កាលពីពេលថ្មីៗនេះកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បានទទួលពានអាណាចក្រតារា ក្នុងនាមជាពិធីការិនីមានប្រជាប្រិយភាព ដោយក្នុងពិធីនោះ នាង បានស្លៀករ៉ូបដ៏ស្រស់ស្អាត ដែលផ្នែកខាងលើមានពណ៌មាសចាំងភ្លឺផ្លេកៗ។ សូមបញ្ជាក់ផងដែរថា កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ជា អតីត ហ្វ្រេស៊ី លេខ១ កាលពីឆ្នាំ២០០៧ ជាមួយលោក ជា វណ្ណរិទ្ធ ដែលកាលណោះនាងមានអាយុទើបតែ ១៧ ឆ្នាំប៉ុណ្ណោះ ហើយសព្វថ្ងៃនេះ អ្នកទាំង ពីរជាពិធីករនៅ ស្ថានីយទូរទស្សន៍បាយ័នជាមួយគ្នា ។ ឆ្លងកាត់លើវិថីសិល្បៈជាង៦ឆ្នាំ កន្លងមកនេះ នីរ័ត្ន បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង រហូតធ្វើឲ្យនាងទទួលបានកេរ្តិ៍ឈ្មោះយ៉ាងល្បីដូចអ្វីដែលនាងបានខិតខំប្រឹងប្រែង។

 

ប្រវត្តិរូបសង្ខេប

កញ្ញា ហ៊ិន ច័ន្ទ មានស្រុកកំណើតនៅសង្កាត់វាលវង្ស ខណ្ឌ៧មករា រាជធានីភ្នំពេញ។ កញ្ញា កើតនៅឆ្នាំ១៩៩០ ដែលមានបងប្អូនចំនួន២នាក់( ស្រី១ ប្រុស១) ហើយកញ្ញា គឺជាកូនស្រីច្បងនៅក្នុងគ្រួសារ។ នៅក្នុងឆ្នាំ២០០៧ កញ្ញាបានរំកិលខ្លួនឲ្យកាន់តែជិតទៅរកវិថីសិល្បៈ ដោយកាលនោះកញ្ញាបាន ដាក់ពាក់ប្រឡងចូលជាហ្រេ្វស៊ី ហើយទទួលបានចំណាត់ថ្នាក់លេខ១តែម្ដង។

ការបោះជំហានចូលវិថីសិល្បៈ

ក្រោយពីជាប់ចំណាត់ថ្នាក់លេខ ១ ហ្វ្រេស៊ីហើយនោះ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បានចាប់ផ្តើមសាង កេរ្តិ៍ឈ្មោះក្នុងនាមជាពិធីការិនី ដែលដំបូងឡើយធ្វើនៅស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ទទួលបាននូវតំណែងជាពិធីករប្រចាំប៉ុស្ត៍លេខ៣ ក្នុងកម្មវិធី ធ្មេញស្អាត ញញឹម ស្អាត។ ហើយក្រោយមក ធ្វើនៅទូរទស្សន៍បាយ័នរហូតមកដល់សព្វថ្ងៃ ។ ចាប់តាំងពីប្រឡូកសិល្បៈ គេសង្កេតឃើញថា ក្រៅពីធ្វើជាពិធីការិនី នាងបានសម្តែងរឿងក្នុងឈុត ខារ៉ាអូខេ ព្រមទាំងថតឈុតពាណិជ្ជកម្មច្រើនដូចជា ស្ពតរបស់ក្រុមហ៊ុនទូរស័ព្ទ Mfone , ក្រុមហ៊ុន ស៊ុយស៊ូគី ,ក្រុមហ៊ុនគ្រឿងសម្អាង មានផលិតផលជាឡេ និងផលិតផលសាប៊ូនួនអាណុងជាដើម។ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្នបានរំលឹកឡើងវិញថា ដោយសារតែកញ្ញាបានទទួលការបណ្ដុះបណ្ដាល និងហ្វឹកហាត់ជំនាញ ខាង ការរាំ និងការសម្ដែងពី លោកគ្រូ អ្នកគ្រូដែលមកពី សាកលវិទ្យាល័យ ភូមិន្ទ និងវិចិត្រសិល្បៈអស់រយរយៈពេល២ខែ ដោយស្ទើរតែរកពេលសម្រាកគ្មានដែលជាហេតុធ្វើឲ្យកញ្ញាមិនសូវជាមានផលលំបាកក្នុងការសម្ដែង ឬក៏ធ្វើជាពិធីការិនីឡើយ។

ឆ្លងកាត់ពីមួយដំណាក់កាលទៅមួយដំណាក់កាល បានធ្វើឲ្យកញ្ញា ហ៊ិន ច័ន្ទនិរ័ត្នទទួលបាននូវ បទពិសោធន៍ដ៏ច្រើនពីវិស័យសិល្បៈ ទាំងផ្នែកសម្ដែង ផ្នែកពិធីករជាដើម។ តាមរយៈសម្ដីផ្ទាល់របស់កញ្ញា និងចរិតដ៏សុភាព រាបសារ របស់កញ្ញា ក៏បានបង្ហាញឲ្យឃើញថា កញ្ញាជាតារាមួយ ដួងដែលមានប្រជា ប្រិយភាពខ្ពស់ មានកេរ្ត៍ឈ្មោះល្អ និងពោរពេញដោយភាពរួស រាយរាក់ ទាក់ទៀតផង។

អាជីពសិល្បៈនាពេលបច្ចុប្បន្ន

ដោយឡែក ងាកមករកអាជីពក្នុង វិស័យសិល្បៈនាពេលបច្ចុប្បន្ននេះវិញ គឺកញ្ញាជាពិធីករប្រចាំប៉ុស្ត៍បាយ័នក្នុងកម្មវិធី ឆាឆាជាមួយនឹង លោក ជា វណ្ណារិទ្ធ និងមានកម្មវិធីតន្រ្តីផ្សេងៗទៀតផងដែរ។ ចាប់តាំងពីកញ្ញាចាប់ផ្ដើមប្រឡូកក្នុងវិស័យសិល្បៈមក កញ្ញាបានសម្ដែងក្នុងខ្សែ ភាពយន្តបានច្រើនរឿងដែរ ដូចជារឿង ក្រោយភ្លៀងរលឹម ព្រាយហាយសូរ សាកសពកំបុតក្បាល ។ ល។ តាមរយៈការទទួលបាននូវបទពិសោធន៍ នៃការ សម្ដែងរឿងអស់ទាំងនេះ បានកាន់តែរុញច្រាន កញ្ញាឲ្យទទួលបាននូវកេរ្ត៍ឈ្មោះ ក៏ដូចជាសមត្ថភាពក្នុងផ្នែកសិល្បៈពីមួយកម្រិតទៅមួយកម្រិត។ ទន្ទឹមនឹងនេះ ដែរ កញ្ញាបានបន្តទៀតថា ការងារជាសិល្បៈ វាមិនមែនជាការងារ ដែលលំបាក ខ្លាំងនោះទេ ប៉ុន្តែក៏ត្រូវទាមទារឲ្យមានការយកចិត្តទុកដាក់ តាមដានរាល់ការ ណែនាំពីសិល្បៈកររៀមច្បង និងអ្នកដឹកនាំសម្ដែងជាដើម។ យ៉ាងណាមិញ ដូចជា រាល់ថ្ងៃ កញ្ញាស្ថិតនៅក្នុងអាជីពជាពិធីករ ដែលនេះទាមទារឲ្យកញ្ញា ត្រូវបង្កើនសមត្ថភាព ទៅលើការនិយាយ ដែលធ្វើយ៉ាងណា ឲ្យអ្នកដែលស្តាប់ អាចទទួលយកបាន និងចាប់ អារម្មណ៍ ទៅលើកម្មវិធីដែល កញ្ញាកំពុងតែ សម្ដែងនោះដែរ។

បើការរៀបរាប់ត្រូសៗពីស្ថានភាពការងារសិល្បៈរបស់កញ្ញានោះ គឺកញ្ញាហាក់បីដូចជាមិនសូវមានពេលទំនេរ សម្រាប់ធ្វើរឿងផ្ទាល់ខ្លួននោះទេ ព្រោះកញ្ញាមានការងារច្រើនពីមួយខែ ទៅមួយខែ។ ហេតុនេះហើយ ទើបកញ្ញា ផ្អាកការសិក្សាអស់មួយរយៈពេលវែង ក៏ដោយសារគ្មានពេលវេលាគ្រប់គ្រាន់ នឹងរៀនសូត្របន្ថែម។

គន្លឹះថែរក្សាសម្រស់របស់ហ៊ិន ច័ន្ទនីរ័ត្ន

ថ្វីត្បិតតែកញ្ញា មានពេលរវល់ច្រើនជាមួយនឹង អាជីព សិល្បៈ ក្ដី ក៏កញ្ញាមិនភ្លេចចំពោះការថែរក្សាសម្ផស្សផងដែ ព្រោះកញ្ញាយល់ថា សម្រស់ គឺជាអ្វីដែលមិនអាចខ្វះបានសម្រាប់អ្នកសិល្បៈ ។ ដូចជា ក្នុងពេល បច្ចុប្បន្ន នេះ កញ្ញាតែងតែបង្ហាញមុខជាប្រចាំនៅលើកញ្ចក់ទូរទស្សន៍ ដែលមានទស្សនិកជនជាច្រើនចោលភ្នែកមកមើលកញ្ញា។ ដូចនេះ កញ្ញាចាំបាច់ឆ្លៀតពេល ដើម្បីថែរក្សាសម្រស់របស់ខ្លួនឲ្យនៅស្រស់ស្អាត។ មិនត្រឹមតែផ្ដោត សំខាន់ ទៅលើបញ្ហាសម្រស់ តែប៉ុណ្ណោះទេ ក្នុងនោះដែរ កញ្ញា និរ័ត្ន ក៏បានយក ចិត្តទុក ដាក់ទៅលើសុខភាព ដោយកញ្ញា ហាត់់ប្រាណជាប្រចាំ និងទទួលយក នូវរបបអាហារដែលទ្រទ្រង់ដល់សុខភាពរាងកាយ។ ចំណែកឯការថែរក្សា ផ្នែក សម្រស់វិញ គឺកញ្ញាតែងតែទៅទទួលយកការម៉ាស្សា ស្ទីម សូណា ជាដើម ដើម្បីបង្កើតសុខភាពស្បែក ឲ្យកាន់តែមានភាពម៉ដ្ឋរលោង និងស្រស់ស្អាត៕







អត្ថបទ៖ មករា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហ៊ិន ច័ន្ទនីរ័ត្ន