ភ្នំពេញ៖ លោក អ៊ាម វន្នី ដែលជាអតីតបេក្ខជនដ៏ឆ្នើមម្នាក់ ក្នុងរដូវកាលទី១ នៃការប្រឡងចម្រៀងនៅក្នុងកម្មវិធី Cambodian Idol កន្លងទៅនេះ បានឲ្យដឹងកាលពីប៉ុន្មានម៉ោងមុននេះថា ផ្ទះនៅស្រុកកំណើតរបស់លោក បានលេបត្របាក់ដោយអគ្គិភ័យឆាបឆេះខ្ទេចខ្ទី គ្មាននៅសល់អ្វីនោះទេនោះ។

នេះបើតាមបណ្ដាញទំនាក់ទំនងសង្គមរបស់លោក ដែលបង្ហោះជាសារយ៉ាងក្រៀមក្រំថា «ផ្ទះកំសត់របស់ខ្ញុំលែងមានទៀតហេីយ​ ជាង300គីឡូពីភ្នំពេញ តេីខ្ញុំមកពន្លត់យ៉ាងម៉េចទាន់ មកដល់សល់តែផេះ» រួមជាមួយនឹងវីដេអូ ដែលបង្ហាញពីទិដ្ឋភាពផ្ទះក្រោយពីឆេះខ្ទេចខ្ទី បានធ្វើឲ្យមិត្ដភក្ដិ ក៏ដូចជាអ្នកគាំទ្រលោក នាំគ្នាភ្ញាក់ផ្អើល និងនាំគ្នាសួរដេញដោល ពីស្ថានភាពផ្ទះរបស់លោក ថាយ៉ាងមិចទៅហើយ? និងឆេះផ្ទះបណ្ដាលមកពីអ្វី? ជាមួយគ្នានេះ លោកបានពោលពាក្យថា «បាទអរគុណអ្នកទាំងអស់គ្នាដែលបារម្មណ៍ ពេលនេះផ្ទះឆេះអស់ហេីយ តែសំណាងមនុស្សមិនមានគ្រោះថ្នាក់ទេ. មូលហេតុដែលឆេះគឺមកពីផ្ទុះសេខ្សែភ្លេីង » ។

គួរបញ្ជាក់ថា លោក អ៊ាម វន្នី បានធ្លាក់ និងចាកចេញពីកម្មវិធី Cambodian Idol រដូវកាលទី១ កាលពីយប់ថ្ងៃអាទិត្យទី ១៨ ខែតុលា ឆ្នាំ២០១៥ កន្លងទៅក្នុងវគ្គ Live Show សប្តាហ៍ទី៧ ព្រោះដោយសារតែសម្លេងនៃការបោះឆ្នោត ផ្ញើសារគាំទ្រពីសំណាក់ទស្សនិកជន ទទួលបានតិចជាងគេ។ ទោះជាយ៉ាងណាក្ដី លោកបានទទួលនូវការគាំទ្រយ៉ាងច្រើន សន្ធឹកសន្ធាប់ពីទស្សនិកជនផងដែរ ហើយគាត់ជាមនុស្សម្នាក់ ដែលត្រូវបានគេស្គាល់ច្បាស់ថា មានពហុជំនាញ ព្រោះមិនត្រឹមតែចេះច្រៀងប៉ុណ្ណោះទេ គាត់ថែមទាំងចេះលេងឧបករណ៍ភ្លេង និពន្ធបទភ្លេងមិនចម្លងពីគេ និងចេះនិពន្ធទំនុកច្រៀងថ្មី ដោយខ្លួនឯងទៀតផង។ 

ព័ត៌មានដ៏គួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

គួររំលឹកថា កាលពីពេលថ្មីៗនេះដូចគ្នា ផ្ទះនៅឯស្រុកកំណើតរបស់តារាសម្តែងប្រុសរូបស្រស់សង្ហា លោក ខាត់ វ៉ៃហាំង ដែលមានទីតាំងស្ថិតនៅ ភូមិ/ឃុំ ឬស្សីក្រោកស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ត្រូវបានអគ្គីភ័យឆេះទាំងស្រុង ដោយមូលហេតុបណ្តាលមកពីទុស្សេខ្សែភ្លើង ដូចគ្នា។

យ៉ាងណាមិញ ទាក់ទងនឹងដំណឹងដ៏គួរឲ្យសោកស្តាយនេះផងដែរ តារាសម្តែងលោក វ៉ៃហាំង បានបង្ហាញពីភាពសោកស្តាយយ៉ាងខ្លាំង ព្រមជាមួយនឹងពាក្យមួយឃ្លាយ៉ាងខ្លី ប៉ុន្តែមានន័យ ដោយថា៖ « វាជាការចងចាំ តែមិនមែនជាការចុះចាញ់»។

ដែលជាពាក្យលើកទឹកចិត្តសម្រាប់ខ្លួនឯង ដោយចង់មានន័យថា រឿងដែលមិនល្អ ឬបទពិសោធន៍ដ៏គួរឲ្យឈឺចាប់ ទុកវាត្រឹមតែជាការចងចាំទៅចុះ ងាកមកសាងវាជាថ្មីជាមួយនឹងការតាំងចិត្តមិនចុះចាញ់ ចាប់ពីពេលនេះតទៅវិញ ទើបជាការល្អ និងគង់តែបានរបស់ដែលបាត់បង់នោះ ត្រឡប់មកជាថ្មីនោះទេ៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អ៊ាម វន្នី