រាជធានីភ្នំពេញ ៖ តារាសម្តែងម៉ូនីតា ដែលឧស្សាហ៍សម្តែង ឱ្យផលិតកម្មរស្មីហង្សមាស ពិសេសវ៉ុលបទចម្រៀងពីដើម បានរៀបការជាមួយ បុរសជាមន្ត្រីរាជការ កាលពីថ្ងៃទី៦ មិថុនា ២០១៤ នៅកោះពេជ្រ នៃរាជធានីភ្នំពេញ ។

អ្នក នាងម៉ូនីតា មានឈ្មោះដើមស័ត សុខកញ្ញា ឯស្វាមីឈ្មោះឌី ចាន់រតនៈ វ័យជាង៣០ឆ្នាំ ។ ម៉ូនីតា និងស្វាមី ស្គាល់គ្នារយៈពេលជិតមួយឆ្នាំ ក៏សម្រេចចិត្តរៀបការ។ ចំណងស្នេហ៍របស់ម៉ូនីតា កើតឡើងតាមរយៈហ្វេសប៊ុក ។ ចំណងមិត្តភាពតាមរយៈហ្វេសប៊ុក ក្លាយជាស្នេហា និងបន្ទាប់មកឈានដល់ ថ្ងៃចូលរោងជ័យ ។ ស័ត សុខកញ្ញា មិនសូវចេញមុខច្រើន ក្នុងកម្មវិធីសិល្បៈ តាមស្ថានីយទូរទស្សន៍ទេ តែតាមរយៈវ៉ុលចម្រៀង បទពីដើម របស់ផលិតកម្មហង្សមាស នាងចូលរួមសម្តែង មិនសូវអាក់ខានទេ។

ស័ត សុខកញ្ញានិយាយថា នាងចូលប្រឡូកក្នុងពិភពសិល្បៈ ដោយសារចិត្តស្រលាញ់ និងជាចំណូលចិត្តពីធម្មជាតិ ។ ដោយមានចំណូលចិត្ត នាងក៏បានក្លាយជាអ្នកសម្តែងដូចបំណង និងទទួលបានបទពិសោធន៍មួយចំនួន ។ ពេលប្រឡូកសិល្បៈ នាងដឹងថាជីវិតអ្នកសិល្បៈ ត្រូវតស៊ូបែបណា ហត់នឿយបែបណា ។

ក្រោយមង្គលការ ម៉ូនីតា សម្រេចចិត្តដកថយ ពីពិភពសិល្បៈ ទាំងស្រុងហើយ ដោយសារតែនាងមាន សង្គមគ្រួសារដែលខ្លួនត្រូវរ៉ាប់រង មិនអាចប្រឡូកសិល្បៈ តទៅទៀតទេ ។ ម្យ៉ាងទៀតនាងត្រៀមខ្លួន មើលការខុសត្រូវហាងថែរក្សាសម្រស់នារី ដែលជាការងារមួយ ត្រូវគិតជាសំខាន់ ។ របរនោះជាការរួមគំនិតគ្នា រវាងនាង និងស្វាមី ។

ចំពោះ ស្នេហាដែលឈានដល់ មង្គលការនេះ នាងម៉ូនីតា យល់ថា ហាក់ដូចជាកើតឡើងលឿន ព្រោះមួយឆ្នាំឆ្លងដល់អាពាហ៍ពិពាហ៍ តែមកពីពួកនាង យល់ចិត្តគ្នាច្រើន និងដឹងពីអត្តចរិតគ្នា ។

ម៉ូ នីតា និយាយថា «ខ្ញុំសប្បាយចិត្តដែលមានស្វាមីយល់ចិត្ត ហើយបានបំពេញតួនាទី ជានារីខ្មែរដោយសំពះផ្ទឹម សងគុណឪពុកម្តាយ» ។
ចំណែក លោករតនៈ ជាស្វាមីឱ្យដឹងថា លោកស្គាល់ភរិយា តាមរយៈការលេងហ្វេសប៊ុក ។ មិត្តភាពតាមហ្វេសប៊ុក យូរទៅក៏ចាប់ចិត្តស្រលាញ់គ្នា ។ លោកចូលស្តីដណ្តឹងម៉ូនីតា តាមច្បាប់ ហើយឆ្លងដល់ថ្ងៃរៀបការ ។  បុរសជាស្វាមីសន្យា មើលថែភរិយាឱ្យបានល្អ ក្នុងគ្រារួមជីវិតជាមួយគ្នា។

អ្នកសិល្បៈចូលរួមមង្គលការ របស់អ្នកនាងស័ត សុខកញ្ញា មាននាងម៉ានីកា, ឈួន ស្រីម៉ៅ, ផន ស្រីខួច, មាស សុខសោភា, ទឹម រដ្ឋា, សឹុម ថៃណា, ញឹម ចាន់ថន, លោកអេឡិច ចិន្ត្រា, និងលោកញ៉ែម សុគន្ធ ជាដើម៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ផន ស្រីខួច