ភ្នំពេញៈ ជាធម្មតាកញ្ញា ព្រីម លីហ្សា តែងតែសម្ញែង បង្អួតសម្លៀកបំពាក់ តម្លៃជិតខ្ទង់ម៉ឺនដុល្លារ ក្នុងការ ស្លៀកទៅចូលរួមកម្មវិធី នៅក្នុង សង្គមសិល្បៈដូចជា កម្មវិធីខួបកំណើត សម្ពោធហាង របស់មិត្តសិល្បៈករ ជាដើម តែដោយឡែកឈុតខ្លី ដែលនាងស្លៀកទៅចូលរួម ក្នុងកម្មវិធី “អាណាចក្រតារា” កាលពីពេល កន្លងទៅថ្មីៗនោះ គេមិនទាន់ ដឹងថាមានតម្លៃថ្លៃ ដល់កម្រិតណាហើយមានការច្នៃម៉ូដ និងទិញពីប្រទេសណានោះទេ ។

កញ្ញា ព្រីម លីហ្សា គឺជាតារាស្រីមួយរូបដែល មានភាពលេចធ្លោខ្លាំងទៅលើ ការប្រើប្រាស់សម្ភារៈ និយមតម្លៃថ្លៃ ជាមួយសំលៀកបំពាក់ ម៉ាកល្បីៗ ហើយកាលពីកម្មវិធី “អាណាចក្រតារា” ឆ្នាំមុន នាងបានគ្រងជាមួយរ៉ូបវែងឆែកត្រឹមភ្លៅ ពណ៌ស្លាបកំភេន ចំណាយលុយ ជិតខ្ទង់១ម៉ឺនដុល្លារ ក្នុងការស្លៀកពាក់តុបតែងខ្លួន ឲ្យមានភាពលេចធ្លោក្នុងកម្មវិធី រហូតធ្វើឲ្យតារាជាច្រើនរយនាក់ មានការចាប់អារម្មណ៍ និងសរសើរមិនដាច់ពីមាត់ថានាង ជាតារាមួយរូបដែលហ៊ានចំណាយធំ លើការស្លៀកពាក់ហ៊ឺហារដូចតារាបរទេស ។

ក្នុងកិច្ចសម្ភាសន៍ជាមួយ Looking TODAY កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៣នេះ ស្រីស្អាតវ័យក្មេងសិចស៊ី កញ្ញា ព្រីម លីហ្សា បានប្រាប់ឲ្យដឹងថា ឈុតដែលនាងស្លៀកទៅចូលរួមកម្មវិធី “អាណាចក្រតារា” ឆ្នាំនេះ មិនបានកាត់និងច្នៃម៉ូដដូចរ៉ូបមុនៗទេ គឺនាងទិញស្រាប់ពីក្រៅប្រទេស មកតែម្តងព្រោះនាងគិតថាឈុតនេះ ស្អាតទាក់ទាញប្លែកភ្នែក ដោយសារឆ្នាំមុននាងស្លៀកឈុត វែងដល់ឆ្នាំនេះផ្លាស់មកស្លៀកឈុតខ្លីប្លែកភ្នែកខ្លះដែរ ។

តារាស្រីស៊ីវិល័យ កញ្ញា ព្រីម លីហ្សា បានប្រាប់ឲ្យដឹងទៀតថា “ ឈុតខ្ញុំស្លៀកទៅចូលរួមកម្មវិធីនោះ មានតម្លៃមិនសូវថ្លៃដូចឆ្នាំមុនទេ ឈុតខ្លីខ្ញុំស្លៀកចូលរួមកម្មវិធី កាលពីថ្ងៃទី១៥ ខែសីហា នោះតម្លៃត្រឹមតែ ៤៥០០ដុល្លារ ហើយសម្រាប់ស្បែកជើងម៉ាកល្បី ដែលខ្ញុំពាក់ទៅចូលរួមនោះ មានតម្លៃជិត២ពាន់ដុល្លារ ចំណែករឿងខ្សែដៃកាបូប និងគ្រឿងតុបតែងខ្លួនមួយចំនួនទៀត ខ្ញុំសុំមិននិយាយទេ ព្រោះខ្លាចគេថាខ្ញុំអួត ” ។

ជាមួយគ្នានោះដែរ កញ្ញា ព្រីម លីហ្សា បានប្រាប់ឲ្យដឹងផងដែរថា សម្រាប់ឈុតនាងស្លៀក ចូលរួមកម្មវិធីនេះ នាងគិតថា ជាឈុតសាមញ្ញធម្មតាៗ នាងមិនចង់និយាយពីតម្លៃ ឈុតស្លៀកពាក់ទេ ព្រោះថាជារឿយៗតែងតែត្រូវគេសរសេរ វាយប្រហារនាង ថាចូលចិត្ត អួតរឿងស្លៀកពាក់ ។

ប៉ុន្តែនាងមិនខ្វល់ទេហើយពេលនេះនាងកំពុង តែចាប់ផ្តើមមមាញឹកជាមួយការងារ ក្នុងពេលឆាប់ៗខាងមុខនេះ នាងក៏ត្រៀមថត រឿងថ្មី មួយ ឲ្យផលិតកម្មក្នុងស្រុក ហើយនាងក៏ទើបតែថតបញ្ចប់ ជាមួយបទចម្រៀងកាយវិការខារ៉ាអូខេ ឲ្យផលិតកម្មសាន់ដេ ទើបតែចប់ ៕









ដោយ៖ lookingTODAY

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រីម លីហ្សា