គ្រប់ភាពជោគជ័យ សុទ្ធតែបង្កប់ទៅដោយ ការខិតខំ ប្រឹងប្រែង តស៊ូ ជំនះ អស់ឧបសគ្គជាច្រើន។ មនុស្សម្នាក់ៗត្រូវចេះ ស្វែងរកឱកាស និងមានឆន្ទៈខ្ពស់ ដើម្បីសម្រេចគោលដៅដែលខ្លួនប្រាថ្នាចង់បាន។

យ៉ាងណាមិញ ថ្ងៃនេះ Khmerload នឹងបង្ហាញពីបទពិសោធន៍ជីវិតរបស់ លោក បាន ចន្ទី ដែលសព្វថ្ងៃ លោកជានិស្សិតអាហាររូបករណ៍ សម្តេចចក្រីសេរិនថន សិក្សាឆ្នាំទី ៣ ផ្នែកសិល្បៈទំនាក់ទំនង មុខជំនាញភាពយន្ត និងស្ប៉តពាណិជ្ជកកម្ម នៅសកលវិទ្យាល័យរាជាផាត់ឈៀងម៉ៃ ហើយអ្វីដែលពិសេសនោះគឺ លោកក៏ជាតារាចម្រៀងលូកធូងថៃផងដែរ។ សព្វថ្ងៃ លោក ស្នាក់នៅឯឈៀងម៉ៃ ប្រទេសថៃ ដែលជាប់ទៅរៀននៅទីនោះ តាំងពីឆ្នាំ ២០១៤ ហើយនិងបញ្ចប់ការសិក្សានៅឆ្នាំ ២០១៨។ ដោយសារតែ វិស្សមកាល ទើបលោក ចន្ទី បានមកលេងមាតុភូមិកម្ពុជា និងបានឆ្លៀតផ្តល់ជាកិច្ចសំភាសន៍ពិសេសមកកាន់ Khmerload ផងដែរ។ 

លោក បាន ចន្ទី បានរៀបរាប់ពីការសិក្សារបស់គាត់នៅទីនោះថា ៖ “ដោយសារយើងទៅរៀននៅប្រទេសថៃ ហេតុនេះខ្ញុំត្រូវរៀនជាភាសាថៃទាំងអស់ ដែលធ្វើឲ្យខ្ញុំមានការលំបាកជាមួយភាសា ការរស់នៅ ការសម្របខ្លួន និងផ្សេងៗទៀត។ យើងត្រូវទៅប្រលង ត្រូវសរសេរ ត្រូវស្តាប់ ជាភាសាថៃទាំងអស់ គ្រប់យ៉ាងគឺដូចជាជនជាតិថៃតែម្តង។ តែដោយសារភាសាថៃយើងមិនទាន់ស្ទាត់ ពេលដំបូង ធ្វើឲ្យខ្ញុំចំណាយពេលអានសៀវភៅ ២ ម៉ោងអីឯណោះ ខណៈពេលដែលគេអានតែ ១ ម៉ោងប៉ុណ្ណោះ។ ភាពលំបាកក៏ចេះតែមានដោយសារតែបញ្ហាភាសានេះជាធំ។ តែសម្រាប់មុខវិជ្ជាផ្សេងៗ គ្មានបញ្ហានោះទេ ព្រោះគិតថាខួរក្បាលអាចចាប់បានច្រើនជាងគេ។ មិនថាតែខ្ញុំនោះទេ និស្សិតខ្មែរយើងដែលនៅទីនោះ សុទ្ធតែនាំមុខក្នុងការសិក្សាស្ទើរតែទាំងអស់។” លោកបានបន្តពីបទពិសោធន៍ របស់លោកទៀតថា “សម្រាប់ខ្ញុំរឿងរៀនប៉ុនហ្នឹង មិនអាចគ្រប់គ្រាន់បានទេ ទើបខ្ញុំព្យាយាមរកបទពិសោធន៍ផ្សេងៗបន្ថែមទៀត។ ដោយសារតែខ្ញុំរៀនផ្នែកសិល្បៈ ទំនាក់ទំនង ហេតុនេះខ្ញុំរៀនអ្វីក៏ដោយឲ្យតែទាក់ទងនឹងភាពយន្ត ស្ប៉ត ទូរទស្សន៍ និយាយរួមឲ្យតែពីប្រព័ន្ធផ្សព្វផ្សាយ។ ដូច្នេះខ្ញុំក៏ទៅសុំគេ ធ្វើការមិនយកលុយ ដូចជាកន្លែងទំនាក់ទំនងសាធារណៈ វិទ្យុ ទូរទស្សន៍ ពីកន្លែងមួយទៅកន្លែងមួយ មិនថាក្នុងសាលា ឬ កម្មវិធីខាងក្រៅនោះទេ ព្រោះខ្ញុំតែងតែគិតថាវាមិនគ្រប់គ្រាន់សម្រាប់ខ្ញុំនៅឡើយ។ គាប់ជូនដោយសារ គេស្គាល់ខ្ញុំច្រើន ទើបខ្ញុំអាចស្នើសុំបានរលូន ដែលធ្វើឲ្យខ្ញុំមានបទពិសោធន៍កាន់តែច្រើនឡើងៗ។”

លោកបានបន្ថែមពីបញ្ហារស់នៅថា ៖ “សម្រាប់ការញ៉ាំ វាពិបាកបន្តិចហើយ ព្រោះវាមិនដូចជាម្ហូបនៅផ្ទះរបស់យើងទេ វាមិនសូវឆ្ងាញ់ ហើយភាគច្រើនក៏ហិរខ្លាំង ជាមួយរសជាតិប្លែកៗ តែនេះក៏ម៉្យាងដែរ ដែលយើងអាចនិយាយថាជារសជាតិជីវិត។ តែសម្រាប់កន្លែងគេងពួកខ្ញុំគ្មានបញ្ហានោះទេ ព្រោះសាលាខ្ញុំមានកន្លែងស្នាក់នៅសម្រាប់តែសិស្សអន្ដរជាតិ ដូចជា ខ្មែរ ចិន វៀតណាម កូរ៉េ ជប៉ុនជាដើម ដែលនេះជារឿងល្អមួយដែលខ្ញុំបាន ចែករំលែក និងទទួលយកបទពិសោធន៍ជាច្រើនជាមួយគ្នា។” 

ការលំបាកកាន់តែមានបន្ថែមទៀត នៅពេលដែលលោក ត្រូវរៀនផង និងច្រៀងផង តែលោកបាននិយាយទាំងសើចថា “និយាយទៅខ្ញុំរៀនផង សម្តែងផង និងច្រៀងផង ព្រមគ្នាតែម្តង! ដំបូងខ្ញុំចាប់ផ្តើមពីខាងសាលា ដោយសាលាបានផ្តល់អាទិភាពឲ្យសិស្សបរទេសសម្តែងសមត្ថភាពពិសេស។ នៅពេលនោះខ្ញុំតំណាងឲ្យជនជាតិខ្មែរយើងនៅទីនោះ ខ្ញុំក៏ច្រៀងចម្រៀងជាភាសាថៃ ជីវិតអ្នកចម្រៀង។ ហើយដោយសារបទនោះ ទើបធ្វើឲ្យគេចាប់ផ្តើមស្គាល់ពីមួយសាលា ទៅមួយសាលា រហូតដល់ទូទាំងឈៀងម៉ៃ និងរហូតដល់គេហៅច្រៀងតាមកម្មវិធីផ្សេងៗទៀតផង។ រយៈពេល ២ ឆ្នាំនៅទីនោះ ការងារចេះតែមកជាបន្តបន្ទាប់ ហើយក៏មានជាការ សម្តែងរឿងផ្សេងៗទៀតផង ដែលចុងក្រោយនេះខ្ញុំបានសម្តែងរឿងរបស់កូរ៉េ ដែលថតនៅប្រទេសថៃ តែមិនអាចអនុញ្ញាតឲ្យបញ្ចេញឈ្មោះរឿងបានទេ។”

ទន្ទឹមនឹងនេះ លោក បាន ចន្ទី ឆ្លៀតពេលមកស្រុកកំណើតវិញ ក៏ដោយសារតែត្រូវបានឲ្យអញ្ជើញចូលរួមកម្មវិធីសប្បុរសធម៌ នៅឯវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ជាមួយនឹង អ្នកនាង ពេជ្រ សោភា និងលោក ដេវីដ ថ្មីនេះទៀតផង។ លោក ចន្ទី ក៏ត្រូវបានគេអញ្ជើញជាបន្តបន្តាប់ ឲ្យថតស្ប៉ត និងចូលរួមកម្មវិធីសប្បុរសធម៌ នៅ CKCC កាលពីថ្ងៃទី ២០ មិថុនា មុននេះផងដែរ។

ដោយសារតែបំណង និងទឹកចិត្តអាណិតអាសូរ លោកបាននិយាយពី ផលវិបាករបស់ក្រសួងដែលមានការលំបាក ក្នុងការផ្សព្វផ្សាយព័ត៌មានអាហាររូបករណ៍ ដល់សិស្សានុសិស្ស ជាពិសេស អ្នកដែលមានជីវភាព ខ្វះខាតនៅតាមបណ្តាខេត្ត ដែលមានបំណងចង់សិក្សាទាំងឡាយ។ ដើម្បីសាកសួរ គ្រប់ព័ត៌មានអំពីអាហាររូបករណ៍ សូមទាក់ទងទៅ “នាយកដ្ឋាន អាហាររូបករណ៍” ដែលមានទីតាំងនៅជិតស្ថានីយ៍ទូរទស្សន៍ អប្សារា ម្តុំបឹងកេងកងបាន។

លោកបាននិយាយថា ដើម្បីឲ្យឆ្លងកាត់ការប្រលងបានជោគជ័យ គឺត្រូវព្យាយាម និងទាមទារឲ្យយើងប្រឹងប្រែងខ្លាំង។ ម៉្យាងការដែលរស់នៅក្រៅប្រទេសជារឿងដែលល្អមួយ ដែលទទួលបានមកវិញទាំងការរៀន ទាំងបទពិសោធន៍ថ្មី ទាំងមិត្តភក្តិថ្មី ទាំងវប្បធម៌ថ្មី និងរឿងរ៉ាវផ្សេងៗទៀត ដោយសារយើងត្រូវឯករាជ្យដោយខ្លួនឯង ម្ចាស់ការ គ្រប់គ្រងខ្លួនឯង។

ជាចុងក្រោយលោក បាន ចន្ទី បានសុំផ្តែផ្តាំទៅប្រិយមិត្តទាំងអស់គ្នា ដោយមិនថាយើងជាជនជាតិណា រស់នៅប្រទេសណានោះទេ អ្វីក៏ដោយគឺសុទ្ធតែកើតចេញពីសមត្ថភាពផ្ទាល់ខ្លួន ជាមួយនឹងការដាក់ខ្លួនចូលក្នុងសង្គម និងការឲ្យតម្លៃគ្នាទៅវិញទៅមក និងជាពិសេសសុំឲ្យអ្នកទាំងអស់គ្នាមានការព្យាយាមខ្ពស់ ព្រោះជីវិតគឺជាការតស៊ូ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា