ការសាងសង់រូបសំណាកល្បីៗ និងធំៗជាច្រើនជុំវិញពិភពលោក គឺសុទ្ធសឹងតែមានបង្កប់អត្ថន័យសម្រាប់ប្រទេសជាតិទាំងមូល ដោយរូបសំណាកខ្លះធ្វើឡើងដោយរម្លឹកដល់គុណបុណ្យ បុគ្គលល្បីឆ្នើមប្រចាំជាតិដូចជា អធិរាជ វីរបុរសដែលមានការតស៊ូដើម្បីជាតិ និងដើម្បីឧទ្ទិសដល់សាសនាដែលគោរពបូជាប្រចាំប្រទេសផងដែរ។

តែក្នុងចំណោមរូបសំណាកល្បីៗជុំវិញពិភពលោក ក៏មានរូបសំណាកខ្លះមានកម្ពស់ខ្ពស់ៗមែនទែន ហើយការសាងសង់ក៏ត្រូវចំណាយពេលយូរ អស់ថវិកាច្រើនទៀត តែក៏មានបង្កប់ភាពស្រស់ស្អាតអស្ចារ្យផងដែរ។

ដូច្នេះដើម្បីឱ្យកាន់តែជ្រាបច្បាស់! មកតាមដានរូបសំណាកល្បីៗ ដែលមានកម្ពស់ខ្ពស់ជាងគេលើលោកទាំង ១០ ដែលរួមមានដូចជា៖

១០. ព្រះពុទ្ធរូបអង្គធំ លីងសាន ប្រទេសចិន កម្ពស់ ៨៨ម៉ែត្រ

ព្រះពុទ្ធរូបអង្គធំ (Grand Buddha at Lingshan) មួយនេះស្ថិតនៅលើកំពូលភ្នំ ឡុងសាន ដែលមានកម្ពស់ ៨៨ម៉ែត្រ សាងសង់ពីសំរឹទ្ធ មានទម្ងន់ ៧០០តោន។ ទីកន្លែងដែលមានទំហំដីប្រមាណជិត ៣០ហិចតា នេះ គឺជាទីកន្លែងដែលមានភ្ញៀវទេសចរកម្សាន្តមិនចេះដាច់ ថែមទាំងជាកន្លែងដែលសម្បូរទៅដោយទីកន្លែងសក្ការបូជាបែបព្រពុទ្ធសាសនាផងដែរ។

ព្រះពុទ្ធរូបអង្គធំ លីងសាន ប្រទេសចិន កម្ពស់ ៨៨ម៉ែត្រ

៩. ព្រះពុទ្ធរូបប្រទេសថៃ កម្ពស់ ៩២ម៉ែត្រ

ព្រះពុទ្ធរូបប្រទេសថៃ (Great Buddha of Thailand) គឺជារូបសំណាកដែលមានកម្ពស់ខ្ពស់ជាងគេប្រចាំប្រទេសថៃ មានកម្ពស់ ៩២ម៉ែត្រ ដែលបានសាងសង់ឡើងតាំងពីឆ្នាំ ១៩៩០ ហើយទើបតែបញ្ចប់ការស្ថាបនានៅក្នុងឆ្នាំ ២០០៨ប៉ុណ្ណោះ។ ព្រះពុទ្ធរូបអង្គនេះ សាងសង់ឡើងពីស៊ីម៉ង់ តែលាបស្រោបពណ៌ពីក្រៅដោយទឹកថ្នាំពណ៌មាស។ គួរឱ្យដឹងផងដែរថា ព្រះពុទ្ធរូបធំនេះ សាងសង់ឡើងតាមបែប ពុទ្ធសាសនានិកាយថេរវាទី។

ព្រះពុទ្ធរូបប្រទេសថៃ កម្ពស់ ៩២ម៉ែត្រ

៨. Peter the Great ប្រទេសរុស្ស៊ី កម្ពស់ ៩៦ម៉ែត្រ

រូបសំណាក ដែលសាងសង់ឡើងនៅលើផ្ទៃទន្លេមូស្គូ ស្ថិតនៅក្នុងក្រុងមូស្គូនេះ ធ្វើឡើងដើម្បីរម្លឹកដល់ ព្រះចៅអធិរាជ Peter ទី១ នៃប្រទេសរុស្ស៊ី ដែលបានគ្រប់គ្រងប្រទេសរយៈពេល ៤៣ឆ្នាំ។ រូបសំណាកនេះផងដែរ ត្រូវបានសាងសង់ឡើងដោយអ្នករចនាម៉ូដជនជាតិ ហ្សកហ្សឺ (Georgian) លោក Zurab Tsereteli ដោយប្រើប្រាស់ដែកអ៊ីណុក និងសំរឹទ្ធអស់ជាង ៦០០តោន។ គួរឱ្យដឹងផងដែរថា រូបសំណាក់ដែលមានកម្ពស់ ៩៦ម៉ែត្រនេះ ត្រូវបានគេដាក់តាំងបង្ហាញដំបូងនៅក្នុងឆ្នាំ ១៩៩៧។

Peter the Great ប្រទេសរុស្ស៊ី កម្ពស់ ៩៦ម៉ែត្រ

៧. Sendai Daikannon ប្រទេសជប៉ុន កម្ពស់ ១០០ម៉ែត្រ

រូបសំណាកដែលមានកម្ពស់ ១០០ម៉ែត្រនេះ ស្ថិតនៅក្នុងទីក្រុង Sendai ដែលជារូបសំណាកតំណាងឱ្យព្រះពោធិសត្វរបស់ប្រទេសជប៉ុន ដោយនៅព្រះហស្ថស្តាំកាន់គ្រឿងអលង្កា និងព្រះហស្ថឆ្វេងកាន់ថូច្រូចទឹក ដែលតំណាងឱ្យការប្រទានពរជ័យក្នុងន័យសុំឱ្យបានសុខសប្បាយ និងសុំឱ្យបំណងប្រាថ្នាក្លាយទៅជាការពិត។ គួរឱ្យដឹងផងដែរថា រូបសំណាកនេះក៏មានដណ្តើរយន្ត(យោង) ឡើងទៅកាន់កំពូលរូបសំណាកដើម្បីទស្សនាទេសភាពទីក្រុងទាំងមូលទៀតផង។

Sendai Daikannon ប្រទេសជប៉ុន កម្ពស់ ១០០ម៉ែត្រ

៦. អធិរាជ Yan និងអធិរាជ Huang ប្រទេសចិន កម្ពស់ ១០៦ម៉ែត្រ

រូបសំណាក ដែលស្ថិតនៅក្នុងខេត្ត Henan ប្រទេសចិនមួយនេះ សាងសង់ឡើងដើម្បីរម្លឹកដល់ព្រះចៅអធិរាជប្រទេសចិនទាំង២ព្រះអង្គ គឺអធិរាជ Yan និងអធិរាជ Huang ដោយបានចាប់ផ្តើមសាងសង់ឡើងតាំងពីឆ្នាំ ១៩៨៧ និងចំណាយពេលស្ថាបនាដល់ទៅជាង ២០ឆ្នាំទើបរួចរាល់។ រដ្ឋាភិបាលចិនបានចំណាយថវិកាសាងសង់រូបសំណាក់ដែលមានកម្ពស់ ១០៦ម៉ែត្រ នេះអស់ដល់ទៅជាង ២២.៥លានដុល្លារ។

អធិរាជ Yan និងអធិរាជ Huang ប្រទេសចិន កម្ពស់ ១០៦ម៉ែត្រ

៥. ព្រះម៉ែគួនអ៊ីនសមុទ្រខាងត្បួង ប្រទេសចិន កម្ពស់ ១០៨ម៉ែត្រ

រូបសំណាកព្រះម៉ែគួនអ៊ីនសមុទ្រខាងត្បូងនៃ Sanya (Guan Yin of the South Sea of Sanya) ដែលមានព្រះទ័យមេត្តាមួយអង្គនេះ ស្ថិតនៅក្នុងខេត្ត Hainan ប្រទេសចិន ដែលមានកម្ពស់ ១០៨ម៉ែត្រ។ រូបសំណាកព្រះម៉ែមួយអង្គនេះមានដល់ទៅ៣ជ្រុង ដែលជាការសម្តែងក្តីមេត្តា និងប្រោសព្រំសត្វលោកគ្រប់ទិសទីលើពិភពលោក ដោយជ្រុងមុខទី ១ សម្លឹងទៅកាន់ផ្ទៃដី ឯ២ជ្រុងទៀតសម្លឹងទៅកាន់ផ្ទៃសមុទ្រដ៏សែនវែងឆ្ងាយសន្លឹម។ គួរឱ្យដឹងថា រូបសំណាកនេះចំណាយពេលសាងសង់អស់រយៈពេល ៦ឆ្នាំ។

ព្រះម៉ែគួនអ៊ីនសមុទ្រខាងត្បួង ប្រទេសចិន កម្ពស់ ១០៨ម៉ែត្រ

៤. Ushiku Daibutsu ប្រទេសជប៉ុន កម្ពស់ ១១០ម៉ែត្រ

រូបសំណាកនេះ គឺជារូបសំណាកអង្គធំ ក្នុងទីក្រុង Ushiku ប្រទេសជប៉ុនដែលមានកម្ពស់ ១១០ម៉ែត្រដោយមិនគិតពីជើងទ្រកម្ពស់១០ម៉ែត្រនោះទេ ហើយសាងសង់ឡើងធ្វើអំពីសំរឹទ្ធ។ រូបសំណាកនេះផងដែរ មានជណ្តើរយន្ត(យោង) ឡើងទៅដល់ទៅ៤ជាន់ឯណោះ ដោយជាន់ទី១ អ្នកទេសចរអាចស្តាប់តន្ត្រីពីរោះៗ ជាន់ទី២មានសុទ្ធតែព្រះគម្ពីរសម្រាប់សិក្សា ជាន់ទី៣តម្កល់ដោយព្រះពុទ្ធបដិមាចំនួន ៣០០០០អង្គ ឯជាន់លើបង្អស់អ្នកទេសចរអាចទស្សនាគយគន់ទេសភាពសួនច្បារដ៏ស្រស់ស្អាតនៅជុំវិញរូបសំណាកនេះទៀតផង។

Ushiku Daibutsu ប្រទេសជប៉ុន កម្ពស់ ១១០ម៉ែត្រ

៣. Laykyun Setkyar ប្រទេសភូមា (មីយ៉ាន់ម៉ា) កម្ពស់ ១១៦ម៉ែត្រ

រូបសំណាកដែលមានកម្ពស់ ១១៦ម៉ែត្រនេះ ស្ថិតនៅក្នុងទីក្រុង Monywa ប្រទេសភូមា ដែលបានចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំ ១៩៩៦ និងបញ្ចប់ក្នុងឆ្នាំ ២០០៨ ដោយមានជើងទ្រកម្ពស់ ១៣.៥ម៉ែត្រផងដែរ។ បន្ថែមពីនេះ រូបសំណាកក៏មានជណ្តើរយន្ត(យោង)ឡើងទៅកាន់កំពូលរូបសំណាកទៀតផង ដោយអ្នកទេសចរអាចគយគន់ទេសភាពស្រស់ស្អាតនៅជុំវិញ និងអាចមើលឃើញរូបសំណាកព្រះពុទ្ធបរិនិព្វានកម្ពស់ ៨៩ម៉ែត្រ ដែលនៅក្បែររូបសំណាកនេះផងដែរ។

Laykyun Setkyar ប្រទេសភូមា (មីយ៉ាន់ម៉ា) កម្ពស់ ១១៦ម៉ែត្រ

២. ព្រះពុទ្ធនិទាឃរដូវ ប្រទេសចិន កម្ពស់ ១៥៣ម៉ែត្រ

ព្រះពុទ្ធនិទាឃរដូវ (Spring Temple Buddha) ដែលមានកម្ពស់ ១៥៣ម៉ែត្រមួយនេះ ស្ថិតនៅក្នុងខេត្ត Henan ប្រទេសចិន ដោយបានចាប់ផ្តើមសាងសង់ឡើងនៅក្នុងឆ្នាំ ១៩៩៧ និងបញ្ចប់នៅក្នុងឆ្នាំ ២០០៨។ រូបសំណាកនេះផងដែរ មានជើងជម្រផ្កាឈូកកម្ពស់ ២០ម៉ែត្រ ដោយធ្វើពីទង់ដែងចំនួន ១១០០ សន្លឹក ទៀតផង។ សម្រាប់ឈ្មោះរូបសំណាកនេះ ត្រូវបានគេដឹងថាបានមកពីឈ្មោះអាកាសធាតុនៅក្នុងតំបន់នេះតែម្តង។ នៅក្នុងនោះគេបានដឹងថា ថវិកានៅក្នុងការសងសង់រូបសំណាកនេះ អស់ដល់ទៅជាង ៥៥លានដុល្លារឯណោះ។

ព្រះពុទ្ធនិទាឃរដូវ ប្រទេសចិន កម្ពស់ ១៥៣ម៉ែត្រ

១. រូបសំណាកសាមគ្គីភាព ប្រទេសឥណ្ឌា កម្ពស់ ១៨២ម៉ែត្រ

រូបសំណាកសាមគ្គីភាព ឬ Statue of Unity ត្រូវបានគេដឹងថា បានក្លាយទៅជារូបសំណាកដែលមានកម្ពស់ខ្ពស់ជាងគេបង្អស់នៅលើលោកនេះ ធ្វើឡើងដើម្បីរម្លឹកគុណលោក Sardar Vallabhbhai Patel ដែលជាអ្នកបានធ្វើការតស៊ូដណ្ដើមឯករាជ្យឱ្យប្រទេសឥណ្ឌាវិញ។ រូបសំណាកនេះគឺជាគម្រោងការងារមួយដែលនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ស្រលាញ់ជាងគេ ដោយបានសាងសង់នៅលើទំនប់ Sardar Sarovar ក្បែរទីក្រុង Vadodara។

គួរឱ្យដឹងផងដែរថា លោក Patel ធ្លាប់ធ្វើជាអភិបាលរងក្រុងក្នុងប្រទេសឥណ្ឌាបន្ទាប់ពីទទួលបានឯករាជ្យភាពក្នុងឆ្នាំ១៩៤៧។ ដោយប្រជាជនឥណ្ឌាទាំងអស់បានដាក់ងារឱ្យលោកថា ជាវីរបុរស « Iron Man នៃប្រជាជាតិឥណ្ឌា» ដោយសារតែលោកបានធ្វើការតស៊ូរួបរួមបញ្ចូលរដ្ឋឥណ្ឌាជាច្រើនឲ្យទៅជារដ្ឋដ៏ធំមួយក្រោយពីការទទួលបានឯករាជ្យក្នុងប្រទេសរបស់ខ្លួន៕

រូបសំណាកសាមគ្គីភាព ប្រទេសឥណ្ឌា កម្ពស់ ១៨២ម៉ែត្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]