ភ្នំពេញ៖ ក្រោយពីខ្មែរឡូត បានចេញនូវអត្ថបទមួយ ទាក់ទងនឹងគណនីហ្វេសប៊ុករបស់បុរសម្នាក់ បានជេរប្រទិច តារាកំប្លែង វ៉ាន់ នីឡា កាលពីម្សិលមិញនេះ ស្រាប់តែមានបុរសម្នាក់វ័យក្មេង អះអាងជាម្ចាស់ពិត បានចេញមុខមកបកស្រាយ ចំពោះរឿងមួយនេះផងដែរ។

បុរសម្នាក់ដែលមានគណនីហ្វេសប៊ុក ឈ្មោះ "មនុស្សប្រុស"  បានប្រាប់មកខ្មែរឡូត តាមរយៈសារអេឡិចត្រូនិចថា រូបលោកជាម្ចាស់រូបពិត ដែលកាលពីប៉ុន្មានថ្ងៃនេះ មានជនខិលខូច បានយករូបរបស់គាត់ ទៅបរិហារកេរ្តិ៍ ជេរដៀល តារាខ្មែរជាច្រើន មិនមែនតែតារាកំប្លែង វ៉ាន់ នីឡានោះទេ  ថែមទាំងមាន លោក ខេម  តារាចម្រៀង វ៉ាន់ នីឡា និងកញ្ញា រ៉េត ស៊ូហ្សាណាជាដើមទៀតផង។  

ក្នុងនោះដែរ រូបលោក ក៏បានអះអាងថា ចំពោះគណនីហ្វេសប៊ុកឈ្មោះ Mirr Fighto ដែលដាក់រូបថតគាត់ ហើយយកទៅជេរគេ ជេឯងនោះ គឺជាគណនីក្លែងក្លាយ ដែលមិនដឹងថា គេធ្វើបែបនេះ មានគោលបំណងអ្វីនោះទេ ហើយរូបគាត់ ក៏សុំឲ្យប្រិយមិត្ត ឈប់មានការយល់ច្រឡំ លើគណនីក្លែងក្លាយ ដែលដាក់រូបថតលោកតទៅទៀត៕

តោះស្តាប់សម្តីគាត់ទាំងអស់គ្នា៖ 

គណនីហ្វេសប៊ុកក្លែងក្លាយ យករូបថតគាត់ទៅលេង ដោយបានជេរប្រទិច វ៉ាន់ នីឡា
គណនីហ្វេសប៊ុកពិតប្រាកដ របស់រូបលោក

កំណត់ហេតុខ្មែរឡូត៖

ជុំវិញរឿងរ៉ាវទាំងនេះ កាលពីម្សិលមិញនេះដែរ មានបុរសម្នាក់បានជេរប្រទិច តារាកំប្លែង វ៉ាន់ នីឡា ដែលថា មិនសាកសមជាពិធីការិនី

ខណៈទីផ្សារការងារ របស់តារាកំប្លែង វ៉ាន់ នីឡា កំពុងតែមានសន្ទុះស្រឺតៗ ក្រោយភ្ជាប់ពាក្យហើយ រូបនាង ក៏បានក្តាប់បានតំណែងថ្មីមួយទៀត ជាពិធីការិនី។

ចំពោះអាជីពថ្មីរបស់ តារាកំប្លែងវ័យក្មេងរូបនេះ ក៏មានទស្សនិកជនមួយចំនួន យល់ថា រូបនាងហាក់នៅមានកម្រិតនៅឡើយ លើការប្រើពាក្យពេចន៍ និងឆ្លើយឆ្លងគ្នាជាមួយពិធីករ។ ប៉ុន្តែទោះជាយ៉ាងណា មហាជននៅតែលើកទឹកចិត្តនាង ឲ្យមានការព្យាយាមបន្ថែមទៀត ព្រោះថា វាជាអាជីពថ្មី គ្មានអ្នកណាម្នាក់ អាចធ្វើបានល្អ១០០ភាគរយនោះទេ។

ទោះជាយ៉ាងណា ស្រាប់តែមានគណនីហ្វេសប៊ុកមួយឈ្មោះ Mirr Fighto បានវាយប្រហារ និងប្រើពាក្យសម្តីធ្ងន់ៗជាសាធារណៈ ទៅកាន់វ៉ាន់ នីឡា ពេលដែលនាងកាន់អាជីពជាពិធីការិនីនេះដែរថា "ស្រីម្នាក់នេះ ធ្វើពិធីករដូចឆ្កូត និយាយចេញមកគ្មានសមអីបន្តិច និយាយដូចសត្វឆ្កែ មីនីឡាមីឆ្កូត"។

សារន័យអាក្រក់របស់បុរសម្នាក់នេះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម តបតជំនួស វ៉ាន់ នីឡា ផងដែរថា ទោះបីជារូបនាងទើបតែកាន់អាជីពជាពិធីការិនី មិនទាន់សូវបានល្អក៏មិនពិតមែន តែក៏មិនគួរជេរតិះដៀលដាក់នាងបែបនេះដែរ។

យ៉ាងណាមិញ សម្រាប់ វ៉ាន់ នីឡា ក៏មិនបានបញ្ចេញកំហឹង ដាក់បុរសម្នាក់នោះដែរ ប្រហែលជានាងយល់ថា អ្នកសិល្បៈតែងមានគេស្រឡាញ់ និងស្អប់ជារឿងធម្មតា ព្រោះមិនអាចផ្គាប់ចិត្តមនុស្ស ឲ្យចូលចិត្តរូបនាងបានទាំងអស់នោះទេ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ នីឡា