ថៃ៖ ទារកអភ័ព្វដែលត្រូវបានម្តាយយកមកបោះចោលនៅតំបន់ដាច់ស្រយ៉ាល ក្នុងប្រទេសថៃ ពេលនេះត្រូវបានព្រះសង្ឃចិញ្ចឹមបីបាច់ លូតលាស់មានសុខភាពល្អហើយ មិនតែប៉ុណ្ណោះថែមទាំងគួរឲ្យស្រលាញ់ទៀតផង។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពី៦ខែមុនមកម្ល៉េះ ដែលទារករូបនេះត្រូវបានប្រទះឃើញនៅក្នុងកន្ត្រកពណ៌ផ្កាឈូក ដោយសន្តិសុខប្រចាំការម្នាក់នៅប្រាសាទ Sribunroong ភាគខាងជើងប្រទេសថៃ។

ក្រោយពីប្រទះឃើញដូច្នេះ បុរសជាសន្តិសុខក៏បានយកទារកអភ័ព្វនេះទៅឲ្យព្រះសង្ឃដែលគង់នៅក្នុងវត្តតែម្តង ដើម្បីឲ្យទារកទទួលបានការមើលថែ។

ក្រោយការចិញ្ចឹមបីបាច់ថែទាំ បច្ចុប្បន្ននេះ ទារកដែលត្រូវម្តាយយកមកបោះចោល បានធំលូតលាស់បន្តិចហើយ ថែមទាំងមានសុខភាពល្អ គួរឲ្យស្រលាញ់ទៀតផង។

ក្នុងនោះព្រះតេជគុណដែលទទួលខុសត្រូវក្នុងការចិញ្ចឹមបីបាច់ មានសង្ឃដីកាឲ្យដឹងថា «នេះជាតួនាទីរបស់អាត្មា ក្នុងការជួយសង្គ្រោះបុគ្គលណាដែលមានតម្រូវការ។ អាត្មាប្រាកដជឿជាក់ថា ទារករូបនេះនឹងធំឡើងនៅក្នុងជីវិតមួយដ៏ល្អ និងពោរពេញដោយក្តីស្រលាញ់ពីអ្នកដទៃ»

ស្ត្រីម្នាក់ដែលរស់នៅក្នុងតំបន់នេះ ក៏បានឲ្យដឹងដែរថា «យើងគ្រប់គ្នាសុទ្ធតែដឹងថា គាត់ជាព្រសង្ឃដ៏ល្អ មានចិត្តបុណ្យមេត្តាម្នាក់ ដូច្នេះទារកនេះនឹងរស់នៅជាមួយគាត់ដោយមានសុវត្ថិភាព»

គួរឲ្យដឹងថា នៅពេលរើសបានយកមកចិញ្ចឹម ដំបូងឡើយគ្មាននរណាម្នាក់ស្គាល់អត្តសញ្ញាណទារកអភ័ព្វនេះទេ ទើបដូច្នេះហើយព្រះសង្ឃក៏បានសម្រេចដាក់ឈ្មោះថ្មីឲ្យគេថា Adwan ៕ 

ប្រភព៖ Dailymail

ដោយឡែក ព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ អាក្រក់ម្ល៉េះ! ឪពុកម្តាយស្ទើរធ្លាក់ថ្លើម ក្រោយដឹងថាមេដោះ ធ្វើបាបកូនប្រុសខ្លួន ស្ទើរស្លាប់ស្ទើររស់

ចិន៖ ប្តីប្រពន្ធជនជាតិចិនមួយគូស្លុតចិត្តយ៉ាងខ្លាំង ក្រោយពីបានឃើញ កូនប្រុសជាទីស្រលាញ់របស់ខ្លួន ត្រូវគេវាយធ្វើបាបយ៉ាងព្រៃផ្សៃ។

យោងតាមប្រភពព័ត៌មានចិនបានឲ្យដឹងថា លោក Zhang និងអ្នកស្រី Chen ត្រូវជាឪពុកម្តាយក្មេងរងគ្រោះ រស់នៅក្នុងទីក្រុង Fuzhou ភាគអាគ្នេយ៍ខេត្ត Fujian បានជួលមេដោះស្រីមានវ័យខ្ទង់ ៤០ឆ្នាំម្នាក់ឈ្មោះ Zhou មកពីខេត្ត Jiangxi រយៈពេលជាង១ខែមកហើយ ដើម្បីឲ្យជួយមើលថែកូនប្រុសតូចរបស់ខ្លួន ដែលមានអាយុទើប ១ខួបប៉ុណ្ណោះ ព្រោះជាប់រវល់ការងារធ្វើជំនួញ ពុំមានពេលវេលាមើលថែកូនដោយខ្លួនឯងឡើយ។

ដើម្បីសុវត្ថិភាពលោក Zhang និងភរិយា បានសម្រេចចិត្តតំឡើងកាម៉េរាសុវត្ថិភាពបង្កប់មួយនៅក្នុងផ្ទះ ដើម្បីតាមដានសកម្មភាពមេដោះ។ អ្នកស្រី Chen បានឲ្យដឹងថា វីដេអូឃ្លីបពីកាម៉េរាសុវត្ថិភាព អាចតភ្ជាប់មើលបានក្នុងទូរស័ព្ទដៃប្តីរបស់គាត់។

លុះដល់ថ្ងៃសៅរ៍ ទី១៨ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោងប្រមាណ៦ល្ងាច លោក Zhang បានបើកទូរស័ព្ទដៃមើល ក៏ស្រាប់តែប្រទះឃើញ សកម្មភាពមេដោះក្រៀក.កកូនប្រុសរបស់គាត់ជាប់ ដើម្បីបញ្ចុកបាយ និងថែមទាំងវាយធ្វើបាបយ៉ាងដំណំទៀតផង។ ស្រ្តីមេដោះនោះ ថែមទាំងយកដៃច្របាច់ច្រមុះកុមាររងគ្រោះឲ្យថប់ដង្ហើម ខណៈកុមាររងគ្រោះបានស្រែកយំយ៉ាងខ្លាំង។

ក្រោយពីលោក Zhang និងភរិយា បានមើលឃើញសកម្មភាពក្នុងវីដេអូឃ្លីបទាំងនោះរួច ពួកគេបានត្រលប់មកផ្ទះវិញ នាំយកកូនប្រុសទៅមន្ទីរពេទ្យដើម្បីពិនិត្យសុខភាព និងបានរាយការណ៍ប្រាប់ប៉ូលិស នូវហេតុការណ៍ដែលបានកើតឡើង ឈានដល់ការឃាត់ខ្លួន មេដោះស្រីចិត្តឃោរឃៅនោះតែម្តង។

ស្រ្តីមេដោះបានសារភាពថា មូលហេតុដែលនាងធ្វើដូច្នេះ ដោយសារនៅថ្ងៃកើតហេតុនាងមានអារម្មណ៍ថាមិនល្អ មួរម៉ៅខ្លាំងពេក។

ចំណែកកុមាររងគ្រោះត្រូវបានធ្វើរោគវិនិច្ឆ័យ រកឃើញថាកើតមានជំងឺរលាកសួត ដោយសារទទួលរងការវាយធ្វើបាបពីសំណាក់ស្រ្តីជាមេដោះ។

បច្ចុប្បន្នករណីនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់ប៉ូលិស៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]