដង​។

តារាចម្រៀង ដួង វីរៈសិទ្ធ មុនពេលចូលរួម ប្រកួតក្នុងកម្មវិធី «I am A Singer Cambodia» តម្លៃខ្លួនលោកច្រៀង សម្រាប់កម្មវិធីមង្គលផ្សេងៗ ត្រឹមតែ៥០០ដុល្លារប៉ុណ្ណោះ សម្រាប់ការប្រគំតន្រ្តី តាមបណ្ដាខេត្ត ពី៥០០ទៅ៧៥០ដុល្លារ តាមកម្មវិធីនីមួយៗ ដែលធំ ឬក៏តូច។ សម្រាប់ការឡើងច្រៀង តាមបណ្ដាលស្ថានីយ​ទូរទស្សន៍ផ្សេងៗ គឺពី១០០ទៅ១៥០ដុល្លារ ព្រោះការឡើង​ច្រៀងតាមទូរទស្សន៍ មិនបានតម្លៃខ្លួនខ្ពស់ឡើយ ។

ក្រោយពីបានលើកពាន ក្នុងកម្មវិធី «I am A Singer Cambodia» មកភ្លាម តម្លៃ​ខ្លួន លោក ដួង វីរៈសិទ្ធ បានឡើងក្រឺតៗស្ទើរមិនគួរឲ្យជឿ តែម្ដង​។ ប្រភពពីអ្នកអញ្ជើញតារាឡើង ទូរទស្សន៍របស់ស្ថានីយមួយ បាននិយាយប្រាប់ Khmertalking ដួង វីរៈសិទ្ធ បានឡើងថ្លៃខ្លួន ខ្ពស់ជាងមុនបន្តិច តែមិនមែនខ្ពស់ រហូតមិនអាចទទួលយកបានទេ ពោលគឺសមស្របតាមអ្វី ដែលស័ក្តិសមនឹងកេរ្តិ៍ឈ្មោះ នាពេលបច្ចុប្បន្ន​។

ចំណែកឯក្រុមហ៊ុន P enter ជាក្រុមហ៊ុនរៀបចំ កម្មវិធីកំសាន្ត និងប្រគំតន្ត្រី ​តែងតែហៅ ដួង វីរៈសិទ្ធ ច្រៀងញឹកញាប់ជាងគេ បាននិយាយថា ​វីរៈសិទ្ធ តម្លៃខ្លួនពេលនេះ គឺ​៨០០ដុល្លារ ក្នុងមួយកម្មវិធីពេលល្ងាច​ ច្រៀងពីម៉ោង៥ ទៅដល់ម៉ោង១០យប់​។ តំណាងក្រុមហ៊ុនបានបន្តថា កាលពីមុនជាប់ ក្នុងកម្មវិធី «I am A Singer Cambodia» លោក ដួង វីរៈសិទ្ធ យកតម្លៃត្រឹមតែ៥០០ប៉ុណ្ណោះ តែពេលនេះខុសគ្នា។

តំណាងក្រុងហ៊ុនខាងលើបន្តថា តារាចម្រៀង ដួង វីរៈសិទ្ធ ច្រៀងកម្មវិធីពេលល្ងាចឲ្យ​ ក្រុមហ៊ុននេះ ញឹកញាប់ជាងគេ ក្រៅពីនេះ​មិនសូវមានទេ ប៉ុន្តែដួង វីរៈសិទ្ធ ជាតារាចម្រៀងមានអត្តចរឹតល្អ ស្លូតបូត ងាយស្រួលធ្វើការងារជាមួយគ្នា ហើយលោកច្រៀងបានច្រើនបទ ច្រើនទំរង់ ធ្វើឲ្យម្ចាស់កម្មវិធីសប្បាយចិត្ត​ ពិសេសអ្នកអញ្ជើញលោក ឲ្យចូលរួមភាគច្រើន​ជាអ្នកគាំទ្រ លោកផ្ទាល់តែម្ដង ៕

ប្រភព៖ Khmertalking

កំណត់ត្រាខ្មែរឡូត៖

គួររំលឹកថា ទីបំផុត កម្មវិធី «I Am a singer Cambodia» បានរកឃើញម្ចាស់ពាន​ហើយ គឺលោក ដួង វីរៈសិទ្ធ ដែលជាតារាចម្រៀងប្រចាំក្នុងផលិតកម្ម ភ្លេងរីខដ ​បានជាប់ជាជ័យលាភី ក្នុងរដូវកាលនេះ ខណៈកម្មវិធីមានរយៈពេល​១៣សប្ដាហ៍ ហើយមាន៦ជុំ និងមានវិញ្ញាសារចម្រៀងជាច្រើនដូចជា បទចម្រៀងផ្ទាល់ខ្លួន បទចម្រៀងញាក់ បទចម្រៀងស្រី តែអ្នកចម្រៀងប្រុសចច្រៀង បទចម្រៀងយីកេ ​ល្ខោនបាសាក់ និងវិញ្ញសារចុងក្រោយ គឺច្រៀងជាមួយ​តារាចម្រៀង អាជីពផ្ទាល់តែម្ដង​។

នៅវគ្គចុងក្រោយ លោក ដួង វិរៈសិទ្ធ បានប៉ះជាមួយ លោក ឯក ស៊ីដេ តារាចម្រៀងសំឡេងផ្អែម​​ពីរោះ បែបគ្រលួច​ ហើយអ្នកទាំងពីរច្រៀងបានល្អឥតខ្ចោះ ក្នុងបទចម្រៀង «ស្នេហ៍ស្រីង៉កង» ដែលបទចម្រៀងដ៏ល្បីល្បាញ កាលពីលោក ឯក ស៊ីដេ បានចូលសិល្បៈដំបូងៗ​។ លោក ដួង វីរៈសិទ្ធ មានគ្រូភ្លេង តាមបង្ហាត់បង្ហាញតែម្នាក់គត់ គឺលោក ម៉ម មិថុនា ដែលបានបង្រៀនលោក​ តាំងពីវគ្គដំបូងៗ រហូតដល់សប្ដាហ៍ចុងក្រោយ ហើយមានទាំងបង្ហាត់ឲ្យលោក វិរៈសិទ្ធ ចេះផ្លុំខ្លុយ ថែមទៀតផង​។

លោក ដួង វីរៈសិទ្ធ បាននិយាយថា «ការកាន់ពាន ជាអ្វីដែលលោកមិនធ្លាប់ស្រមៃ ទាល់តែសោះ ពិសេសក្នុងកម្មវិធីនេះ ផ្ទាល់តែម្ដង ព្រោះ តារាចម្រៀងក្នុងកម្មវិធី មានសមត្ថភាពគួរឲ្យញាក់សាច់ណាស់ ដូចជា លោក ហ្សូ​ណូ, កញ្ញា សួស វីហ្សា, កញ្ញាផន ស្រីខួច ជាដើម សុទ្ធតែមានដើមទុននៃសំឡេងដ៏អស្ចារ្យ ពិសេសពួកគាត់ ប្រឡូកសិល្បៈយូរមកហើយ»។

តារាចម្រៀង ដួង វិរៈសិទ្ធ បានថ្លែងបន្តថា «លោក​គិតថា ចូលរួមកម្មវិធីគ្រាន់តែកំដរគេប៉ុណ្ណឹង ហើយខ្លាចតែមិនដល់ជុំ ចុងក្រោយផងក៏មិនដឹង តែមកពីអ្នកគាំទ្រលោក ទើប​មានថ្ងៃនេះ ព្រោះកម្មវិធីត្រូវឲ្យបោះឆ្នោត តាមប្រព័ន្ធទូរស័ព្ទ ហើយលោកជាតារា ដែលមានអ្នកបោះឆ្នោតឲ្យច្រើន ស្ទើរតែរាល់សប្ដាហ៍ !»។

លោក ដួង វីរៈសិទ្ធ ថ្វីត្បិតតែមានពាន​ ក្នុងដៃ​ និងទទួលបានប្រាក់លើកទឹកចិត្ត​ច្រើនក៏ពិតមែន ក៏គេមិនអាចដឹងថា លោក​នឹងមានបទចម្រៀងច្រៀងច្រើនទៀត ឬយ៉ាងណាទេ ទោះបីលោកស្ថិតក្នុងផលិតកម្ម រស្មីហង្សមាស ហើយក៏ដោយ ។ លោក ដួង វីរៈសិទ្ធ ក៏ត្រូវបានមហាជនមួយចំនួន មិនសូវពេញចិត្ត ដោយសារតែហ្វេនលោកច្រើន ទើប​ជាប់ តែនេះជាលក្ខខ័ណ្ឌ នៃកម្មវិធីតម្រូវ ទើបលោកជាប់បានបានយ៉ាងងាយស្រួល។ បើសិនជាមានគណៈមេប្រយោគ លោកក៏មិនអាចកាន់ពានបានដែរ។ តែផ្ទុយពីនេះវិញ អ្នកគាំទ្របាននិយាយ លោក ដួង វិរៈសិទ្ធ ពិតជាមនុស្សមានសមត្ថភាព ខាងតន្ត្រីយ៉ាងពិតប្រាកដ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដួង វីរៈសិទ្ធ