(ភ្នំពេញ)៖ ថ្មីៗនៅក្នុងបណ្ដាញសង្គម បានផ្ទុះសំឡេងរិះគន់ ទៅលើអ្នកនាង ចន ច័ន្ទលក្ខិណា ជាថ្មី ដោយសារតែ​​នាងបានធ្វើជាគ្រូបង្វឹក ក្នុងកម្មវិធី «ខ្មែរស៊ូភើម៉ូឌែល» ជាមួយនឹង តារាសម្ដែង មាន សូនីតា និង​បរវកញ្ញា​ហ្គេ្រន កញ្ញា ស្រីនាថ ខណៈកម្មវិធីនេះ មានផលិតករ ជាជនជាតិថៃ ហើយត្រូវបានគេរិះគន់ថា បានចម្លងស្ទីល មកពីប្រទេសថៃទាំងស្រុង។

សំឡេងរិះគន់ទៅលើ អ្នកនាង ចន ច័ន្ទលក្ខិណា ផ្ទុះឡើងចេញពី ម្ចាស់គ​ណនីហ្វេសប៊ុក របស់ឈ្មោះ «Eang» ដែល​បាននិយាយថា ​«អត់ចង់ផុស​(បង្ហោះ)ទេ តែចំឡងគេពេកហើយ ១០០ភាគរយ សំខាន់មិនមែន The Face Cambodia ខ្ញុំមានមោទនភាព លើអ្នកផលិតកម្មវិធីនេះ ណាស់!»។

ពាក្យសម្ដីនេះ ជាពាក្យបញ្ចើចបញ្ចើ ទៅលើផលិតករ ដែលធ្វើកម្មវិធីនេះឡើង ក្នុងរូបភាពចំឡង ពីកម្មវិធី «The Face» ផលិតចេញពីប្រទេសអាមេរិក មាននាង ណាអូមី ខែមបល ជាអ្នកផលិតកម្មវិធីនេះ ដោយផ្ទាល់ នឹងលក់សិទ្ធចែកចាយ មកបណ្ដាប្រទេសផ្សេងៗ ក្នុងនោះគេឃើញប្រទេសថៃ ធ្វើបានល្អខ្លាំង ហើយលើសម្ចាស់ដើមទៀត​។

លក្ខខណ្ឌក្នុងការទិញសិទ្ធកម្មវិធីនេះ មានតម្លៃរាប់ម៉ឺនដុល្លារ​ឯណោះ ព្រមទាំងមានកុងត្រាជាច្រើន ​មានការពិបាកក្នុងការធ្វើ ក្នុងព្រះរាជាណាចក្រកម្ពុជា ទើបមិនទាន់មានទូរទស្សន៍ណា ទិញសិទ្ធ ដើម្បីផលិត ​ក្រៅពីប្រទេសថៃ ក៏មានប្រទេសវៀតណាម ដែលសុំសិទ្ធមកផលិតកម្មវិធីនេះដែរ។ កម្មវិធី «Khmer Super Model» បានផលិតជាច្រើន ជំនាន់រួចមកហើយ តែ​ចុងក្រោយនេះ បែរជាមានភាពខុសប្លែកខ្លាំង ព្រោះទំរង់ត្រូវចំឡងទាំងស្រុងពី «The Face Thailand» ហើយកាន់តែ គួរឲ្យអស់សំណើច ជាងនេះ ទៅទៀត សូម្បីតែការនិយាយស្ដី ការបង្ហាត់បង្ហាញ ក៏ដូចគ្នាទាំងស្រុង។

ជាក់ស្ដែង ក្នុងវគ្គមួយ ដែលតម្រូវឲ្យអ្នកនាង ចន ច័ន្ទ លក្ខិណា បង្ហាត់សិស្សពីមនោ​វិជ្ជា ពីការស្រមៃ ត្រូវបានចំឡងចេញពីវគ្គដូចគ្នា ទៅនឹង​អ្នកនាង លូកេត មេធានីកីងផាយម សម្ដែងកូនសិស្ស ពីមនោវិជ្ជាដូចគ្នា​។

មហាជនជាច្រើនពាន់នាក់ បានវាយប្រហាយ៉ាងខ្លាំង ទៅលើផលិតករ រួមទាំង អ្នកនាង ចន ច័ន្ទលក្ខិណា រហូតប្រិយមិត្តខ្លះ​បាននិយាយថា «ពេលងើបពីសង្គ្រាមថា ស្រុកយើងវាក្រ យើងចំឡងគេ ឥលូវស្រុករីកចំរើនហើយ នៅតែចំឡងគេទៀត ហេតុអ្វីមិនមានគំនិតអ្វី ដែលជារបស់ខ្លួនឯង»។ ប្រិយមិត្តខ្លះក៏បាននិយាយថា «គាត់ខំណាស់ ខំបកប្រែ ខំទន្ទេញ ល្មមបានប៉ុណ្ណឹង អស់អីនិយាយហ្មង!»។

បេក្ខនារីម្នាក់ បានចូលរួមក្នុងកម្មវិធី បាននិយាយថា «កម្មវិធីហ្នឹង ថៃអ្នករៀបចំ ហើយថៃ​ជាអ្នកចំឡងពីថៃគ្នាឯង កុំចេះតែថា ខ្មែរជាអ្នកខុស ពួកខ្ញុំជាបេក្ខនារី ធ្វើតាមតែវិញ្ញាសារ តែប៉ុណ្ណោះ!»។

ថ្វីត្បិតតែសំឡេង​រិះគន់ផ្ទុះឡើង ពេញហ្វេសប៊ុក តែគេមិនទាន់ឃើញ អ្នកនាង ចន ច័ន្ទលក្ខិណា មានប្រតិកម្មយ៉ាងណាទេ ប៉ុន្តែជាធម្មតា​អ្នកនាងមិនដែលនៅស្ងៀមឡើយ នៅពេល​ត្រូវបានមហាជនរិះគន់ ខុសទំនង​មកលើនាង៕

ប្រភព៖ Khmertalking

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  ចន ច័ន្ទលក្ខិណា ជួបទុក្ខធំ ព្រោះបាត់បង់មនុស្សជាទីស្រឡាញ់ ដោយគ្មានថ្ងៃវិលត្រឡប់មកវិញបាន ។ គួររំលឹកផងដែរថា អ្នកនាង ចន ច័ន្ទលក្ខិណា តារាភាពយន្តដ៏មានប្រជាប្រិយភាព និងល្បីល្បាញមួយដួង ប្រចាំអំឡុងចុងទសវត្សរ៍ឆ្នាំ៨០ និងដើមទសវត្សរ៍ឆ្នាំ៩០ ពេលនេះកំពុងមានទុក្ខសោក ជាទម្ងន់មិនអាចកាត់ថ្លៃបាន ព្រោះបានបាត់បង់សាច់ញាតិខាងឪពុករបស់នាងម្នាក់ ដែលទើបតែបានទទួលអនិច្ចកម្មទៅ។ លោកយាយ ដែលបានលាចាកលោករូបនេះ ត្រូវបានគេស្គាល់ជាក់ថា គឺជាម្តាយរបស់ប៉ាអ្នកនាងចន ច័ន្ទលក្ខិណា ផ្ទាល់តែម្តង។

នៅក្នុងនោះបានឲ្យដឹងថា លោកយាយ បានលាចាកលោកដោយរោគាពាធ ហើយសពក៏ត្រូវបានដង្ហែរ ដោយរថយន្ដដឹកសពរបស់ វត្តចង្វាបុប្ផារាមអូរាំងឪ។ ក្នុងពិធីបុណ្យសពទាំងមូល គេសង្កេតឃើញ មានវត្តមានពីសំណាក់ប្រជាពលរដ្ឋយ៉ាងច្រើនកុះករទាំងក្មេងទាំងចាស់ ដើម្បីចូលរួម រំលែកមរណៈទុក្ខដ៏ក្រៀមក្រំនេះ។ លើសពីនេះក៏មានអ្នកជិតខាងទូទៅមួយចំនួនធំ ក៏បាននាំគ្នា មកចូលរួមក្នុងក្បួនដង្ហែរសព យ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ។

ចំណែកនៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកវិញ អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានសរសេររៀបរាប់ពីអារម្មណ៍ក្តុលក្តួល និងបង្ហាញពីភាពសោកស្តាយយ៉ាង ក្រៃលែងណាស់ ចំពោះការបាត់បង់មនុស្សជាទីស្រឡាញ់ ដោយគ្មានថ្ងៃអាចវិល ត្រឡប់មកជួបគ្នាវិញបាន របស់ខ្លួនយ៉ាងដូច្នេះថា៖ «កូនចៅ ចៅទួតទាំងអស់ សូមបួងសួងអោយវិញ្ញាណក្ខ័ន លោកយាយទៅកាន់ សុគតិភពដែលជា ទីឋានដ៏ស្ងប់សុខ»។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា