ភ្នំពេញៈ តារាប្រុសស្រី ល្បីឈ្មោះ ៣ដួង ឈរជើងប្រចាំ ស្ថានីយទូរទស្សន៍ បាយ័ន បានសម្រេចចិត្ត ចូលរោងការ បន្តកន្ទុយគ្នា ដោយក្នុងនោះ មានវត្តមាន អ្នកនាង សុខ សោម៉ាវត្តី លោក គង់ វិសាល និង លោក ជា វណ្ណារិទ្ធ ។ បន្ទាប់ពីតារាទាំង ៣ដួងនេះ រៀបការរួច គេឃើញគូ ស្វាមីភរិយា ទាំង៣គូនេះ បញ្ចេញការ ស្រឡាញ់ថ្នាក់ថ្នម ជាមួយស្វាមីភរិយា របស់ពួកគេ និងសម្ដែងពីទឹកចិត្ត ស្រឡាញ់ភរិយា និងស្វាមី ពោលគឺ ចង់ប្រកួតប្រជែង ពីភ័ព្វព្រេងសំណាង របស់មនុស្ស ជាទីស្រឡាញ់ របស់ពួកគេ ទាំង៣ដួងថា អ្នកណាក្លាយជា គ្រួសារមានសុភមង្គលជាងគេ?

ថ្ងៃនេះ LookingTODAY ចង់នាំអារម្មណ៍ ទស្សនិកជន ទៅទស្សនាពីជីវិតឯកជន របស់ តារា ប្រុសស្រីល្បី ឈ្មោះប្រចាំស្ថានីយ ទូរទស្សន៍បាយ័ន ៣ដួង ដែលពួកគេ បានសម្រេចចិត្ត បញ្ចប់ភាពនៅលីវ ទៅសាងគ្រួសារ យ៉ាងមានសុភមង្គល ជាមួយស្វាមីភរិយារ ឲ្យប្រិយមិត្តបានទស្សនា និងធ្វើការថ្លឹងថ្លែងពី សុភមង្គលរបស់ គ្រួសារអ្នកសិល្បៈទាំងនេះ ។ ក្នុងនោះអ្នកគ្រប់គ្រង កម្មវិធីកម្សាន្ត ដ៏ល្បីឈ្មោះ លោក គង់ វិសាល បានដឹកដៃ ភរិយាវ័យក្មេង ចូលរោងការ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១២ ជាមួយ អ្នកនាង ហេង ហៀង ដែលជាកូនស្រី អ្នកមានទ្រព្យស្តុកម្នាក់ ។ រហូតមកដល់ពេលនេះ ពួកគេទាំងពីរ បានទទួល ចំណងដៃកូន ស្រីវ័យជិត១ខួបម្នាក់ ។

ចំណែក អ្នកនាង សុខ សោម៉ាវត្តី ដែលជាតារាសម្តែង និងជាពិធីការិនី រូបស្រស់សោភា ក៏បានសម្រេចចិត្តផ្អាក ការងារសិល្បៈ មួយរយៈពេលធំ ទៅរៀបការ ជាមួយ កូនប្រុសអតីតស្នង ការរាជធានីភ្នំពេញ លោក ទូច ណារ៉ុថ គឺលោក ទូច ដារ៉ាណា ហៅ ពេជ្រ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១២ ។ រហូតមកដល់ ពេលនេះ ពួកគេទាំងពីរនាក់ក៏ បាន ទទួលចំណងដៃកូនស្រីមួយផងដែរ មានអាយុជិត៧ខែ ។ ពេលនេះអ្នកម្តាយវ័យក្មេង សុខ សោម៉ាវត្តី បានវិលមក ចាប់អាជីពសិល្បៈជាថ្មីម្តងទៀត ។ ដោយឡែក លោក ជា វណ្ណារិទ្ធ ក៏បានបញ្ចប់ភាព នៅលីវ របស់លោក បានដឹកដៃ ភរិយាវ័យក្មេងស្រី ស្រស់វ័យក្មេង ដែលមានមុខរបរ ជានិស្សិតស្រីរូបស្រស់ អ្នកនាង សុភាព ម៉ូល្យ៉ា កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៣។ ប៉ុន្តែស្វាមីភរិយា វ័យក្មេងមួយគូនេះ នៅមិនទាន់ មានកូនជាចំណងដៃ អាពាហ៍ពិពាហ៍ នៅឡើយទេ ។

បន្ទាប់ពីតារាប្រុសស្រី ទាំង ៣ដួងនេះ បានរៀបការរួចហើយ គេសង្កេតឃើញថា ជានិច្ចកាល ពួកគេទាំង៣គូ តែងតែរំលេចរូបថត ជាច្រើនសន្លឹក សម្ញែង ភាពផ្អែមល្ហែម ការស្រលាញ់ ថ្នាក់ថ្នមទៅលើ គ្រួសារបស់ពួកគេ ជាប្រចាំ ។ រហូតធ្វើឲ្យអ្នកសិល្បៈ មួយចំនួន កើតក្ដីច្រណែន ពីភាពផ្អែមល្ហែម ស្វាមីនិងជាភរិយា ដែលមានសំណាងខ្ពស់ ព្រោះថាចាប់តាំងពី ពួកគេទាំង ៣នាក់រៀបការហើយ គេមិនដែលឃើញ គូស្វាមីភរិយា គូណា មានទំនាស់បញ្ហា រកាំរកូស ជាមួយគ្នាធំដុំ នាំឲ្យភ្ញាក់ផ្អើល ដល់មហាជន ឡើយ ។

ដូច្នេះចង់ដឹងថា ក្រោយពីជីវិតឯកជន របស់ពួកគេ ពេលឈានដល់ រៀបការរួច មានក្ដីសុខយ៉ាងណា រវាង សុខ សោម៉ាវត្តី, អ្នកដឹកនាំ កម្មវិធីល្បីឈ្មោះ លោក គង់ វិសាល និងពិធីករ លោក ជា វណ្ណារិទ្ធ មានភាពខុសប្លែកគ្នា និងសុភមង្គលក្នុងគ្រួសារ កម្រិតណា មានតែទស្សនាជាមួយ LookingTODAY ថាតើគូណាមាន សុភមង្គលខ្លាំងជាងគេ ?



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី