ភ្នំពេញ៖ អង្គសម្តេច ដ៏ល្បាញល្បី នៃព្រះរាជាណាចក្រកម្ពុជា ព្រះមហាវីរក្សត្រខ្មែរ ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ព្រះវររាជបិតាឯករាជ្យជាតិខ្មែរ បូរណភាពទឹក ដី និងបង្រួបបង្រួមជាតិ បានយាងចូលទិវង្គត នៅ យប់រំលងអាធ្រាត្រថ្ងៃ១៥ រោច ខែភទ្របទ ឆ្នាំរោង ព.ស ២៥៥៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នាទីក្រុង ប៉េកាំង ប្រទេសចិន ដោយព្រះជរាពាធ។ ព្រះបរមសពរបស់ព្រះអង្គត្រូវ បានដង្ហែយាងមកដល់មាតុប្រទេស នៅ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២។

អង្គសម្តេចឪ សម្តេចតា សម្តេចតាទួត តាលួត ជាអង្គក្សត្រមួយព្រះអង្គ មានព្រះកិត្តនាមល្បាញល្បីខ្ទរខ្ទារ ទាំងនៅ ក្នុងប្រទេសកម្ពុជា ក៏ដូចជាឆាកអន្តរជាតិ ក្រោមព្រះរាជសកម្មភាព ដ៏អង្គអាចក្លាហានរបស់ព្រះអង្គ ក្នុងការទាម ទារឯករាជ្យជាតិពី អណានិគមបារាំងទាំងស្រុងនៅថ្ងៃទី៩ វិច្ឆិកា ១៩៥៣។ ព្រះរាជសកម្មភាពទាមកសាងប្រទេស ជាតិឲ្យលិចធ្លោរឡើងលើពិភពលោក ក្នុងសម័យសង្គមរាស្រ្តនិយម ព្រមទាំងព្រះរាជសកម្មភាពទាមទារអាណា ខេត្តមួយចំនួនពីប្រទេសសៀម ជាពិសេសការតស៊ូក្តីនៅតុលាការយុត្តិធម៌ទីក្រុងឡាអេ ក្នុងការទាមទារប្រាសាទ ព្រះវិហារ មកជាសម្បត្តិរបស់ប្រជាពលរដ្ឋខ្មែរ។

អ្វីកាន់តែពិសេស ដែលធ្វើឲ្យប្រជាពលរដ្ឋទូទាំងប្រទេសមានស្វាមីភក្តិ គោរពអាណិត ស្រឡាញ់ដ៏ខ្ពង់ខ្ពស់នោះ គឺរាល់ព្រះរាជសកម្មភាព ព្រះរាជកាយវិការរបស់ព្រះអង្គពេញមួយព្រះជន្មាយុ គឺបានបូជាអស់កម្លាំងកាយពល ដើម្បីជាតិមាតុភូមិ និងដើម្បីប្រជារាស្រ្តរបស់ព្រះអង្គ។

ខាងក្រោមនេះ ជាព្រះរាជជីវប្រវត្តិរបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ៖

ព្រះនាមពេញ ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ
ព្រះនាមដើម នរោត្ដម សីហនុ
ព្រះនាមក្នុងរាជ្យ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ វរ្ម័ន រាជហរិវង្ស ឧភតោសុជាតិ វិសុទ្ធពង្ស អគ្គមហាបុរសរតន៍ និករោត្ដម ធម្មិកមហារាជាធិរាជ បរមនាថ បរមបពិត្រ ព្រះចៅក្រុងកម្ពុជាធិបតី

ឋានៈ ព្រះរាជបុត្រ, ព្រះមហាក្សត្រ, នាយករដ្ឋមន្ត្រី, ប្រមុខរដ្ឋ
ប្រសូត្រ ៣១ តុលា ១៩២២
ព្រះបិតា នរោត្ដម សុរាម្រឹត
ព្រះមាតា ស៊ីសុវត្ថិ កុសុមៈ
រាជាភិសេកលើកទី១ ថ្ងៃទី២៨ តុលា ១៩៤១
គ្រងរាជ្យពី ១៩៤១ ដល់ ១៩៦០ (១៩ឆ្នាំ)
រជ្ជកាលមុន សិរីសុវត្ថិ មុនីវង្ស
រជ្ជកាលបន្ទាប់ នរោត្ដម សុរាម្រឹត
រាជាភិសេកលើកទី២ ២៤ កញ្ញា ១៩៩៣

ព្រះបរមនាមកិត្តិយស ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ
ព្រះរាជអគ្គមហេសី នរោត្ដម មុនីនាថ សីហនុ

ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ [អានថា៖ នៈ-រោត-ដំ-សី-ហៈ-នុ] ស្ដេចព្រះរាជសម្ភព នាថ្ងៃអង្គារ ១១កើត ខែកក្ដិក ឆ្នាំ ច ចត្វាស័ក ព.ស.២៤៥៦ ត្រូវនឹងថ្ងៃទី៣១ ខែតុលា គ.ស.១៩២២ នៅឯព្រះបរមរាជវាំងក្រុងចតុ ម្មុខមង្គល ព្រះរាជអាណាចក្រកម្ពុជា។

ព្រះអង្គ ទ្រង់ជាព្រះរាជបុត្រ នៃព្រះបាទ នរោត្ដម សុរាម្រឹត និងជាព្រះមហាក្សត្រ អង្គទី៥ នៃព្រះរាជអាណាចក្រ កម្ពុជាឯករាជ្យ។ ក្រៅពីតំណែងព្រះមហាក្ស័ត្រិយ៍ ព្រះអង្គក៏បានធ្លាប់ធ្វើជាប្រមុខរដ្ឋ និងនាយករដ្ឋមន្ត្រី នៃព្រះ រាជាអាណាចក្រកម្ពុជា ជាច្រើនសម័យ។

ព្រះរាជជីវប្រវត្តិ 
ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ ស្ដេចព្រះរាជសម្ភព នាថ្ងៃអង្គារ ១១ កើត ខែកក្ដិក ឆ្នាំ ច ចត្វា ស័ក ព.ស.២៤៥៦ ត្រូវនឹងថ្ងៃទី៣១ ខែតុលា គ.ស.១៩២២ នៅឯព្រះបរមរាជវាំងក្រុងចតុម្មុខមង្គល ព្រះរាជ អាណាចក្រកម្ពុជា។ ព្រះអង្គ ទ្រង់ជាព្រះរាជបុត្រ នៃព្រះបាទ នរោត្ដម សុរាម្រឹត និងសម្ដេចព្រះមហាក្ស័ត្រិយានី ស៊ីសុវត្ថិ កុសុមៈ។

ការសិក្សា
ពីឆ្នាំ១៩៣០ ដល់ឆ្នាំ១៩៤០ ព្រះអង្គបានចូលសិក្សា នៅសាលាបឋមសិក្សា Francois Baudoin និងវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ។ បន្ទាប់មក ព្រះអង្គបានបន្តការសិក្សានៅវិទ្យាល័យបារាំង សាសលូឡូបា (Chasseloup Laubat) នៅព្រៃនគរ (វៀតណាមខាងត្បូង)។
នៅឆ្នាំ១៩៤៦ និង១៩៤៨ ព្រះអង្គបានបន្តការសិក្សាជាន់ខ្ពស់ នៅសាលាអនុវត្តទ័ពសេះ និងកងទ័ពរថពាសដែកនៅសូមៀរ (Saumur) ប្រទេសបារាំង។

ការឡើងគ្រងរាជ្យ
• លើកទីមួយ
នៅ ខែមេសា ឆ្នាំ១៩៤១ ក្រុមប្រឹក្សាព្រះរាជបល្ល័ង្គ បានជ្រើសតាំង និងថ្វាយព្រះរាជឋានៈព្រះអង្គជា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅរាជធានីភ្នំពេញ បន្តពីព្រះករុណាព្រះបាទសម្ដេចព្រះ សិរីសុវត្ថិ មុនីវង្ស។ ព្រះអង្គឡើងគ្រងរាជសម្បត្តិនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៤១។
បន្ទាប់ពីប្រទេសកម្ពុជាបានទទួលឯករាជ្យពីប្រទេសបារាំង ព្រះអង្គបានដាក់រាជ្យសម្បត្តិ នាថ្ងៃទី០២ ខែមីនា ឆ្នាំ១៩៥៥ ថ្វាយព្រះបិតាព្រះអង្គ គឺព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សុរាម្រឹត។

• លើកទីពីរ
ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ បានឡើងគ្រងរាជ្យជាលើកទីពីរនាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ និងបានចូលនិវត្ដន៍នាថ្ងៃទី០៧ ខែតុលា ឆ្នាំ២០០៤។

ព្រះរាជបូជនីយកិច្ច 
ក្នុងព្រះឋានៈជាព្រះមហាក្សត្រ នៃព្រះរាជអាណាចក្រកម្ពុជា ព្រះអង្គបានបំពេញព្រះរាជបូជនីយកិច្ចធំៗ ជាច្រើន សម្រាប់ជាតិ ដូចជា៖
• មហាជោគជ័យក្នុងការទាមទារឲ្យរាជាណាចក្រថៃឡង់ដ៍ សងមកព្រះរាជអាណាចក្រកម្ពុជាវិញ ជាដាច់ខាតនូវ ខេត្តខ្មែរ ដែលក្នុងពេលមានចម្បាំងសកលលោកលើកទី២ ថៃឡង់ដ៍បានយកពីកម្ពុជាទៅ គឺខេត្តបាត់ដំបង សៀម រាប កំពង់ធំ ស្ទឹងត្រែង
• ទាមទារឯករាជ្យភាពនៃព្រះរាជអាណាចក្រកម្ពុជាពីសាធារណរដ្ឋបារាំង
• និងការឈ្នះក្ដីប្រាសាទព្រះវិហារនាទីក្រុងឡាអេ ពីរាជាណាចក្រថៃឡង់ដ៍ជាដើម ។

សង្គមរាស្ត្រនិយម
បន្ទាប់ពីព្រះអង្គបានដាក់រាជ្យ ថ្វាយព្រះបិតាហើយ ហើយព្រះអង្គបានប្រឡូកចូលក្នុង ឆាកនយោបាយ បង្កើត ចលនាសង្គមរាស្ត្រនិយម និងបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីនៃព្រះរាជអាណាចក្រកម្ពុជា ជាច្រើន សម័យ។
សម័យសង្គមរាស្ត្រនិយម គឺជាសម័យកាលរុងរឿងមួយទៀត នៃព្រះរាជអាណាចក្រកម្ពុជាដែលដឹកនាំ ដោយព្រះ អង្គ ក្រោយប្រទេសកម្ពុជាបានទទួលឯករាជ្យពីប្រទេសបារាំង ដោយប្រទេសកម្ពុជាត្រូវបានគេសន្មតថា ជាកោះ សន្តិភាព និងមានការរីកចម្រើនលើគ្រប់វិស័យ។

រដ្ឋប្រហារ
សម្ដេចព្រះ នរោត្ដម សីហនុ ត្រូវបានលោកសេនាប្រមុខ លន់ ណុល ធ្វើរដ្ឋប្រហារទម្លាក់ព្រះអង្គចេញពីតំណែង ព្រះប្រមុខរដ្ឋនាថ្ងៃ ទី១៨ ខែមីនា ឆ្នាំ១៩៧០ ក្នុងខណៈពេលព្រះអង្គកំពុងបំពេញព្រះទស្សនកិច្ចក្រៅប្រទេស។

ចលនាតស៊ូសីហនុនិយម
បន្ទាប់ពីព្រះអង្គបានត្រូវទម្លាក់ និងបន្ទាប់ពីប្រទេសវៀតណាម បានឈ្លានពានប្រទេសកម្ពូជា នាឆ្នាំ១៩៧៩ ព្រះ អង្គបានបង្កើតចលនាតស៊ូនៅតាមព្រំដែន រួមជាមួយភាគីពីរទៀត របស់សម្ដេចបវរសេដ្ឋា សឺន សាន និងកម្ពុជា ប្រជាធិបតេយ្យ រួមធ្វើការចរចាជាមួយភាគីសាធារណរដ្ឋប្រជាមានិតកម្ពុជា របស់លោក ហេង សំរិន, ហ៊ុន សែន រហូតដល់មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នាថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ ព្រះអង្គបានយាងត្រឡប់ មកប្រទេសកម្ពុជាវិញ និងត្រូវបាន ឡើងសោយរាជ្យជាថ្មីវិញ បន្ទាប់ពីការបោះឆ្នោតនាឆ្នាំ១៩៩៣ រៀបចំដោយ អង្គការសហប្រជាជាតិ។

ការដាក់រាជ្យ
ដោយសារមានបញ្ហាផ្នែកព្រះសុខភាព ព្រះអង្គបានដាក់រាជ្យនាថ្ងៃទី០៧ ខែតុលា ឆ្នាំ២០០៤។ បច្ចុប្បន្នព្រះអង្គ កំពុងបន្តព្យាបាល ព្រះរោគនាទីក្រុងប៉េកាំង ប្រទេសចិន។ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្វាយព្រះឋា នៈ ព្រះអង្គជា «ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណ ភាពទឹកដី និងឯកភាពជាតិខ្មែរ»៕

 


ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]