ប្រេស៊ីល៖ សុនខដ៏គួរឲ្យកំសត់មួយក្បាល ដែលត្រូវបានម្ចាស់ស្លាប់ចោល អស់រយៈពេលជាង១ឆ្នាំកន្លងទៅ ត្រូវបានគេប្រទះឃើញ ដើរម្នាក់ឯងជារៀងរាល់ថ្ងៃ តាមផ្លូវហាក់បីដូចជាបង្ហាញពីភាពស្មោះត្រង់ ដែលមានចំពោះម្ចាស់ដែលបានស្លាប់ទៅ។

សុនខខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា Thor វាមានរោមពណ៌.ស ជាប្រភេទពូជឆ្កែ Akita Inu ។ Thor គឺជាសុនខមួយក្បាល ដែលបានចងចាំស្ទើរតែគ្រប់ទីកន្លែងទាំងអស់ ដែលវាធ្លាប់បានដើរជាមួយនឹងម្ចាស់របស់វា។ ជារៀងរាល់ថ្ងៃ វាត្រូវបានគេប្រទះឃើញដើរ យ៉ាងតត្រឹកៗតាមដងផ្លូវ កណ្តាលទីក្រុង Caçapava do Sud រដ្ឋ Grande do Sul ប្រទេសប្រេស៊ីល។

បើតាមប្រភព បានឲ្យដឹងថា ម្ចាស់របស់វាមានឈ្មោះថា លោក Cláudio Cantarelli គឺជាវិចិត្រករគូររូបម្នាក់ ដែលរូបលោកបានស្លាប់កាលពីក្នុងអំឡុងខែធ្នូ ឆ្នាំ២០១៥​កន្លងទៅ នៅអាយុ៥៨ឆ្នាំ។ ក្រោយមកគ្រួសាររបស់លោក Cantarelli ក៏ក្លាយជាអ្នកមើលថែ Thor ជាបន្ត។ ប៉ុន្តែហាក់បីជាមិនសូវស្អិតរមួត និងយកចិត្តទុកដាក់ទៅលើ Thor នោះឡើយ។

អ្នកជិតខាងម្នាក់ អ្នកស្រី Saionara Freitas តែងកត់សម្គាល់ឃើញថា គ្រួសាររបស់លោក Cantarelli មិនដែលមានពេលវេលាណាមួយ នាំសុនខមួយក្បាលនេះ ចេញក្រៅលេងជាមួយនឹងពួកគេម្តងណាឡើយ។ ពោល Thor តែងដើរតាមផ្លូវម្នាក់ឯងទាំងទឹកមុខស្រងូតស្រងាត់ ស្ទើររាល់ថ្ងៃ។

អ្នកស្រីបន្តថា «ខ្ញុំពិតជាអាណិតវាណាស់ ហើយខ្ញុំក៏ធ្លាប់ស្នើរសុំម្ចាស់របស់វា ដើម្បីយកមកចិញ្ចឹម។ វាមើលទៅដូចជាមានជំងឺ និងក្រៀមក្រំយ៉ាងខ្លាំង។ វាដើរតាមផ្លូវរាល់ថ្ងៃ ហាក់បីដូចជាព្យាយាមចង់ជួប និងរង់ចាំម្ចាស់របស់វា ត្រលប់មករកវិញយ៉ាងអីុចឹង»

តើសម្រាប់ប្រិយមិត្តយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ ដេលីម៉ែល

ដោយឡែក ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

៦ខែក្រោយពីទារកអភ័ព្វ ត្រូវម្តាយយកមកបោះចោល ពេលនេះក្លាយទៅជាយ៉ាងណាទៅហើយ?

ថៃ៖ ទារកអភ័ព្វដែលត្រូវបានម្តាយយកមកបោះចោលនៅតំបន់ដាច់ស្រយ៉ាល ក្នុងប្រទេសថៃ ពេលនេះត្រូវបានព្រះសង្ឃចិញ្ចឹមបីបាច់ លូតលាស់មានសុខភាពល្អហើយ មិនតែប៉ុណ្ណោះថែមទាំងគួរឲ្យស្រលាញ់ទៀតផង។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពី៦ខែមុនមកម្ល៉េះ ដែលទារករូបនេះត្រូវបានប្រទះឃើញនៅក្នុងកន្ត្រកពណ៌ផ្កាឈូក ដោយសន្តិសុខប្រចាំការម្នាក់នៅប្រាសាទ Sribunroong ភាគខាងជើងប្រទេសថៃ។

ក្រោយពីប្រទះឃើញដូច្នេះ បុរសជាសន្តិសុខក៏បានយកទារកអភ័ព្វនេះទៅឲ្យព្រះសង្ឃដែលគង់នៅក្នុងវត្តតែម្តង ដើម្បីឲ្យទារកទទួលបានការមើលថែ។

ក្រោយការចិញ្ចឹមបីបាច់ថែទាំ បច្ចុប្បន្ននេះ ទារកដែលត្រូវម្តាយយកមកបោះចោល បានធំលូតលាស់បន្តិចហើយ ថែមទាំងមានសុខភាពល្អ គួរឲ្យស្រលាញ់ទៀតផង។

ក្នុងនោះព្រះតេជគុណដែលទទួលខុសត្រូវក្នុងការចិញ្ចឹមបីបាច់ មានសង្ឃដីកាឲ្យដឹងថា «នេះជាតួនាទីរបស់អាត្មា ក្នុងការជួយសង្គ្រោះបុគ្គលណាដែលមានតម្រូវការ។ អាត្មាប្រាកដជឿជាក់ថា ទារករូបនេះនឹងធំឡើងនៅក្នុងជីវិតមួយដ៏ល្អ និងពោរពេញដោយក្តីស្រលាញ់ពីអ្នកដទៃ» ។

ស្ត្រីម្នាក់ដែលរស់នៅក្នុងតំបន់នេះ ក៏បានឲ្យដឹងដែរថា «យើងគ្រប់គ្នាសុទ្ធតែដឹងថា គាត់ជាព្រសង្ឃដ៏ល្អ មានចិត្តបុណ្យមេត្តាម្នាក់ ដូច្នេះទារកនេះនឹងរស់នៅជាមួយគាត់ដោយមានសុវត្ថិភាព» ។

គួរឲ្យដឹងថា នៅពេលរើសបានយកមកចិញ្ចឹម ដំបូងឡើយគ្មាននរណាម្នាក់ស្គាល់អត្តសញ្ញាណទារកអភ័ព្វនេះទេ ទើបដូច្នេះហើយព្រះសង្ឃក៏បានសម្រេចដាក់ឈ្មោះថ្មីឲ្យគេថា Adwan ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]