បាត់ដំបង៖ ដូចប្រិយមិត្តអ្នកអាន បានជ្រាបកន្លងរួចមកហើយថា កាលពីយប់ថ្ងៃសុក្រទី២៤ ខែមីនា រំលងមកនេះ ផ្ទះនៅឯស្រុក របស់អតីតបេក្ខជនប្រលងចម្រៀងក្នុងកម្មវិធី Cambodian Idol រដូវកាលទី១ លោក អ៊ាម វន្នី ត្រូវបានអណ្តាតភ្លើងលេបត្របាក់ខ្ទេច សល់តែផេះប៉ុណ្ណោះ

ហើយរឿងគួរឱ្យសោកស្តាយមួយទៀតនោះគឺ ហេតុការណ៍ភ្លើងឆេះនេះ បានកើតឡើងម្តងរួចមកហើយ ទៅលើគ្រួសារលោកកាលពី ១៦ឆ្នាំមុន។ នោះគឺឆេះផ្ទះនៅផ្សារថ្មគោលរបស់បងជីដូនមួយលោក គ្មានសល់អ្វីក្រៅពីផេះដូចគ្នា។

នេះពិតជារឿងគួរឱ្យតក់ស្លុតយ៉ាងខ្លាំង និងគ្មាននរណាម្នាក់ចង់ឱ្យវាកើតឡើង ចំពោះក្រុមគ្រួសាររបស់ខ្លួននោះទេ។ ប៉ុន្តែទន្ទឹមគ្នានឹងនេះដែរ លោកក៏បានបង្ហាញភាពសប្បាយរីករាយ និងរំភើបនៅក្នុងចិត្តជាខ្លាំងដែរ ព្រោះតែមានការយកចិត្តទុកដាក់ ជួយរំលែកទុក្ខ ពីសំណាក់មិត្តភក្តិជាច្រើននាក់។

ដោយកាលពីយប់មិញ នៅលើបណ្តាញទំនាក់ទំនងសង្គមរបស់តារាចម្រៀង លោក អ៊ាម វន្នី បានប្រាប់ឱ្យដឹងទាំងស្រុងដូច្នេះថា៖

«១៦ឆ្នាំមុន ឆេះផ្សារថ្មគោលផ្ទះរបស់បងជីដូនមួយខ្ញុំគ្មានសល់អ្វីទេក្រៅពីផេះ តាំងពីធ្លាប់ជួបហេតុការណ៍ភ្លើងឆេះកាលនោះមក ធ្វើឱ្យខ្ញុំចាំបានថាវាគួរឱ្យខ្លាចណាស់ កាលនោះបងថ្លៃគាត់យំដល់សន្លប់បាត់ស្មារតី។ តែលើកនេះខ្ញុំមិនបាននៅក្នុងហេតុការណ៍ភ្លើងឆេះនេះទេ តែខ្ញុំបានលឺសម្រែកស្រែកឱ្យជួយតាមទូរស័ព្ទ ខ្ញុំលឺតែសម្លេងស្រែកថាជួយម៉ែខ្ញុំផង ភ្លើងឆេះអស់ហើយ គ្រាន់តែលឺខ្ញុំធ្លាក់ថ្លើមក្តុកបាត់ហើយ ចំនែកភរិយាខ្ញុំគ្រាន់តែលឺដូច្នេះគាត់ក៏យំថែមម្នាក់ទៀត។ 

ដំបូងឡើយក្នុងអារម្មណ៍ខ្ញុំគិតថាវាជាការយល់សុបិន មិនមែនជាការពិត ហើយវាក៏ពិបាកទទួលយកដែរ តែបន្ទុកដ៏ធំនេះត្រូវធ្លាក់មកលើខ្ញុំទៅហើយ។ ខ្ញុំអត់មានអីនិយាយអស់២ថ្ងៃហើយ ក៏មិនបានឆ្លើយតបខមមិន(Comment) របស់បងប្អូនបានគ្រប់ជ្រុងជ្រោយដែរ ប៉ុន្តែពេលខ្ញុំបើកហ្វេសប៊ុក ឃើញតែការលើកទឹកចិត្ត ការអាណិតអាសូរ និងការចូលរួមរំលែកការសោកស្តាយយ៉ាងច្រើន ព្រមទាំងសារព័ត៌មានជាច្រើនផងដែរក៏ចូលរួមសោកស្តាយ វាពិតជាទឹកចិត្តដ៏ល្អកម្ររកបានណាស់ដែលទទួលបានការស្រលាញ់ពីមិត្តភក្តិបងប្អូនទាំងអស់គ្នា។ 

ហើយជាការពិតមួយ ពេលនេះគឺខ្ញុំពិតជារំភើបចំពោះទឹកចិត្តរបស់បងបងប្អូនទាំងក្នុង និងក្រៅប្រទេស ដែលជួយជាកម្លាំងចិត្តឱ្យខ្ញុំយ៉ាងច្រើន រួមទាំងមិត្តភក្តិរួមអាជីពផងនោះ គឺពិតជាធ្វើឱ្យខ្ញុំធូរស្បើយចិត្តច្រើនហួសពីការស្មាន។ "ជាកូនប្រុសមិនស្រក់ទឹកភ្នែកទេ តែវារំជួលចិត្ត" ព្រោះអ្នកគ្រប់គ្នាធ្វើឱ្យខ្ញុំមានអារម្មណ៍កក់ក្តៅ និងមិនឯកា។ មិនបានគេងពីរយប់ហើយ រាត្រីសួស្តីមនុស្សជាទីស្រលាញ់ទាំងអស់គ្នា»។

លោក អ៊ាម វន្នី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]