ចិន ៖ កាលពីពេលថ្មីៗកន្លងទៅនេះ បុរសវ័យចំណាស់ជនជាតិចិនម្នាក់ ត្រូវបានជណ្តើរយន្តលេបត្របាក់ជើង ខណៈដែលរូបគាត់បានឡើងជិះវា ទៅជាន់លើក្នុងផ្សារទំនើបមួយកន្លែង ស្ថិតក្នុងទីក្រុង Shenzhen ខេត្ត Guangdong ប្រទេសចិន។

យោងតាមប្រភពសារព័ត៌មាន NetEase បានឲ្យដឹងថា ខណៈដែលបុរសវ័យចំណាស់ម្នាក់ បានឡើងជិះជណ្តើរយន្តដើម្បីឡើងទៅជាន់ទី២ ក្នុងផ្សារទំនើប ចៃដន្យអកុសល កាំជណ្តើរយន្តមួយ ត្រូវផុងធ្លាក់ ដែលបណ្តាលឲ្យជណ្តើរយន្ត លេបត្របាក់គាបជើងរបស់គាត់ជាប់តែម្តង។  

ប្រភពបន្តថា ភ្នាក់ងារជួយសង្គ្រោះ បានប្រញាប់ប្រញាល់នាំគ្នា មកដល់កន្លែងកើតហេតុ ដើម្បីជួយយកជើងជនរងគ្រោះដែលជាប់គាំងចេញ ដោយប្រើឧបករណ៍ ទាញបង្ហើបគម្លាតជណ្តើរយន្ត និងត្រូវចំណាយពេលអស់ជាង ៤០នាទី រហូតធ្វើឲ្យបុរស ដែលជាជនរងគ្រោះភិតភ័យសន្លប់ ស្ទើរតែផុតដង្ហើម ដល់ថ្នាក់បន្តោកសារ៉ូមខណៈពេលធ្វើប្រតិបត្តិការជួយសង្រ្គោះនោះ។

ជាសំណាងល្អ បុរសរងគ្រោះ មិនបានបាត់បង់ជីវិតក្នុងហេតុការណ៍ ដែលមិនគួរកើតមាននោះឡើយ។ ក្រោយមក គាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ក្នុងស្រុក Bao’an ដើម្បីធ្វើការសង្គ្រោះព្យាលបាលបន្ទាន់ផងដែរ៕  

ប្រភព៖ Shanghaiist

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ដោយឡែក ករណីយមួយវិញទៀត បុរសម្នាក់ ស្រវឹងស្រាជោកជាំ ខឹងរង់ចាំជណ្តើរយន្តយូរពេក សម្រេចចិត្តធាក់ទម្លុះ បណ្តាលឲ្យដួលធ្លាក់ ទៅក្នុងជណ្តើរយន្តរងរបួសជាទម្ងន់

វីដេអូឃ្លីបមួយថតបាន ដោយកាម៉េរាសុវត្តិភាព កាលពីថ្ងៃទី២៤ មីនា នៅទីតាំងមួយកន្លែង ក្នុងប្រទេសចិន ហើយត្រូវបានបង្ហោះចូលទៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ចិន បង្ហាញពីសកម្មភាពអសីលធម៌ របស់បុរសបែកស្លុយម្នាក់ ស្រវឹងស្រាជោកជាំ ដើរស្ទើរមិនត្រង់ផ្លូវ សម្រេចចិត្តធាក់ទម្លុះទ្វារជណ្តើរយន្តប្រអប់ ព្រោះខឹងរង់ចាំយូរពេក បណ្តាលឲ្យជំពប់ជើងដួលធ្លាក់ចូលទៅក្នុងនោះ រងរបួសជាទម្ងន់។

យ៉ាងណាមិញ មុនពេលកើតហេតុមិត្តស្រីរបស់គាត់ ក៏បាននិយាយលួងលោម អូសទាញគាត់ចេញផងដែរ ព្រោះខ្លាចកើតរឿងមិនល្អ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏បុរសខាងលើ នៅតែចចេសមិនស្តាប់ ធ្វើខ្លួនដូចជាអ្នកក្លាហាន ហក់ធាក់តែម្តង បណ្តាលឲ្យធ្លាក់ និងរងរបួសជាទម្ងន់។ នេះចាត់ទុកជាមេរៀនមួយសម្រាប់គាត់។

គួរបញ្ជាក់ដែរថា កាលពីខែកន្លងទៅមុននេះ ក៏ធ្លាប់មានបុរសស្រវឹងស្រាជោកជាំម្នាក់ ចេញពីខារ៉ាអូខេ ហើយហក់ធាក់ទម្លុះជណ្តើរយន្ត ដូចបុរសខាងលើ បណ្តាលឲ្យរងរបួសបាក់ជើងផងដែរ។

ទន្ទឹមនឹងនោះផងដែរ គួរឲ្យអាណិតក្មេងស្រីតូច អាយុទើបតែ១ឆ្នាំម្នាក់ ត្រូវបានជណ្តើរយន្តលេបត្របាក់ដាច់ម្រាមដៃ ដោយសារតែក្មេងស្រីរូបនោះ ដួល ពេលព្យាយាមរត់ឡើង​ លើជណ្តើរយន្ត ខណៈពេលជណ្តើរយន្ត​​ ស្ថិតក្នុងទិសចុះក្រោមដែលបញ្ច្រាស់គ្នា។

បើតាមសេចក្តីរាយការណ៍បានឲ្យដឹងដែរថា ហេតុការណ៍ខាងលើនេះ កើតឡើងក្នុងផ្សារទំនើបមួយកន្លែង ក្នុងទីក្រុងប៉េកាំង ប្រទេសចិន។ កុមារីអាយុទើបបាន១ខួប ចេះដើរតេសតាសម្នាក់ បានដួលពីលើជណ្តើរយន្ត បណ្តាលឲ្យគៀបដាច់ម្រាមដៃតែម្តង។

យ៉ាងណាមិញ បើតាមការត្រួតពិនិត្យមើល វីដេអូឃ្លីបដែលថតបានដោយកាម៉េរាសុវត្ថិភាព​ ក្នុងផ្សារទំនើបនោះវិញ វាមិនពិតដូចអ្វីដែលគេនិយាយឡើយ។ បើតាមសម្តីរបស់ជីតារបស់ក្មេងស្រីរងគ្រោះ បានឲ្យដឹងថា ដំបូងនាងបានចុះពីលើជណ្តើរយន្តដោយសុវត្ថិភាពហើយ ប៉ុន្តែក្រោយមក នាងក៏បានរត់ត្រឡប់ឡើងជិះជណ្តើរយន្តឡើងលើវិញ ទើបបណ្តាលឲ្យនាង​ ដួលច្រត់ដៃទៅមុខ គាបជណ្តើរយន្តដាច់ដៃតែម្តង ហើយរូបគាត់ក៏បានស្ទុះទៅលើកចៅ ជាមួយឈាមស្រក់ផងដែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]