ភ្នំពេញ៖ មួយរយៈពេលនេះ គេសង្កេតឃើញថា សន្ទុះនៃការរិះគន់ ទៅលើបណ្តាផលិតកម្ម និងតារាចម្រៀង រឿងចម្លងបទ ពីបរទេសនោះ កាន់តែផុសផុល ខ្លាំងឡើង ជាហូរហែ រហូតធ្វើឲ្យអ្នកនិពន្ធ មួយចំនួន បានបញ្ចេញប្រតិកម្មរបស់ខ្លួន ដោយលើកអំណះអំណាង មកការពារខ្លួន ។ នៅក្នុងនោះដែរ សូម្បីតែអ្នកនិពន្ធ បទចម្រៀងល្បីឈ្មោះ ប្រចាំផលិតកម្ម ហង្សមាស បន្ទាប់ពីទទួល រងការរិះគន់ ពីសំណាក់ ទស្សនិកជនទាំងក្នុង និងក្រៅស្រុករួចមក លោក សួន ពិសិដ្ឋ ក៏បានចេញមុខប្រតិកម្ម និងលើកទឹកចិត្ត ទៅដល់អ្នក និពន្ធដទៃទៀត ឲ្យមានភាពជឿជាក់ លើខ្លួនឯង និងរិះរកគំនិតថ្មី ដោយខ្លួនឯង ។

តាមរយៈសារខ្លីមួយ ដែលអ្នកនិពន្ធល្បីឈ្មោះ លោក សួន ពិសិដ្ឋ បានសរសេរបង្ហោះ លើបណ្តាញ ទំនាក់ទំនងសង្គម Facebook ផ្ទាល់ខ្លួន បាននិយាយថា «តាំងពីខ្ញុំចូលខ្លួន រួមក្រោមដំបូល នៃផលិតកម្ម ហង្សមាស មកខ្ញុំបានបង្កើត តែងនិពន្ធបទភ្លេង បទចម្រៀងថ្មី ប្រហែលជាចូល ជាងមួយរយបទហើយ ។ ថ្មីៗនេះ មានបទសម្រាប់ ចូលឆ្នាំពីរ អាល់ប៊ុមទៀត ហើយក៏មាន អ្នកគាំទ្រច្រើនដែរ!! ចុះហេតុអីក៏បងប្អូន មិនយកទៅ បង្ហាញឬអួតគេទៅ? ហើយក៏កម្រឃើញបណ្តា ខាងសាព័ត៌មាន internet website or facebook គាំទ្រស្នាដៃបង្កើត និពន្ធថ្មីរបស់ខ្មែរ ហ្នឹងយកមក ផ្សព្វផ្សាយដែរ!?»។

អ្នកនិពន្ធរូបសង្ហា រាងខ្ពស់ស្រឡះរូបនេះ បានប្រាប់ឲ្យដឹងទៀតថា «មិនមែនសុខៗ ខ្ញុំសុខចិត្តទ្រាំ លំបាកតែង ដើម្បីបង្កើតស្នាដៃថ្មី នៅក្នុងសង្គមទីផ្សារ ដ៏ច្របូកច្របល់នេះទេ!! បងប្អូនយកស្នាដៃខ្ញុំ ទៅអួតគេវិញទៅ!! កុំឲ្យគេចេះតែ មើលងាយខ្មែរ យើងពេក!! គ្រាន់តែបទភ្លេងថ្មី ក៏មិនអាចនិពន្ធបានដែរ!? ការលះបង់តស៊ូ នឹងភាពជោគជ័យ របស់ខ្ញុំ គឺបានជាឧទាហរណ៍ គំរូមួយ ហើយទេតើ!! មិនមែនខ្ញុំនេះ ចង់អួតនោះទេ តែចង់ផ្តល់កម្លាំងចិត្តឲ្យ អ្នកទាំងអស់គ្នា មានស្មារតី ជឿជាក់លើខ្លួនឯង! ថាយើងជាខ្មែរ អាចបង្កើតស្នាដៃថ្មី និងអ្វីៗគ្រប់យ៉ាង ដោយខ្លួនឯងបាន!!!!» ។

នេះមិនមែនជា លើកទី១ទេ ដែលមានអ្នកនិពន្ធ ចេញមុខប្រតិកម្ម ទៅលើការរិះគន់មិន សំចៃមាត់ពីសំណាក់ ទស្សនិកជនទាំងក្នុង និងក្រៅប្រទេស ដោយលើកឡើងថា ផលិតកម្មក្នុង ស្រុកភាគច្រើន ចម្លងយកបទ បរទេសមកច្រៀងនោះ ព្រោះថា កន្លងមកសូម្បី តែអ្នកនិពន្ធ ក្នុងផលិតកម្មសាន់ដេ និងផលិតកម្ម ថោន ក៏ធ្លាប់ចេញមុខ ប្រតិកម្មតបត និងការរិះគន់នេះផងដែរ ដោយផលិតកម្មនីមួយៗ បានអះអាងថា មួយរយៈពេល ចុងក្រោយនេះ ខ្លួនបានខិតខំ សម្រឹតសម្រាំង និពន្ធបទចម្រៀង ដោយខ្លួនឯងហើយ បានប្រសើរហើយ ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សួន ពិសិដ្ឋ