អូស្រ្តាលី៖ បងប្អូនភ្លោះស្រីជនជាតិស៊ូដង់ ត្រូវបានគ្រូបង្រៀនរបស់ពួកគេ បដិសេធមិនអនុញ្ញាតឲ្យចូលរៀន ដោយសារតែក្រងសក់។ នេះបើយោងតាមប្រភពទីភ្នាក់ងារសារព័ត៌មាន ដេលីម៉ែល បានចុះផ្សាយ។

Grace និង Tahbisa អាយុ១៦ឆ្នាំ ជាបងប្អូនកូនភ្លោះ រៀននៅសាលា Bentleigh Secondary College ក្នុងទីក្រុង Victoria បានឲ្យដឹងថា ពួកនាងត្រូវបានគ្រូបង្រៀន​ បណ្តេញចេញពីក្នុងថ្នាក់ កាលចុងសប្តាហ៍មុនដោយចោទថា សក់របស់ពួកនាងមិនតំណាងឲ្យសាលា (ជះឥទ្ធិពលអាក្រក់) និងគួរឲ្យខ្លាចញញើតបំផុត។  លើសពីនេះគ្រូបង្រៀនរបស់ពួកនាង ថែមទាំងប្រាប់ឲ្យពួកនាង ស្រាយសក់ក្រងទាំងអស់នោះចេញឲ្យអស់  ទើបអនុញ្ញាតឲ្យចូលរៀនវិញ។

ទោះបីជាយ៉ាងណា កូនភ្លោះស្រីពីរនាក់  បានបដិសេធមិនព្រម ស្រាយសក់របស់នាងឡើយ ហើយបានចោទប្រកាន់ ខាងសាលាពិតជារើសអើងពួកនាងយ៉ាងខ្លាំង។

«វាមិនមែនជាបញ្ហាឡើយ ហើយវាក៏មិនប៉ះពាល់អី ដល់ការសិក្សាអប់រំដែរ។ ពួកគេ (ខាងសាលា) សុំឲ្យពួកយើងស្រាយសក់ចេញ ដើម្បីមើលទៅឲ្យដូចសិស្សដទៃទៀតដែរ» Grace និយាយ។

Grace បានអះអាងទៀតថា ការក្រងសក់របស់ពួកនាង ធ្វើឲ្យសក់មានសុខភាពល្អ និងងាយស្រួលសម្រាប់ពួកនាង ក្នុងការគ្រប់គ្រងផងដែរ។

ជាមួយគ្នានេះដែរ អ្នកស្រី Helene Hiotis គណៈគ្រប់គ្រងសាលា ក៏បានឲ្យដឹងដែរថា គោលការណ៍នៃឯកសណ្ឋានសិស្ស គឺរឿងមួយដ៏សំខាន់បំផុត ដែលខាងសាលា Bentleigh ខិតខំធ្វើការងារមួយនេះយ៉ាងលំបាក ដើម្បីឲ្យសិស្សមានវិន័យល្អ។

យ៉ាងណាមិញ ចំពោះករណីរបស់ Grace និង Tahbisa ក្រោយពីខាងគ្រួសាររបស់នាង បានស្នើមកខាងសាលា  សាលា Bentleigh នឹងធ្វើការលើកលែងដល់ពួកនាង  និងអនុញ្ញាតឲ្យក្រងសក់មករៀនបានជាធម្មតាវិញ ព្រោះវាគឺជាវប្បធម៌មួយ សម្រាប់ប្រទេសរបស់ពួកនាងទៅហើយ ៕

ប្រភព៖ ដេលីម៉ែល

ដោយឡែក ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

ម្ចាស់ស្លាប់ទៅហើយ តែសុនខដ៏គួរឲ្យកំសត់មួយក្បាលនេះ នៅតែបន្តដើរម្នាក់ឯង តាមផ្លូវធ្លាប់ដើរជាមួយម្ចាស់វាស្ទើររាល់ថ្ងៃ (មានវីដេអូ)

ប្រេស៊ីល៖ សុនខដ៏គួរឲ្យកំសត់មួយក្បាល ដែលត្រូវបានម្ចាស់ស្លាប់ចោល អស់រយៈពេលជាង១ឆ្នាំកន្លងទៅ ត្រូវបានគេប្រទះឃើញ ដើរម្នាក់ឯងជារៀងរាល់ថ្ងៃ តាមផ្លូវហាក់បីដូចជាបង្ហាញពីភាពស្មោះត្រង់ ដែលមានចំពោះម្ចាស់ដែលបានស្លាប់ទៅ។

សុនខខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា Thor វាមានរោមពណ៌.ស ជាប្រភេទពូជឆ្កែ Akita Inu ។ Thor គឺជាសុនខមួយក្បាល ដែលបានចងចាំស្ទើរតែគ្រប់ទីកន្លែងទាំងអស់ ដែលវាធ្លាប់បានដើរជាមួយនឹងម្ចាស់របស់វា។ ជារៀងរាល់ថ្ងៃ វាត្រូវបានគេប្រទះឃើញដើរ យ៉ាងតត្រឹកៗតាមដងផ្លូវ កណ្តាលទីក្រុង Caçapava do Sud រដ្ឋ Grande do Sul ប្រទេសប្រេស៊ីល។

បើតាមប្រភព បានឲ្យដឹងថា ម្ចាស់របស់វាមានឈ្មោះថា លោក Cláudio Cantarelli គឺជាវិចិត្រករគូររូបម្នាក់ ដែលរូបលោកបានស្លាប់កាលពីក្នុងអំឡុងខែធ្នូ ឆ្នាំ២០១៥​កន្លងទៅ នៅអាយុ៥៨ឆ្នាំ។ ក្រោយមកគ្រួសាររបស់លោក Cantarelli ក៏ក្លាយជាអ្នកមើលថែ Thor ជាបន្ត។ ប៉ុន្តែហាក់បីជាមិនសូវស្អិតរមួត និងយកចិត្តទុកដាក់ទៅលើ Thor នោះឡើយ។

អ្នកជិតខាងម្នាក់ អ្នកស្រី Saionara Freitas តែងកត់សម្គាល់ឃើញថា គ្រួសាររបស់លោក Cantarelli មិនដែលមានពេលវេលាណាមួយ នាំសុនខមួយក្បាលនេះ ចេញក្រៅលេងជាមួយនឹងពួកគេម្តងណាឡើយ។ ពោល Thor តែងដើរតាមផ្លូវម្នាក់ឯងទាំងទឹកមុខស្រងូតស្រងាត់ ស្ទើររាល់ថ្ងៃ។

អ្នកស្រីបន្តថា «ខ្ញុំពិតជាអាណិតវាណាស់ ហើយខ្ញុំក៏ធ្លាប់ស្នើរសុំម្ចាស់របស់វា ដើម្បីយកមកចិញ្ចឹម។ វាមើលទៅដូចជាមានជំងឺ និងក្រៀមក្រំយ៉ាងខ្លាំង។ វាដើរតាមផ្លូវរាល់ថ្ងៃ ហាក់បីដូចជាព្យាយាមចង់ជួប និងរង់ចាំម្ចាស់របស់វា ត្រលប់មករកវិញយ៉ាងអីុចឹង» ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]