ខេត្តសៀមរាប ៖ សមត្ថកិច្ចបានសម្រេចឱ្យអ្នកព្លុកប្រចាំវត្តព្រះឥន្ទកោសី ហៅវត្តលើធ្វើការបូជាសព ស្ត្រីមិនស្គាល់អត្តសញ្ញាណម្នាក់ទាំងយប់ នៅប៉ុន្មានម៉ោងក្រោយពីប្រទះឃើញ ហើមស្អុយអណ្តែតទឹកនៅក្នុងដីឡូត៍មួយ កន្លែងក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប កាលពីល្ងាចថ្ងៃទី២៧ តុលា ។

ទាក់ទិននឹងការប្រទះឃើញសាកសពស្ដ្រីនេះសមត្ថកិច្ច នគរបាលខេត្ដមិនបានទម្លាយព័ត៌មាន ទៅឱ្យក្រុមអ្នកកាសែតនោះទេដោយបាន ជំរុញឱ្យទៅសួរពីម្នាក់ទៅម្នាក់ហាក់ដូចជាមាន ចេតនាលាក់បាំងករណីនេះ ។

កាលពីព្រឹកថ្ងៃទី២៨ តុលា លោកវរសេនីយ៍ទោដួង សុខា ប្រធានការិយាល័យកម្រិតធ្ងន់នៃស្នងការដា្ឋន នគរបាលខេត្ដសៀមរាបដែលមានភារៈកិច្ចស៊ើបអង្កេត ទៅលើបទឧក្រិដ្ឋកម្មធំៗមិនបានធ្វើអធិប្បាយ ជុំវិញការប្រទះឃើញសាកសពស្ដ្រីនោះទេ ដោយលោកបានបង្គាប់ឱ្យទៅសួរខាងអធិការ ក្រុងសៀមរាបដែលជាអ្នកស៊ើបអង្កេតលើករណីនោះវិញ។ មិនខុសគ្នាប៉ុន្មាននោះទេ លោកវរសេនីយ៍ត្រី ស៊ុន សាន្ដ អធិការប៉ូលិសក្រុងសៀមរាបកាលពីរសៀល ថ្ងៃដដែលនោះក៏មិនបានឆ្លើយឱ្យស៊ីជម្រៅជុំវិញ ការជជីកសួរព័ត៌មាននោះដែរ ដោយបានប្រាប់ថា«ខ្ញុំមិនអាចធ្វើអធិប្បាយបានទេ» ។

ក្រុមអ្នកប្រមាញ់រូបភាពនិងព័ត៌មានប្រចាំខេត្ដសៀមរាបបានលើកឡើងថា រយៈពេលប៉ុន្មានខែចុងក្រោយនេះគេកត់ សម្គាល់ឃើញសមត្ថកិច្ចនគរបាលខេត្ដសៀមរាប ហាក់រឹតត្បិតនូវការបញ្ចេញព័ត៌មាន ទៅកាន់ប្រពន្ធ័ផ្សព្វផ្សាយនានា ជាពិសេសចាប់តាំងពីមានការបង្គ្រាបទៅ លើអំពើរត់ពន្ធគ្រឿងញៀនឆ្លងកាត់។ ករណីនោះធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទៅដល់របបសារព័ត៌មានដែលជាផ្នែក មួយនៃសង្គមកាន់លទ្ធិប្រជាធិបតេយ្យដូចកម្ពុជា។

យ៉ាងនេះក្ដីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ដសៀមរាបលោកសំរឹទ្ធិ សុខុន ដែលបានបញ្ជាផ្ទាល់នៅក្នុងសំណុំរឿងនោះបានថ្លែងថា សពស្ដ្រីរងគ្រោះត្រូវបានប្រគល់ទៅឱ្យអាចារ្យយោគីវត្ដព្រះឥន្ទកោសីធ្វើការបូជាហើយកាលពីយប់មិញដោយមានការបង្កើតគណៈកម្មការមួយរួចហើយ ។ លោកបានបន្ថែមថា យើងមិនអាចរក្សាសាកសពនោះបានយូរទេ ព្រោះមានសភាពហើមស្អុយខ្លាំងពេក ។

គួរបញ្ជាក់ថា សពស្ដ្រីរងគ្រោះមិនស្គាល់អត្ដសញ្ញាណខាងលើត្រូវបុរសម្នាក់ប្រទះឃើញកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២៧ តុលា ស្ថិតក្នុងសភាពហើមស្អុយអណ្ដែតទឹកដែលមានដើមកំប្លោកពេញណែននៅក្នុងដីឡូត៍មួយកន្លែង ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខណៈបុរសនោះដើរដាក់លាន់យកអន្ទង់ ។ ប្រភពបន្ដថា តាមសេចក្តីរាយការណ៍ពីក្រុមជំនាញកោសល្យវិច័យបានឱ្យដឹងថា សពស្ដ្រីរងគ្រោះអណ្ដែតផ្កាប់មុខ ហើយនៅលើរាងកាយស្ដ្រីរងគ្រោះគេរកមិនឃើញស្លាកស្នាមអ្វីនោះទេ ដូច្នេះសមត្ថកិច្ចបានសន្និដ្ឋានជំហានដំបូងថា ជនគ្រោះពុំមែនស្លាប់ដោយសារអំពើឃាតកម្មនោះទេគឺស្លាប់ដោយសារខ្យល់គរឬស្រវឹងលង់ទឹក។

នៅរសៀលថ្ងៃដដែលនេះសមត្ថកិច្ចនៅតែមិនទាន់ទម្លាយព័ត៌មានដដែលបើទោះបីជាបែបណាប្រភពមិនផ្លូវការឱ្យដឹងថា ស្ដ្រីនោះមានឈ្មោះរីណា អាយុ២៥ឆ្នាំ នៅកោះធំ ស្រុកស្អាង ខេត្ដកណ្ដាល ហើយពេលនេះក្រុមគ្រួសារស្ដ្រីរងគ្រោះកំពុងតែរៀបចំធ្វើបុណ្យឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធនាង ។ អ្នកខ្លះថា ស្ត្រីដែលស្លាប់ជាស្ត្រីបម្រើខារ៉ាអូខេ ផងដែរ ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]