រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះក្រុមហ៊ុន កូកា-កូឡា បានបញ្ចេញការរចនាកំប៉ុងថ្មីសម្រាប់ជូនជាកាដូដ៏មានតម្លៃ និងមានអត្ថន័យដល់អតិថិជនក្នុងការចែករំលែកពេលវេលាល្អៗភាពសប្បាយរីករាយ និងសុភមង្គលក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខែ្មរ។

ការរចនាកំប៉ុងស្នាដៃសិល្បៈថ្មីនោះទាំងអស់មាន ៣ម៉ូដ ដោយការរចនានីមួយៗបង្ហាញពីនិមិត្តសញ្ញារចនាបថ (ស្ទីល) និងអត្ថន័យ ៣ ផ្សេងៗគ្នា ដែលបានរចនាឡើងយ៉ាងសម្រិតសម្រាំង ផ្ចិតផ្ចង់ និងយកចិត្តទុកដាក់ជាទីបំផុតពីសិល្បករខ្មែរ ៤រូប។ ស្នាដៃសិល្បៈ ទាំងនោះរួមមាន៖ បេះដូង គោមផ្កាយ និងផ្កាម្លិះ។

ក្នុងឱកាសនោះដែរ ក៏មានកិច្ចសម្ភាសន៍ជាមួយនិងសិល្បករ ដែលពួកគាត់បានរចនារូបនៅលើកំប៉ុងកូកា-កូឡា ថ្មី ទាំងអស់នេះផងដែរ៖  

សិល្បកររចនារូបនៅលើកំប៉ុងកូកា-កូឡា ថ្មី
លោក សន ករុណា រចនារូបគោមផ្កាយ “តំណាងឲ្យជូនពរជ័យសិរីមង្គល”

លោក ករុណា មានអាយុ ២៣ឆ្នាំ។ លោកទើបតែបញ្ចប់ការសិក្សាផ្នែក Interior Design នៅសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ លោកមានជំនាញខាងគំនូរប្រពៃណីខ្មែរ និងគំនូរ doodle។ ស្នាដៃសិល្បៈរបស់លោក ករុណា ដែលបានដាក់តាំងនៅតាមជញ្ជាំង ហាងកាហ្វេ ហាងទំនិញ ការិយាល័យ និងភោជនីយដ្ឋាននានា។

សំនួរ : តើកត្តាអ្វីដែលជំរុញអ្នកឲ្យមានគំនិតនេះ? ហើយតើអ្នករចនាវាដោយរបៀបណា?
ចម្លើយ: ស្របទៅនឹងប្រធានបទដើម្បីចូលរួមអបអរសាទរឆ្នាំថ្មីរបស់ក្រុមហ៊ុន កូកា-កូឡា គឺ «ការ ថែរក្សា ឬការយកចិត្តទុកដាក់» ការបំផុសគំនិតសម្រាប់ការរចនានេះគឺផ្អែកទៅលើគោមរូបផ្កាយដែលមានប្រជាប្រិយភាព និងត្រូវបានគេប្រើយ៉ាងទូលំទូលាយក្នុងអំឡុងពេលនៃការប្រារព្ធពិធីបុណ្យចូល ឆ្នាំខ្មែរ។ ខ្ញុំបានរចនាវាឡើង ក្នុងគោលបំណងដើម្បីបង្ហាញឱ្យឃើញនូវក្បាច់ភ្ញីទេសរបស់ខ្មែរ(ភាគច្រើនឃើញមាននៅតាមជញ្ជាំងប្រាសាទ) និងបញ្ចូលវាជាមួយ កូកា-កូឡា ដើម្បីទទួលអំណរ បុណ្យចូលឆ្នាំថ្មី។ ស្នាដៃសិល្បៈនេះគឺជាការច្នៃប្រឌិតរបស់ខ្មែរសុទ្ធសាធ។

សំនួរ : តើនិមិត្តសញ្ញានីមួយៗមានសារសំខាន់យ៉ាងណាចំពោះបុណ្យចូលឆ្នាំខ្មែរ?
ចម្លើយ: បុណ្យចូលឆ្នាំខ្មែរមានន័យថា ការចាប់ផ្តើមថ្ងៃថ្មី ពេលវេលាថ្មី និងជោគជ័យថ្មីរបស់ប្រជាជនកម្ពុជា។ ក្នុងឱកាសនេះ យើងតែងតែជូនពរគ្នាឲ្យជួបតែសំណាងល្អ និងជោគជ័យពេញមួយឆ្នាំ។ នៅក្នុងការរចនានេះ ក្បាច់ភ្ញីទេសរបស់ខ្មែរ បង្កប់នូវអត្ថន័យនៃភាពរស់រវើក ភាពសមសួន រមទម្យ និងភាពស្មោះត្រង់។ ដៃបង្ហាញកាយវិការនៃការជូនពរជ័យជាមួយដប កូកា-កូឡា ស្ថិតនៅចំកណ្តាល។ យើងបង្ហាញដល់អ្នកគ្រប់គ្នាឲ្យបានដឹងថា ក្រុមហ៊ុន កូកា-កូឡា សូមជូនពរដល់បងប្អូនខ្មែរគ្រប់គ្នាឲ្យជួបប្រទះតែសំណាងល្អ និងភាពជោគជ័យថ្មីៗបន្ថែមទៀតនៅក្នុងឆ្នាំនេះ។

សំនួរ : តើអ្នករចនាវាដោយប្រើអស់រយៈពេលប៉ុន្មានដែរ?
ចម្លើយ: ទាំងការរិះរកគំនិត ការរចនា និងការអភិវឌ្ឍនៃស្នាដៃសិល្បៈនេះ ខ្ញុំបានចំណាយពេលជិត២ សប្តាហ៍ដើម្បីបញ្ចប់កិច្ចការងារនេះ។ វាគឺជាគម្រោងដ៏គួរឲ្យស្ញប់ស្ញែងមួយដែលក្នុងនាមខ្ញុំជាសិល្បករម្នាក់បានសហការជាមួយនឹងក្រុមហ៊ុន កូកា-កូឡា ហើយខ្ញុំក៏សូមយកឱកាសនេះថ្លែងអំណរគុណ និងចែករំលែកនូវស្នាដៃប្រពៃណីខ្មែរក្រោមប្រធានបទ «ការថែរក្សា ឬការយកចិត្តទុកដាក់» នេះដើម្បីចូលរូមប្រារព្ធពិធីចូលឆ្នាំខ្មែរនៅឆ្នាំនេះផងដែរ។ 

លោក ចាន់ សំអន រូបបេះដូង "តំណាងឲ្យសេចក្តីស្រឡាញ់”

លោក សំអន មានអាយុ ៣១ឆ្នាំ លោកបានបញ្ចប់ការសិក្សាពីសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ជំនាញខាងគំនូរ។ ការងាររបស់គាត់ ភាគច្រើនត្រូវបានប្រើនៅក្នុងវិស័យផ្សាយពាណិជ្ជកម្ម និងទំនាក់ទំនង ដូចជា៖ ប្រក្រតិទិន ខិត្តប័ណ្ណ ផ្ទាំងរូបភាព និងផ្ទាំងប៉ាណូ ជាដើម។

សំនួរ : តើកត្តាអ្វីដែលជំរុញអ្នកឲ្យមានគំនិតនេះ? ហើយតើអ្នករចនាវាដោយរបៀបណា?
ចម្លើយ: អ្វីដែលបំផុសគំនិតខ្ញុំក្នុងការបង្កើតស្នាដៃសិល្បៈនេះគឺគំនិតនៃ «សេចក្តីស្រឡាញ់» ។ សេចក្ដីស្រឡាញ់ មានភាពទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងចំណងគ្រួសារ ។ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ប្រជាជនខ្មែរនឹងធ្វើដំណើរទៅលេងស្រុកកំណើតនៅតាមបណ្តាខេត្តនានាដើម្បីចំណាយពេលជួបជុំជាមួយមនុស្សជាទីស្រឡាញ់របស់ពួកគេ។ ទង្វើបង្ហាញពីសេចក្តីស្រឡាញ់នេះ នឹងធ្វើឲ្យមនុស្សកាន់តែមានភាពជិតស្និទ្ធរវាងគ្នានឹងគ្នា។ ជាមួយនឹងគំនិតនេះ ខ្ញុំបានសម្រេចចិត្តបង្កើតវាជារាងបេះដូងចេញពីដៃអប្សរា។ អប្សរា គឺជាលក្ខណៈដ៏ល្អឯក និងមានតែមួយគត់នៅប្រទេសកម្ពុជា ហើយដើម្បី ភ្ជាប់ជាមួយនឹងគំនិតនៃ «សេចក្តីស្រឡាញ់» ខ្ញុំក៏បានបង្កើតវាឡើងជារាងបេះដូងនេះ។ ដៃស្តាំតំណាងឲ្យផ្លែឈើ ហើយដៃឆ្វេងតំណាងឲ្យស្លឹក។ ដោយរួមបញ្ចូលគ្នាជាមួយក្បាច់ភ្ញីទេស ស្នាដៃសិល្បៈនេះតំណាងឲ្យភាពចម្រុងចម្រើនរុងរឿង។ គំនិតនេះ បានអនុញ្ញាតឱ្យខ្ញុំអាចបង្កើតការរចនានេះឡើង ដោយផ្អែកលើប្រធានបទឆ្នាំថ្មីរបស់ក្រុមហ៊ុន កូកា-កូឡា នៅឆ្នាំនេះ ។ ទាំងនេះ វាជាការ «បង្ហាញពីទង្វើនៃការថែរក្សា និងការយកចិត្តទុកដាក់ទៅកាន់មនុស្សជាទីស្រលាញ់របស់អ្នក»។

សំនួរ : តើនិមិត្តសញ្ញានីមួយៗមានសារសំខាន់យ៉ាងណាចំពោះបុណ្យចូលឆ្នាំខ្មែរ?
ចម្លើយ: ស្នាដៃសិល្បៈដែលខ្ញុំបានបង្កើតឡើងនេះ តំណាងឲ្យសេចក្តីស្រឡាញ់ និងការរីកចម្រើនជាមួយដៃអប្សរាមានរាងបេះដូង។ ក្តីស្រឡាញ់ និង ការរីកចម្រើន គឺមានសារសំខាន់ណាស់សម្រាប់ ប្រជាជនកម្ពុជា ហើយបង្ហាញថាយើងគួរសប្បាយរីករាយនារដូវបុណ្យចូលឆ្នាំខ្មែរ។ ប្រសិនបើយើងមើលលើដៃ វាគឺជារបាំព្រះរាជទ្រព្យ ដែលជាការរាំដើម្បីថ្វាយព្រះពរ ឬជូនពរ។ ដូច្នេះដៃអប្សរារួមផ្សំជាមួយក្បាច់ភ្ញីទេសរួមគ្នាក្នុងរូបភាពមួយនោះមានន័យថា ការជូនពរជ័យ និងសុភមង្គលដល់ប្រជាជនកម្ពុជាទាំងអស់។

សំនួរ : តើអ្នករចនាវាដោយប្រើអស់រយៈពេលប៉ុន្មានដែរ?
ចម្លើយ: ខ្ញុំចំណាយពេលជាងមួយខែដើម្បីបង្កើតការរចនានេះ។ ខ្ញុំបានផ្តោតសំខាន់លើភាពលម្អិតនិងអត្តសញ្ញាណនៃស្នាដៃសិល្បៈរបស់ខ្ញុំ ដូច្នេះហើយទើបយើងអាចទទួលបានការរចនាដ៏ល្អឥតខ្ចោះបែបនេះ។ 

កញ្ញា ម៉ម លីសា និងលោក PEAP TARR រូបផ្កាម្លិះ “តំណាងឲ្យការចែករំលែកសំណាង និងភាពរីករាយ”

កញ្ញា លីសា គឺជាស្ត្រីខ្មែរដំបូងគេបង្អស់ ដែលមានជំនាញជាអ្នករចនាគំនូរលើជញ្ជាំងដ៏មានប្រជាប្រិយភាពបំផុតនៅកម្ពុជា ដែលបានបង្ហាញស្នាដៃរបស់ខ្លួនទាំងក្នុងនឹងក្រៅប្រទេស ហើយនិងលោក Peap បានបង្កើតស្នាដៃបែបសិល្បៈឲ្យ Black Grace Dance Theatre ក្នុងប្រទេស នូវែលសេឡង់ សម្រាប់ការសម្តែងនៅក្នុងកម្មវិធីគម្រប់ខួប ២០ឆ្នាំ របស់ Black Grace ដែលមានចំណងជើងថា SIVA។ 

សំនួរ : តើកត្តាអ្វីដែលជំរុញអ្នកឲ្យមានគំនិតនេះ? ហើយតើអ្នករចនាវាដោយរបៀបណា?
ចម្លើយ: ឆ្នាំនេះក្រុមហ៊ុន កូកា-កូឡា ចង់លើកទឹកចិត្តប្រជាជនកម្ពុជាឱ្យបង្ហាញពីការថែរក្សា និងយក ចិត្តទុកដាក់រវាងគ្នាទៅវិញទៅមកក្នុងការឱកាសប្រារព្ធពិធីចូលឆ្នាំខ្មែរ។ ការប្រារព្ធពិធីនេះ នាំមកនូវក្ដីរីករាយ និងសុភមង្គលដល់ ប្រជាជនក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ។ ដូច្នេះ ការបំផុសគំនិតរបស់យើងគឺផ្អែកលើការរចនាផ្កាម្លិះ។ យើងបានរួមបញ្ចូលគ្នានូវការរចនា បែបប្រពៃណីខ្មែររបស់យើងជាមួយនឹងប្រធានបទរបស់ក្រុមហ៊ុន កូកា-កូឡា ដោយបង្កើតបានជា ផ្កាម្លិះរីកស្គុះស្គាយសាយក្លិនពិដោរឈ្ងុយឈ្ងប់ ដែលបង្កើតជាវណ្ឌដប កូកា-កូឡា។

សំនួរ : តើនិមិត្តសញ្ញានីមួយៗមានសារសំខាន់យ៉ាងណាចំពោះបុណ្យចូលឆ្នាំខ្មែរ?
ចម្លើយ: ផ្កាម្លិះគឺជាផ្នែកមួយដ៏សំខាន់ក្នុងការប្រារព្ធពិធីចូលឆ្នាំខ្មែរ។ វាជារូបតំណាងនាំឱ្យភាពបរិសុទ្ធ សំណាង និងភាពរុងរឿងដល់ក្រុមគ្រួសារ សាច់ញាតិ និង មិត្តភក្តិពេញមួយឆ្នាំ។ វាក៏ត្រូវបានគេប្រើយ៉ាងទូលំទូលាយសម្រាប់ការបួងសួងសុំសេចក្តីសុខចម្រើនក្នុងអំឡុងពេលចូលឆ្នាំថ្មី និងដើម្បីចែករំលែកសុភមង្គលពេញមួយឆ្នាំផងដែរ។ ជាមួយនឹងការរចនារបស់យើង យើងចង់ឲ្យគ្រប់គ្នានឹកឃើញដល់រូបតំណាងនេះជាផ្នែកមួយដ៏សំខាន់នៃការប្រារព្ធពិធីចូលឆ្នាំថ្មីនាឆ្នាំនេះ។

សំនួរ : តើអ្នករចនាវាដោយប្រើអស់រយៈពេលប៉ុន្មានដែរ?
ចម្លើយ: ទាំងលីសា ទាំងខ្ញុំ បានផ្លាស់ប្តូរគំនិតគ្នា និងបានរចនាស្នាដៃសិល្បៈចំនួនពីរ ឬបីដែរ។ ដំបូងពួកយើង គិតថានឹងធ្វើវាឲ្យមានលក្ខណៈស្មុគស្មាញបន្តិច ប៉ុន្តែនៅទីបំផុត យើងក៏នឹកឃើញថាយើងត្រូវតែរចនាវាតាមបែបសាមញ្ញៗវិញ ដើម្បីឲ្យវាមើលទៅសមល្អនៅលើកំប៉ុង កូកា-កូឡា ។ វាមានឧបសគ្គតិចតួច ពេលបង្កើតស្នាដៃនេះព្រោះកន្លងមកពួកយើងធ្លាប់តែមានបទពិសោធន៍ច្រើនគូររូបធំៗនៅលើជញ្ជាំងដ៏ធំ តែនៅពេលនេះ វាពិតជាធ្វើឱ្យពួកយើងចាប់អារម្មណ៍ និងពេញចិត្តមែនទែនក្នុងការបង្កើតស្នាដៃសិល្បៈនៅលើទីតាំងតូចមួយបែបនេះ។ យើងបានចំណាយពេលមួយសប្ដាហ៍ប៉ុណ្ណោះ ដើម្បីធ្វើកិច្ចការងារនេះឲ្យចប់រួចរាល់។

ក្រុមហ៊ុន កូកា-កូឡា មានការជឿជាក់យ៉ាងខ្លាំងលើសមត្ថភាព និងភាពច្នៃប្រឌិតរបស់យុវជនខ្មែរដូច្នេះហើយទើបក្រុមហ៊ុនបានសហការជាមួយសិល្បករខ្មែរ ៤ រូប ដ៏មានទេពកោសល្យ និងជំនាញដើម្បីរចនាកំប៉ុង កូកា-កូឡា។ ស្នាដៃសិល្បៈនេះបង្ហាញពីនិមិត្តសញ្ញា រចនាបថ (ស្ទីល) និងអត្ថន័យខុសៗគ្នា។ ស្នាដៃនេះក៏មានបំណងក្នុងការរំលេចឡើង និងលើកកម្ពស់វប្បធម៌ដ៏ល្អផូរផង់ និងសម្បូរបែបរបស់ខ្មែរ និងជាការជំរុញឲ្យអតិថិជនបានចែករំលែកពេលវេលានៃភាពសប្បាយរីករាយជាមួយគ្នាក្នុងឱកាសឆ្នាំថ្មី៕

សិល្បកររចនារូបនៅលើកំប៉ុងកូកា-កូឡា ថ្មី
សិល្បកររចនារូបនៅលើកំប៉ុងកូកា-កូឡា ថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]