ភ្នំពេញ៖ កាលពីម្សិលមិញនេះ តារាចម្រៀងជើងចាស់មួយរូប ដ៏មានប្រជាប្រិយភាពប្រចាំផលិតកម្ម «រស្មីហង្សមាស» រហស្សនាម មុខក្មេងសម្លេងចាស់ និងជាគ្រូបង្វឹកក្នុងកម្មវិធីប្រឡងចម្រៀង ដ៏ល្បីកម្រិតពិភពលោក «The Voice Cambodia» និងកម្មវិធី «Cambodian Idol» លោក ណុប បាយ៉ារិទ្ធ បានចែករំលែក (Share) និងបញ្ចេញមតិសរសើរ នៅលើគណនីហ្វេសប៊ុករបស់ខ្លួន បន្ទាប់ពីរូបលោក បានទស្សនានូវឃ្លីបវីដេអូ របស់បេក្ខភាព ២រូបប្រឡងចម្រៀងក្នុងកម្មវិធី លំដាប់ថ្នាក់ពិលោក American Idol ដោយឃើញថា ពួកគេទាំងពីរពិតជាមានសមត្ថភាព និងទឹកដមសម្លេងយ៉ាងពិរោះមែន។

ក្នុងនោះដែរ លោក ណុប បាយ៉ារិទ្ធ បានសរសេរបញ្ចេញមតិទៅលើ បេក្ខភាពប្រឡងទាំង ២រូបនោះថា «សាហាវ ទាំងសម្លេង អារម្មណ៍ ទឹកមុខ» ។ នេះសបញ្ជាក់ឲ្យឃើញថា បេក្ខភាពនារីទាំងពីររូបនេះ គឺពិតជាមានសម្លេងពិរោះ ជាមួយនឹងការបញ្ចូលនូវមនោសញ្ចេតនា អារម្មណ៍ ទឹកមុខ បានយ៉ាងល្អនៅក្នុងបទចម្រៀងមួយបទនេះ ដែលពួកគេទាំងពីរ បានលើកយកបកស្រាយផងដែរ។

អ្វីដែលពិសេសជានេះទៅទៀតនោះ សូម្បីតែគណកម្មាការដាក់ពិន្ទុ រួមទាំងទស្សនិកជាច្រើនពាន់នាក់ទៀត ដែលកំពុងតែទស្សនាផ្ទាល់នៅក្នុងស្ទូឌីយូនោះ សឹងតែទប់អារម្មណ៍មិនជាប់ មិនសរសើរមិនបាន នាំគ្នាងើបឈរស្រែកហ៊ោកញ្ជៀវ ទៅកាន់ពួកគេទាំងពីរ ពេញស្ទូឌីយូផងដែរ។

គួរឲ្យដឹងដែរថា បេក្ខភាពដែលចូលរួមប្រកួតប្រជែង ទឹកដមសម្លេងក្នុងកម្មវិធី American Idol ទាំងពីររូបនេះ រួមមាន នាង Jessica Sanchez និងនាង Jennifer Holliday ពោលគឺការប្រឡងរបស់ពួកគេទាំងពីររូប តាំងពីអំឡុងឆ្នាំ ២០១២កន្លងទៅមកម៉្លេះ ៕

ចង់ដឹងថាពិតជាកក្រើកនឹងទាក់ទាញយ៉ាងណានោះ ទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖  

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ណុប បាយ៉ារិទ្ធ ត្រូវគេ បង្ហើបថា ចេះរៀបចំ កូនក្រុមបាន​ ​ល្អជាងគេ។ 

លោក ណុប បាយ៉ារិទ្ធ ជាតារាចម្រៀងកិច្ចសន្យា ប្រចាំផលិតកម្ម ហង្សមាស និងជាគ្រូបង្វឹក ក្នុងកម្មវិធីប្រឡងចម្រៀង ល្បីកម្រិតពិភពលោក The Voice Cambodia ធ្លាប់ធ្វើឲ្យទស្សនិកជនជាច្រើន ភ្ញាក់ផ្អើល ជាមួយការឲ្យដំបូន្មាន និងវិធីសាស្ត្រ ក្នុងការអូសទាញ អ្នកប្រឡងចម្រៀង ដែលមាន សមត្ថភាព ពិតប្រាកដ ឲ្យក្លាយជាកូនក្រុម របស់លោក ដោយសារសម្ដីថ្វីមាត់ពូកែ ពិសេស ពាក្យពេចន៍ ក្នុងការនិយាយមុតចំ បេះដូងអ្នកស្ដាប់ ។

ឈានជើងចូលមកកាន់ វគ្គ The battle ជាវគ្គតានតឹងបំផុត សម្រាប់គ្រូបង្វឹកទាំងបួន ត្រូវសម្រេច ចិត្តភ្លាមៗ លើវេទិកាដើម្បីរើស យកកូនក្រុមតែម្នាក់ ទៅកាន់វគ្គផ្សាយផ្ទាល់ ។ ឆ្លងកាត់ការ ចាក់ផ្សាយ២សប្ដាហ៍ កន្លងមក គេសង្កេតឃើញថា កូនក្រុម ណុប បាយ៉ារិទ្ធ ហាក់មាន សមត្ថភាព គួរឲ្យព្រឺខ្លាចជាងគេ ព្រោះគ្មានកូនក្រុមមួយណា ច្រៀងបទចម្រៀងងាយស្រួលទេ សុទ្ធតែបទស្រែក ដល់កំពូល ខណៈដែលកូន ក្រុមរបស់លោក សុទ្ធតែលេចធ្លោ តាំងពីវគ្គដំបូង។

ទស្សនិកជនជាច្រើន បានសរសើរ លោក ណុប បាយ៉ារិទ្ធថា មិនត្រឹមតែពូកែ ផ្នែកនិយាយស្ដី ចូលត្រចៀកចូល ច្រមុះអ្នកស្ដាប់ទេ លោកពូកែក្នុង ការរៀបចំការស្លៀកពាក់ ឲ្យកូនក្រុម មើលទៅ ស្អាតបាត និងសមគ្នាជាមួយបទចម្រៀង ធ្វើឲ្យអត់ទ្រាំ សរសើរមិនបាន បើប្រៀបធៀប ជាមួយក្រុមដទៃ អាចនឹងមាន សំលេងខ្ពស់ៗដូចគ្នា តែការស្លៀកពាក់ តុបតែងខ្លួន មិនអាចប្រៀប ជាមួយក្រុម លោក ណុប បាយ៉ារិទ្ធ បានទេ ។

មហាជនជាច្រើន កំពុងតែរង់ចាំមើលបន្តទៀតថា តារាចម្រៀងល្បីមួយទស្សវត្សនេះ នឹងមានអ្វីប្លែក ក្នុងវគ្គនៃការផ្សាយផ្ទាល់ ព្រោះលោកបានធ្វើឲ្យ ទស្សនិកជនភ្ញាក់ផ្អើល ជានិច្ច លោកបានសាងរឿងរ៉ាវ ភ្ញាក់ផ្អើលជាច្រើន ដូចនេះមានតែ រង់ចាំមើលបន្តថា នឹងមានអ្វីប្លែកៗបន្តទៀត ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណុប បាយ៉ារិទ្ធ