ភ្នំពេញ៖ នៅវេលាម្សិលមិញនេះ ពិធីសំពះផ្ទឹម និងពិធីសូត្រមន្តលើករាសី ជ័យមង្គល របស់អ្នកឧកញ៉ា គិត ម៉េង និងអ្នកនាង ម៉ៅ ចំណាន បានចប់សព្វគ្រប់ និងដំណើរការទៅយ៉ាងរលូន ដែលមានទីតាំង ស្ថិតនៅក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន។

យ៉ាងណាមិញ កាលពីថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៥ ម្សិលមិញនេះដែរ ប្រភពក្នុងស្រុកមួយ ឲ្យដឹងថា មង្គលការឧកញ៉ា គិត ម៉េង មិនមានពិធីហែជំនូន និងកាត់សក់នោះទេ។ អ្នកយកព័ត៌មាននៃប្រភពដដែល ឲ្យដឹងថា នៅវេលាព្រឹកថ្ងៃទី២០ ខែមិនា ក្នុងថ្ងៃនេះ មង្គលការរបស់ អ្នកឧកញ៉ា គិតម៉េង និងភរិយា មានតែពិធី ចំនួន២ ពោលគឺ ពិធីបំពាក់ចិញ្ចៀន និងចងដៃ ប៉ុណ្ណោះ ក្រៅពីនោះ គឺកាត់ចោលទាំងអស់។ និយាយរួម ការប្រារព្ធពិធី ក្នុងគោលបំណង បង្កើនភាពសប្បាយរីករាយ និងជួបជុំញាតិមិត្ត តែប៉ុណ្ណោះ។

ចំពោះការលើកឡើង ដែលថាមានការបិទផ្លូវដល់ទៅ បួនប្រាំខ្សែជុំវិញភូមិគ្រឹះ និងកោះពេជ្រទាំងមូល គឺជារឿងបំភ្លើសទាំងស្រុង។ រីឯព័ត៌មាន នៃចំនួនភ្ញៀវពិតប្រាកដវិញ មានតែ ៣២០០នាក់ ខណ:ដែលមាន ការត្រៀមសរុប ចំនួន ៣៥០តុ ប៉ុណ្ណោះ។ សំរាប់ភ្ញៀវដែលបានទទួលសំបុត្រ សុទ្ធតែជា មន្ត្រីជាន់ខ្ពស់ ក្នុងជួររាជរដ្ឋាភិបាល និងអ្នកជំនួញជាន់ខ្ពស់ទាំងអស់ ដោយក្នុងនោះ ក៏មានភ្ញៀវកិត្តិយសពីក្រៅប្រទេស ដែលជាមិត្តភក្តិ និងដៃគូជំនួញ របស់អ្នកឧកញ៉ា គិត ម៉េង ផងដែរ។ ចំណែកពាក្យចចាមអារ៉ាម ជូនអាំងប៉ាវភ្ញៀវម្នាក់ ១០០ដុល្លារ ឬកាដូទូរសព្ទ iPhone ក៏មិនពិតនោះដែរ។

ពាក់ព័ន្ធទៅនឹងតារាសិល្ប: បើយោងទៅតាមការបញ្ជាក់ របស់ប្រភព ឲ្យដឹងថា ភ្ញៀវកិត្តិយស រួមមាន អ្នកស្រី ឌី សាវ៉េត អ្នកនាង ឱក បូរី អ្នកនាង សឿ សុធារ៉ា លោក សាពូន មីដាដា អ្នកនាង គង់ សុជាតិ និងលោក សុវណ្ណ មករា។ ដោយឡែក ពិធីករ ពិធីការិនី និងច្រៀងកំដរ ក្នុងពិធីរួមមាន លោក យ៉ែម សំអូន អ្នកនាង យ៉ាន លីនដា លោក អ៊ិត សេដ្ឋា កញ្ញា លី អ៊ីវ៉ាធីណា លោក ណុប បាយ៉ារិទ្ធិ កញ្ញា សុគន្ធ នីសា អ្នកនាង ហ៊ឹម សុភី និងស្វាមី អ្នកនាង ហ៊ឹម ស៊ីវន និងលោក សួស សងវាចា។

ម្យ៉ាងវិញទៀត មូលហេតុ ដែលមិនបានអញ្ជើញតារាចូលរួមច្រើន ព្រោះតែ ការដាច់ទំនាក់ទំនងយូរហើយ ទើប អ្នកនាងស្រីតូច ចំណាន មិនហ៊ានហៅ និងក្នុងពិធី ក៏មានភ្ញៀវកិត្តិយស សុទ្ធតែមន្ត្រី ថ្នាក់ដឹកនាំទាំងអស់។ ចំពោះ សម្លៀកបំពាក់វិញ ប្រភពឲ្យដឹងថា មានត្រៀមតែ ៧ឈុតប៉ុណ្ណោះ រាប់ទាំងឈុតសូត្រមន្តម្សិលមិញផង ហើយតម្លៃវិញឈុតទាំងនោះ ក៏មិនដល់ រាប់ម៉ឺនដុល្លារ អ្វីដែរ គឺសាមញ្ញដូចគេដូចឯងប៉ុណ្ណោះ៕



ចុចមើល៖ វីដេអូ សូត្រមន្ដ របស់ អ្នក ឧកញ៉ា គិត ម៉េង និង ស្រីតូច ចំណាន

ពិធីសូត្រមន្ត កាលពីម្សិលមិញ

 

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សឿ សុធារ៉ា