ផលិតករ និងតារាសម្តែង ៤រូប ដែលជាតួសម្តែងក្នុងរឿងភាគពស់កេងកងរបស់ស្ថានីយទូរទស្សន៍ PNN បានលើកឡើងពីលក្ខណៈពិសេសរបស់រឿងភាគ ដែលត្រូវបានកែច្នៃពីរឿងដុំមកជារឿងភាគទូរទស្សន៍មួយនេះ ថាជាការសម្រិតសម្រាំងដ៏ល្អឥតខ្ចោះដែលទស្សនិកជនមិនគួររំលង ក្នុងការរង់ចាំតាមដានទស្សនានោះទេ។  

រឿងភាគពស់កេងកង

ការជជែក និងពិភាក្សាជាមួយតារាទាំងបីដួងរួមនឹងផលិតកររឿងពស់កេងកងនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃសៅរ៍ ទី២៤ ខែមិថុនាកន្លងទៅនេះ ក្នុងកម្មវិធីសន្ទនាថ្ងៃសៅរ៍របស់PNN ដោយមានការចូលរួមពីសំណាក់ផលិតកររឿងលោក ដើង ពុទ្ធពណ៌ តារាជើងចាស់ លោក ជា សំណាង តារាសម្តែងស៊ិចស៊ី កញ្ញា ឌួង ម៉ានិច្ច និងតួឯករបាំអប្សា កញ្ញា ស៊ិន សក្កដា។

លោក ដើង ពុទ្ធពណ៌ ផលិតកររឿងពស់កេងកងបានឲ្យដឹងថា៖ «រឿងពស់កេងកង ជារឿងដែលផ្តល់ការអប់រំច្រើនដល់សង្គមខ្មែរយើង និងបង្ហាញពីមនុស្សអាចនិយាយជាមួយពស់ មនុស្សអាចនិយាយជាមួយចាប ចំណុចផិតក្បត់ ចំណុចកម្មពៀរវេរាមានអ្វីខ្លះ ចំណុចទាំងអស់នេះហើយដែលខ្ញុំគិតថា ជាចំណុចពិសេសរបស់រឿងពស់កេងកង»។

ដោយឡែកតារាសម្តែងជើងចាស់លោក ជា សំណាង ក៏បានលើកឡើងថា ទាំងតួសម្តែង និងផលិតករ រួមទាំងក្រុមកាងារទាំងអស់ មានការប្រឹងប្រែង និងស្វិតស្វាញខ្លាំង បើទោះបីជាត្រូវថតទាំងថ្ងៃ ទាំងយប់ក៏ដោយ ព្រោះចង់ឲ្យសាច់រឿងទាំងមូលទទួលបានលទ្ធផលល្អ។

រីឯកញ្ញា ឌួង ម៉ានិច្ច ក៏បានលើកឡើងស្រដៀងគ្នាដែរថា សម្រាប់កញ្ញា និងតារាផ្សេងៗទៀតក្នុងរឿងពស់កេងកងនេះ ជួបការលំបាកច្រើន តែពួកគាត់នៅតែប្រឹងប្រែងថតរហូតដល់ចប់។ ចំណុចមួយទៀតនោះគឺការសម្តែងជាមួយសត្វពស់ ដែលជាលើកទីមួយសម្រាប់កញ្ញា មួយវិញទៀត បើទោះបីជាកញ្ញាជាតារាសម្តែងដែលធ្លាប់ថតបែបស៊ិចស៊ី ប៉ុន្តែរឿងពស់កេងកងនេះ គឺជាបទពិសោធន៍ថ្មីសម្រាប់កញ្ញា ដោយតម្រូវឲ្យចូលអារម្មណ៍ខ្លាំងមែនទែន ក្នុងការសម្តែង។

មិនខុសគ្នាប៉ុន្មានកញ្ញា ស៊ិន សក្កដាក៏បានពុះពារច្រើនក្នុងការសម្តែងនេះផងដែរ ដោយកញ្ញាត្រូវថតទាំងឈឺទាំងជា ធ្វើយ៉ាងណាឲ្យខ្សែភាពយន្តនេះបញ្ចប់ទៅដោយរលូន និងទទួលបាននូវគុណភាពសម្រាប់ទស្សនិកជន។

ខ្សែភាពយន្តភាគដ៏ល្អប្រចាំឆ្នាំរឿង «ពស់កេងកង» នឹងចាក់ផ្សាយជូនទស្សនាចាប់ពីថ្ងៃទី១២ ខែកក្កដា វេលាម៉ោង ៨:០០ ដល់ម៉ោង ៩:០០យប់ រៀងរាល់ថ្ងៃ ចន្ទ ដល់ពុធ នៅលើកញ្ចក់ទូរទស្សន៍PNN បន្ទាប់ពីរឿង «មន្តសេ្នហ៍លេខា»៕ 

ទស្សនាឈុតខ្លីនៃរឿងពស់កេងកងខាងក្រោម៖ 

ការជជែក និងពិភាក្សាជាមួយតារាទាំងបីដួងរួមនឹងផលិតកររឿងពស់កេងកង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]