រាជធានីភ្នំពេញ៖ ព្រឹត្តិការណ៍ SCG Muangthong United ASEAN Tour ឆ្នាំ២០១៧ កំពុងជាប្រធានបទក្តៅនាពេលបច្ចុប្បន្ននេះ ។ ការជួបប្រកួតគ្នារវាងក្រុម K-Cement Cambodia All Stars និងក្រុមបាល់ទាត់ថៃ SCG Muangthong United គឺជាព្រឹត្តិការណ៍កីឡាបាល់ទាត់ដ៏ធំបំផុតមួយ ប្រចាំឆ្នាំ ២០១៧ និងបានធ្វើឲ្យអ្នកគាំទ្រកីឡាបាល់ទាត់រំជើបរំជួលនៅទូទាំងប្រទេស ។

ព្រឹត្តិការណ៍ SCG Muangthong United ASEAN Tour ឆ្នាំ២០១៧

ទោះជាយ៉ាងនេះក្តី ក្រោមស្មារតីសប្បុរស កីឡាករទាំងអស់ក្នុងក្រុម SCG Muangthong United បានចែករំលែកពេលវេលាចូលរួមក្នុងវគ្គហ្វឹកហ្វឺនបាល់ទាត់ ដែលពួកគេបានជួយបង្ហាត់បង្រៀនដោយផ្ទាល់ដល់កុមារ និងយុវជនកម្ពុជា ដែលមានឆន្ទៈ និងស្រឡាញ់កីឡាបាល់ទាត់ ហើយក្រុមកីឡាករបានលើកទឹកចិត្តឲ្យកុមារ និងយុវវ័យចំណាយពេលវេលា ចូលរួមក្នុងសកម្មភាពអត្ថប្រយោជន៍ ដូចជាការលេងកីឡាដើម្បីសុខភាព ជាដើម ។

លោក Pongdhana Dejvittayaporn ប្រធានផ្នែកលក់ និងទីផ្សារ ក្រុមហ៊ុន អេស ស៊ី ជី ស៊ីម៉ងត៍-សម្ភារៈសំណង់ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា “ក្រុមហ៊ុន អេស ស៊ី ជី ប្តេជ្ញាលើកស្ទួយការរស់នៅសម្រាប់គ្រប់សហគមន៍ដែលយើងធ្វើប្រតិបត្តិការ ។ យើងតែងគាំទ្រដល់ការអភិវឌ្ឍន៍ធនធានមនុស្ស ដែលស្របតាមគុណតំលៃស្នូលមួយរបស់យើងគឺ “ការជឿជាក់ទៅលើគុណតម្លៃរបស់បុគ្គលម្នាក់” ។ ដូច្នេះ សកម្មភាពហ្វឹកហ្វឺនបាល់ទាត់ 'Kick and Share by SCG' នេះ មានគោលបំណងបំផុសគំនិត និងលើកទឹកចិត្តស្រឡាញ់កីឡាក្នុងចំណោមកុមារ និងយុវជនខ្មែរ ។”

លោកបានបន្ថែមទៀតថា “ថ្ងៃនេះគឺជាឱកាសដ៏ល្អមួយដែលក្រុមហ៊ុន អេស ស៊ី ជី និងក្លឹបបាល់ទាត់ SCG Muangthong United ជួយកុមារកម្ពុជាដុសខាត់ទេពកោសល្យបាល់ទាត់របស់ពួកគេ ។ លើសពីនេះទៀត សកម្មភាពនេះនឹងជួយឲ្យកុមារប្រើប្រាស់ពេលវេលាទំនេរដោយមានប្រយោជន៍ ដូចជា ការលេងកីឡាបាល់ទាត់ នឹងជំរុញទឹកចិត្តពួកគេឲ្យស្វែងរក អនាគតភ្លឺស្វាង ។”

សកម្មភាពហ្វឹកហ្វឺននេះ ត្រូវបានរៀបចំឡើងនៅថ្ងៃ១៥ កក្កដា ក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិក ដោយក្នុងនោះកុមារ និងយុវជនប្រមាណ ២០០នាក់ ត្រូវបានជ្រើសរើសមកពីគ្រប់ទីកន្លែងនៅទូទាំងប្រទេស ។ ខ្លះជាកុមារងាយរងគ្រោះដែលស្នាក់នៅតាមវត្តអារាម ដែលធ្វើដំណើរមកពីខេត្តឆ្ងាយៗ ដូចជាស្វាយរៀងជាដើម ក៏មាន ។

កុមារ និងយុវជនត្រូវបានបែងចែកទៅជាក្រុមតូចៗ ហើយក្រុមនីមួយៗទទួលបានការបណ្តុះបណ្តាលដោយផ្ទាល់ និងជិតស្និទ្ធពីសំណាក់កីឡាករ និងក្រុមការងារក្លឹប SCG Muangthong United ដោយពួកគេរៀនលើកបាល់ ប៉ះបាល់ ស៊ុតបាល់ និងចាប់បាល់ ជាដើម ។ លោក Sarach Yooyen ដែលជាខ្សែបម្រើឆ្នើមប្រចាំក្រុម SCG Muangthong United បាននិយាយថា “សកម្មភាពថ្ងៃនេះ ពិតជាមានសារប្រយោជន៍ណាស់ ខ្ញុំសង្ឃឹមថាបទពិសោធថ្ងៃនេះ នឹងលើកទឹកចិត្តឲ្យកុមារទាំងនេះសម្រេចក្តីសុបិនធំៗ និងសម្រេចបានជោគជ័យដ៏អស្ចារ្យនៅក្នុងជីវិត ។ កីឡាបាល់ទាត់គឺឧបករណ៍ដ៏មានប្រយោជន៍ ក្នុងការបង្កើតទម្លាប់ល្អ និងមិត្តភាពល្អ ។”

ប្អូនប្រុស ធឿន គីមឆាយ អាយុ១២ឆ្នាំ ជាសិស្សថ្នាក់ទី៦ នៃបថមសិក្សាសំពៅមាស រាជធានីភ្នំពេញ បាននិយាយថា “ខ្ញុំសប្បាយចិត្ត ដែលបានមកថ្ងៃនេះ ។ ខ្ញុំបានហាត់បាល់ និងរៀនបានច្រើន ។ ខ្ញុំចង់ក្លាយជាអ្នកលេងបាល់ទាត់ល្បី ដូចពួកគាត់ដែរ ពេលធំឡើង ។”

រៀបចំឡើងដោយក្រុមហ៊ុន អេស ស៊ី ជី និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនគឺក្រុមហ៊ុន K-Cement ក្រោមកិច្ចសហការជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ព្រឹត្តិការណ៍បាល់ទាត់ SCG Muangthong United ASEAN Tour ឆ្នាំ២០១៧ គឺជាការប្រកួតបាល់ទាត់ដ៏សំខាន់បំផុតមួយនៅឆ្នាំនេះ ហើយបានរួមចំណែកយ៉ាងច្រើនដល់ការរីកចំរើនរបស់វិស័យបាល់ទាត់នៅកម្ពុជា ។

គួរបញ្ជាក់ផងដែរថា ថវិកាដែលទទួលបានពីការលក់សំបុត្រ លក់អាវយឺតទាំងអស់ នឹងប្រគល់ទៅឲ្យដល់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាទាំងស្រុង ដើម្បីបន្តអភិវឌ្ឍកីឡាករ និងវិស័យកីឡាបាល់ទាត់នៅកម្ពុជា ឲ្យឈានឡើងថែមមួយកម្រិតទៀត ។ អ្នកគាំទ្រកម្ពុជាជាច្រើនសង្ឃឹមថា ព្រឹត្តិការណ៍នេះនឹងវិលត្រលប់មកវិញក្នុងពេលអនាគតជាថ្មីម្តងទៀត ។  

ព្រឹត្តិការណ៍ SCG Muangthong United ASEAN Tour ឆ្នាំ២០១៧

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]