ភ្នំពេញៈ ទោះបីជាស្ថិតក្នុង ស្ថានភាពរវល់កើបបា្រក់ តាមបណ្តាខេត្តនានា ក៏ដូចជាតាមរយៈ ការប្រគំតន្រ្តីតូចធំ របស់តារាចម្រៀង តារាសម្តែងល្បីៗក្តី ក៏ពួកគេបាន ចែករំលែកពេលវេលា ដែលសេលសល់ បន្តិចបន្ទួច បញ្ចេញទស្សនៈ ផ្ទាល់ខ្លួន ទាក់ទងទៅនឹងទិវាសិទ្ធិនារី ៨មីនា ឆ្នាំ២០១២ ដែលជាខួបលើកទី១០១ ដែល ប្រជាពលរដ្ឋ មិនថាតែក្នុង ប្រទេសកម្ពុជា ពេលគឺជុំវិញពិភពលោក គេបានប្រារព្ធខួបនេះឡើង ។ ជារៀងរាល់ឆ្នាំ ការប្រារព្ធទិវាសិទ្ធិនារី៨មីនា នៅក្នុងប្រទេសកម្ពុជា ត្រូវបានគេប្រព្រឹត្តឡើងយ៉ាងផុសផុល គ្រប់បណ្តាស្ថាប័ន ទាំងរដ្ឋនិងឯកជន រហូតដល់មានជាការហែរក្បួន ដើម្បីប្រកូកប្រកាស រំលឹកទៅដល់ការគោរពសិទ្ធិនារី លើកតម្កើង តម្លៃនារី និងទទូចសុំកុំឲ្យ មានអំពើហឹង្សាឬការរំលោភសិទ្ធិ ទៅលើនារី តទៅទៀត ។

ជាមួយគ្នានេះ សម្រាប់តារាល្បីៗ ក៏បានបង្ហាញទស្សនៈ និងយោបល់ខ្លះៗ ដើម្បីរួមចំណែក ក្នុងទិវាសិទ្ធិនារី ៨មីនា ដោយមានដូចខាងក្រោម៖

អ្នកនាង ឌុច សុភាតារាសម្តែង ដ៏មានប្រជាប្រិយភាព បានថ្លែងថា “ខ្ញុំយល់ថា បច្ចុប្បន្នប្រទេសខ្មែរ មានច្បាប់ទម្លាប់ត្រឹមត្រូវ ស្រីៗមានសិទ្ធិគ្រប់គ្រាន់ អាចបំពេញ ការងារគ្រប់បែបយ៉ាង ដូចបុរសដែរ ។ វាជាការប្រសើរខ្លាំង ចំពោះការប្រារព្ធពិធីបុណ្យនេះ ក្នុងប្រទេសខ្មែរយើង ។ នៅក្នុងសង្គមខ្មែរយើងសព្វថ្ងៃ ខ្ញុំសង្កេតឃើញថា ការគោរពសិទ្ធិមនុស្ស ជាពិសេសសិទ្ធិនារី គឺមានការរីកចំរើនច្រើនឡើង ដោយសារតែអ្នកខ្លះ គាត់មានចំណេះដឹងទូលំទូលាយ ពួកគេយល់ថា អ្វីគួរធ្វើនិងអ្វីដែ លមិនគួរធ្វើ មិនដូចកាលពីសម័យមុន គឺគេយល់ថា ស្រ្តីនៅតែផ្ទះនិងគិតតែពីការងារក្នុងចង្ក្រានបាយ នោះទេ” ។ ឌុច សុភា ក៏បានថ្លែងទទួចសុំឲ្យ មានការគោរព សិទ្ធិគ្នា ជាពិសេសរវាងប្តីនិងប្រពន្ធ សូមកុំឲ្យមានការបែកបាក់ប្រះឆាគ្នា ព្រោះត្រូវគិតពីអនាគតកូន ។ ម្យ៉ាងទៀតបុរសៗ ក្នុងស្រុកខ្មែរយើងភាគច្រើន ពេលមាន រឿងរ៉ាវលែងលះគ្នា ពួកគេមិនសូវគិតពីអនាគតកូនៗ នោះទេ ដោយបន្ទុកនេះគឺស្ថិតនៅលើ មនុស្សស្រីជាអ្នករ៉ាប់រង  និងទទូចសុំឲ្យរាជរដ្ឋាភិបាល ជួយគិតគួរពី សុខទុក្ខ ស្រ្តីមេម៉ាយ កុមារ និងផ្តល់អទិភាពឲ្យពួកគាត់ ក្នុងការស្វែងរកការងារធ្វើ ឲ្យបានប្រសើរ ។

ដោយឡែកសម្រាប់ តារាចម្រៀង លេចធ្លោ ករុណា ពេជ្រ ក៏បានថ្លែងពីចំណាប់អារម្មណ៍ ប្រាប់ទៅដល់ ទស្សនិកជន ក្នុងទិវាសិទ្ធិនារីនេះ ឲ្យដឹងថា “ខ្ញុំគិតថា នេះជា ទិវាមួយដ៏ល្អ សម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលមិនថាតែប្រទេសយើង នៅជុំវិញពិភពលោក ក៏គេប្រារព្ធធ្វើដូចៗគ្នា ។ តាមការពិតបុរសនិងស្ត្រី ពួកគាត់មានសិទ្ធិ ស្មើៗគ្នា រៀងរាល់ ថ្ងៃ រួចទៅហើយប៉ុន្តែក្នុងថ្ងៃនេះ គឺជាការរំលឹកឡើង ពីការគោរពសិទ្ធិផ្តល់តម្លៃដល់នារី ។ មិនដូចពីមុននារីខ្មែរ ទទួលការគាបសង្កត់ ទាំងផ្លូវកាយនិងផ្លូវចិត្ត គួបផ្សំនិងភាពទន់ខ្សោយ ធ្វើឲ្យពួកគេមិនសូវបានចូលប្រឡូក ក្នុងការងារសង្គម បានច្រើននោះទេ ។ ប៉ុន្តែចាប់តាំងពីយើងប្រារព្ធ ទិវាសិទ្ធិនារីនេះឡើង ឃើញថា នារីមាន ឱកាសយល់ដឹងច្រើនអំពីសិទ្ធិ យល់ដឹងអំពីការចូលរួម ក្នុងសង្គម ចេះធ្វើអ្វីៗឲ្យដូចបុរសដែរ ។ ប៉ុន្តែប្រជាពលរដ្ឋខ្មែរយើង តែងមានទស្សនៈថា “ស្រីៗបង្វិល ចង្ក្រានមិនជុំ” មិនចង់ឲ្យរៀនសូត្របាន ច្រើនដូចបុរសទេ ព្រោះថ្ងៃក្រោយជៀសមិនផុត ពីការងារផ្ទះនោះឡើយ បញ្ហានេះវាធ្វើឲ្យនារីយើងសុញគំនិត ។ មួយវិញទៀត ដោយសារគ្មានការផ្តល់កម្លាំងចិត្ត ពីអ្នករស់នៅជុំវិញខ្លួន ជាពិសេសពីឪពុកម្តាយ ធ្វើឲ្យនារីៗ គ្មានឱកាសបាន ចូលប្រឡូក ក្នុងការងារសង្គមច្រើនដូចបុរសនោះទេ ។ ប៉ុន្តែសព្វថ្ងៃ យើងបានឃើញស្ត្រីជាច្រើន បានចូលប្រឡូក ក្នុងការងារសង្គម រហូតអ្នកខ្លះក្លាយជាអ្នកដឹកនាំ ជាប្រធានក្រុមហ៊ុន ប្រធានអង្គការ ជាអ្នកនយោបាយ ចំណែកការ សិក្សាក៏ស្រ្តី រៀនបានខ្ពង់ខ្ពស់ មិនចាញ់បុរសនោះឡើយ” ។ ករុណា ពេជ្រ បានលើកឡើងពីការគោរពសិទ្ធិនារី នៅក្នុងប្រទេសយើង លោកយល់ឃើញថា ពីមួយឆ្នាំទៅមួយឆ្នាំ មានការរីកចំរើនជាលំដាប់ ដោយយើងសង្កេតឃើញមានកម្មវិធីជាច្រើន បើកឱកាសឲ្យស្ត្រីមានការប្រកួតប្រជែង ជាមួយបុរស ដែលជាផ្នែក មួយជួយបង្កើន ភាពក្លាហានសម្រាប់នារី ។ ក្នុងនាមលោកជាបុរសម្នាក់ និងជាតារាចម្រៀងល្បី ដែលទទួលការគាំទ្រ ពីសំណាក់មហាជន លោកក៏បាន ទទូចសូម ឲ្យបុរស គ្រប់រូបយល់ពីតម្លៃរបស់នារី បើបុរសនោះមានកូនស្រី សូមឲ្យចេះផ្តល់តម្លៃ ទៅដល់កូនស្រី ឲ្យចូលសិក្សាឲ្យបានជ្រៅជ្រះ កុំព្យាយាមបន្ទុចបង្អាក់កូនស្រី មិនឲ្យចូលរៀន ។ ប្រសិនបើបុរសជាស្វាមី គួរចេះយល់តូនាទី ជាស្វាមីគោរពឧត្តមភរិយា នៅពេលយើងចាប់ដៃគ្នាហើយ ត្រូវចេះឲ្យតម្លៃគ្នា ជៀសវាងការប្រើ អំពើហឹង្សា ធ្វើអ្វីៗឲ្យយល់ពីអារម្មណ៍របស់ភរិយា ដើម្បីកុំឲ្យឈានដល់ការលែងលះគ្នាឲ្យសោះ ។

រីឯតារាចម្រៀង ឱក សុគន្ធកញ្ញា ក៏បានបញ្ចេញទស្សនៈផ្ទាល់ខ្លួន ក្នុងថ្ងៃសិទ្ធិនារី៨មីនា នេះថា “ទិវានេះមានជារៀងរាល់ឆ្នាំ ក្នុងប្រទេសយើងនិងនៅតាមបណ្តាប្រទេសជាច្រើន នៅលើពិភពលោក ដើម្បីចង់ឲ្យយល់ដឹងជាសកលពីសិទ្ធិនារី ដោយគុណបំណាច់នារីមានវិសាលភាព ធំធេងណាស់ ។ សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំមិនចង់ឲ្យ មានជាអំពើហឹង្សាណា មួយកើតឡើងចំពោះនារី ការធ្វើអាជីវកម្មទៅលើនារី, កុមារ តទៅទៀតទេ ព្រោះពួកគាត់មានកម្លាំងទន់ខ្សោយ មិនអាចរែកពន់លីសែង ដូចបុរសបានទេ ។ ជាពិសេសចង់ឲ្យបុរស ទាំងអស់ចេះឲ្យតម្លៃលើនារី កូនៗត្រូវយល់ពីគុណរបស់មាតាខ្លួន ។ សម្រាប់ថ្ងៃនេះ ក្នុងនាមខ្ញុំជានារីខ្ញុំមានអារម្មណ៍ រំភើបរីករាយ យល់ថាខ្លួន មានសិទ្ធិគ្រប់គ្រាន់ មានតម្លៃហើយនឹងខិតខំប្រឹងប្រែង ធ្វើការងារដើម្បីឲ្យនារីៗទាំងអស់ ខិតខំតស៊ូឡើង” ។  ឱក សុគន្ធកញ្ញា ក៏បានអំពាវនាវដល់ បុរសៗឲ្យចេះយល់ដឹងកាន់តែច្បាស់ អំពីសិទ្ធិនារី ។ នាងនិយាយថា “ការពិតនារីមិនមែនមានសិទ្ធិ តែមួយថ្ងៃនេះទេ គឺមានជារៀងរាល់ថ្ងៃ ប៉ុន្តែនៅក្នុងថ្ងៃនេះគ្រាន់តែជាការរំលឹក ដើម្បីឲ្យនារីមានសិទ្ធិ កាន់តែទូលំទូលាយ ហើយសម្រាប់ប្រទេសយើង ចាប់តាំងពីប្រារព្ធពិធីនេះឡើង ខ្ជាប់ខ្ជួនរៀងរាល់ឆ្នាំ ធើ្វឲ្យនារីឥឡូវមានភាពក្លាហាន ប្រៀបបីដូចជាការដាសរំលឹក ឲ្យគ្រប់គ្នាចេះគោរពស្រលាញ់គ្នា ទៅវិញទៅមកដែលអាច ឈានទៅដល់ការកាត់បន្ថយ អំពើហឹង្សា ហើយបច្ចុប្បន្ននារីអាចធ្វើការងារ បានគ្រប់យ៉ាងដូចបុរសយើងដែរ ជាពិសេសក្នុងជួររាជរដ្ឋាភិបាល ។

ជាមួយគ្នានេះ តារាចម្រៀង មាស សុខសោភា ក៏បានថ្លែងបញ្ជាក់ស្រដៀងគ្នានេះដែរថា “ខ្ញុំពិតជាសប្បាយចិត្តក្នុងពិធីបុណ្យ សិទ្ធិនារី ដ៏ល្អនេះដែលជា ទិវាជួយលើកតម្កើង តម្លៃនារីឲ្យមានការតស៊ូក្នុងជីវិត យល់ដឹងអំពីសិទ្ធិ និងចង់ឲ្យមានពិធីបុណ្យនេះជារៀងរាល់ឆ្នាំ ។ ខ្ញុំសង្ឈឹមថា សម្រាប់បុរសៗ ពិតជាបានយល់កាត់តែច្បាស់ អំពីការគោរពសិទ្ធិ ខ្ញុំមិនចង់ឲ្យមានអំពើហឹង្សា កើតឡើងក្នុងរង្វង់គ្រួសារ តទៅទៀតឡើយ ។ តាមខ្ញុំដឹងពីដើម ស្រ្តីមិនមានសិទ្ធិទាំងអស់ សូម្បីតែនិយាយ ស្តីធ្វើការងារ រៀនសូត្រ ក៏គ្មានសិទ្ធិគ្រប់គ្រាន់និងមានសេរីភាពពេញលេញ ដើម្បីបំពេញការងារទាំងអស់នេះដែរ ដូច្នេះខ្ញុំយល់ឃើញថា ថ្វីបើការគោរព សិទ្ធិនារី មិនទាន់បាន១០០ភាគរយក្តី ក៏បច្ចុប្បន្នមានការប្រសើរឡើងជាងមុន ។ សម្រាប់ខ្ញុំក៏បានចូលរួមយ៉ាងសកម្ម ក្នុងទិវានេះដែរ ជាក់ស្តែងខ្ញុំនឹងឡើងច្រៀង ក្នុងការអបអរក្នុងទិវាសិទ្ធិនារី៨មីនា ក្រោមប្រធានបទ “អ្នកម្តាយដ៏ឆ្នើមរបស់ខ្ញុំ” នៅល្ងាចនេះដែរ(ថ្ងៃទី៧  ខែមីនា ឆ្នាំ២០១២) ក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិក ។

លោក ខេមរៈ ភារុណ ជាអ្នកនិពន្ធនិងដឹងនាំសម្តែង ប្រចាំផលិតកម្មសាន់ដេ ក៏បានបញ្ជាក់ជាមួយគ្នានេះដែរថា “ខ្ញុំអត់បានដឹងថា ពិធីនេះគេប្រារព្ធ ឡើងតាំងពីពេល ណាមកទេ គ្រាន់តែថាប្រទេសយើងជាសមាជិក របស់អង្គការសហប្រជាជាតិ យើងបានប្រារព្ធពិធីនេះឡើងជារៀងរាល់ឆ្នាំ វាជាការល្អបំផុត ។ ពីមុនមកសម្រាប់នារី គួបផ្សំនិងភាពទន់ខ្សោយ មិនអាចធ្វើអ្វីឲ្យបានច្រើនដូចបុរសទេ ដូចពាក្យចាស់តែងពោលថា “ស្រីៗបង្វិលចង្ក្រានមិនជុំ” ។ ប៉ុន្តែយើងមានពាក្យមួយ ហៅថា “មេ” សំដៅលើអ្នកដឹកនាំក្រុម និងយកស្រី្តជាធំ ប៉ុន្តែក្រោយៗមក ច្រើនតែបុរសធ្វើជាមេដឹកនាំទៅវិញ ផ្លាស់ប្តូរ ទៅតាមសម័យកាល ។ តែបច្ចុប្បន្ន តាមរយៈអង្គការ សហប្រជាជាតិ ក៏ដូចជាប្រទេសជាច្រើននៅលើសកលលោក គេបានប្រារព្ធថ្ងៃ៨ មីនា ជាសិទ្ធិនារី ជាសកល ។ ជាក់ស្តែងតាមខ្ញុំដឹង ក្នុងប្រទេសខ្មែរយើង ការគោរពសិទ្ធិនារី គឺមានភាពប្រសើរឡើង ព្រោះនៅជុំវិញពិភពលោក ការគោរពសិទ្ធិនារី គេមានសភាពជឿនលឿនខ្លាំងជាងយើង ។ ក្នុងនាមខ្ញុំជាបុរសម្នាក់ ខ្ញុំតែងតែមានគំនិត ទូន្មានដល់ប្អូនៗឲ្យចេះគោរពស្រលាញ់គ្នា តែពួកគេក៏យល់ដឹងបានច្រើនតាមរយៈការសិក្សា និងប្រព័ន្ធផ្សព្វផ្សាយនានា អំពីការគោរពសិទ្ធិ ចំណែកបុរសៗ ត្រូវគិតថា យើងក៏មានប្រពន្ធ មានមាតា ជាស្រី ដូច្នេះត្រូវចេះគោរពឲ្យតម្លៃនិង យល់ដឹងអំពីសិទ្ធិរបស់ស្រីៗ ឲ្យបានច្បាស់លាស់ ។

ចំណែកតារាសម្តែង ស្រីស្រស់ កែវ ពេជ្រពិសី នាងក៏ឆ្លៀតពេលបង្ហាញពីទស្សនៈ ក្នុងថ្ងៃសិទ្ធិនារី នេះផងដែរថា “ខ្ញុំគិតថាគឺជាថ្ងៃមួយដ៏ល្អ សម្រាប់នារី ទូទាំងសកល លោក ដោយផ្តោតសំខាន់ ចំពោះការគោរពសិទ្ធិ ។ ក្នុងន័យនេះក៏មិនមែន សម្រាប់តែយល់ដឹងអំពីសិទ្ធិនារីនោះទេ យើងក៏ត្រូវចេះគោរពស្រលាញ់គ្នា រវាងនារីនិងបុរស ចេះចាប់យកឱកាសការងារ ចេះគោរពគុណម្តាយ ជាពិសេសស្ត្រីអាចពពោះបាន ដែលបុរសមិនអាចធ្វើបានឡើយ ។ គេធើ្វឡើងដើម្បីអរគុណដល់ស្ត្រី ព្រោះបើគ្មាន ស្ត្រី ដែលជាមាតាពិភពលោក ក៏គ្មានបុរសកើតឡើងដែរ ។ យោងតាមការអភិវឌ្ឍន៍ គ្រប់វិស័យការគោរពសិទ្ធិនារី ក្នុងប្រទេសយើង មានភាពប្រសើរឡើង ជាងមុនឆ្ងាយ ណាស់ និងបានកាត់បន្ថយអំពើហឹង្សាក្នុងគ្រួសារបានច្រើន មិនតែប៉ុណ្ណោះ គ្រប់រូបភាពផ្សេងទៀត ឃើញថាស្ត្រីមានសកម្មភាពខ្លាំងក្លាជាងបុរស ទោះក្នុងស្ថានភាពលំបាកយ៉ាងណាក្តី” ។ កែវ ពេជ្រពីសី ក៏មិនខុសពីអ្នកសិល្បៈ ជាច្រើនទៀតដែរ ក៏សូមទទូចឲ្យបុរសទាំងអស់ចេះគោរពសិទ្ធិ ឲ្យតម្លៃនារី ឈប់ការប្រើអំពើហឹង្សា ក្នុងគ្រួសារ ព្រោះបើគ្មាននារី បុរសក៏អត់អាចសម្រេចកិច្ចការ តូចធំណាមួយបានដូចបំណងនោះដែរ ៕

ដោយ៖ យ៉ាន់ សុខរិទ្ធ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា