រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​ជោកជាំ បាន​ទៅ​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ ហើយ​គំរាម​ដុត​ចោល​ទៀត ក៏​ត្រូវ​ម្ដាយ​ហៅ​សមត្ថកិច្ច​ឱ្យមក​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​២០ មីនា ស្ថិត​ត្រង់​ចំណុច​ភូមិ​បូ​រី​កម្មករ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។

ប្រភព​ឱ្យ​ដឹង​ថា ជន​បង្ក​ឈ្មោះ​ខៀវ វិច្ឆិកា អាយុ​៣០​ឆ្នាំ ជា​សន្តិសុខ ស្នាក់​នៅផ្ទះ​លេខ​១៥៨ ភូមិ​បូ​រី​កម្មករ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​​សុខ ។

បើ​តាម​ការ​ឱ្យ​ពី​ម្ដាយ​ថា មុន​ពេល​កើតហេតុ កូនប្រុស​របស់​គាត់ (​ជន​បង្ក​) គឺ​នៅផ្ទះ មិន​បាន​ទៅ​ធ្វើការ​ទេ ដោយ​ទៅ​ទិញ​ស្រា​រហូត​ស្រវឹង លែង​ដឹង​អី ក៏​ចាប់ផ្ដើម​វាយ​បស់​របរ​ក្នុងផ្ទះ​ខ្ទេច​គ្មាន​សល់ ។ ម្ដាយ​បន្ត​ថា កូនប្រុស​ឱ្យ​តែ​ផឹក​ស្រវឹង​ ដឹង​តែ​វា​តយ​កម្ទេច​ទ្រព្យ​សម្បត្តិ​ក្នុងផ្ទះ រហូត​ជា​ទម្លាប់​មួយ​ទៅ​ហើយ (​រយៈពេល​មួយ​ឆ្នាំ​) តែ​កន្លង​មក​មិនសូវ​ធ្ងន់ធ្ងរ​ដូច​ថ្ងៃនេះ ។

តែ​ដោយសារ​កូន​បាន​គំរាម​គាត់​ថា នឹង​ដុត​ផ្ទះ​ចោល ទើប​គាត់រ​ត់ទៅ​ហៅ​សមត្ថកិច្ច ចុះ​មក​ឃាត់ខ្លួន​ទៅ​សាកសួរ​ នៅ​ប៉ុស្ដិ៍​នគរ​បាល​រ​ដ្ឋ​បាល​ទឹកថ្លា ។ ក្នុង​ពេល​ចាប់ខ្លួន គឺ​ជន​នេះ​ពិតជា​មាន​ចរិត​កោងកាច មិន​ខ្លាច​សមត្ថកិច្ច​សោះឡើយ ហើយ​ថែម​ទាំង​ស្រែក​ជេរ​ម្ដាយ​និង​ហៅ​ម្ដាយ​របស់​ខ្លួន​ថា​មី​ទៀត​ផង ។

ប្រភព៖ កោះសន្តិភាព

ដោយឡែក ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

ដល់ម្ល៉ឹង! ​សុំបទ«​រាំ​អីចេះ» ​​ចេញ​បទ​ «បុណ្យ​ភូមិ» ស្ទុះវ៉ៃអ្នក​ភ្លេង​ប្រាវ

រាជធានីភ្នំពេញ ៖ ខណៈកម្មវិធី​មង្គលការ​​ជិត​ចប់ ហើយ​ខណៈ​​មាន​ការ​រាំ​កម្សាន្តដែរនោះ ស្រាប់តែ​​​​ឈ្លោះប្រកែក​គ្នា​ រហូត​​បង្ក​ហិង្សា ​​ធ្វើ​ឱ្យ​​អ្នក​តន្ត្រីករ​២​នាក់បានរង​របួស ​ព្រមទាំង​មិន​ព្រម​ឱ្យ​​ប្រាក់​ថ្លៃ​អក​​កា​ដង់ ដោយសារ​តែ​ម្ចាស់​ដើមការ​កុំម្មង់​ឱ្យ​​ច្រៀង​បទ​«​រាំ​អីចេះ» ទៅ​ចេញ​បទ​ «បុណ្យ​ភូមិ» ។

ហេតុការណ៍នេះ​ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ កាលពី​វេលា​ម៉ោង​១១​ និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៩ មីនា ​ស្ថិតនៅ​ចំណុច​​​ភូមិ​​រំដួល សង្កាត់​​ស្នោ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។ ជន​រង​គ្រោះ​ទី​១​មានឈ្មោះ​នៅ វី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជាអ្នក​​រៀប​ឆាក​អក​កា​ដង់ ស្នាក់​នៅ​ភូមិ​អង្គ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំនើត​ភូមិ​សង្កាត់​ខាងលើ ​និងទី​២​-​ឈ្មោះគឹ​ម សី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជាមេការ​អក​កា​ដង់ ស្នាក់​នៅ​ភូមិ​អង្គ​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំនើត​នៅ​ភូមិ​ជ្រោយ​ស្វាយ ឃុំ​ជ្រោយ​ស្វាយ ស្រុកស្រែ​អំបិល ខេត្តកោះកុង របួសស្រាល​២​នាក់ ​។

តាម​សម្តី​ផ្ទាល់​ពី​បុរស​​ជន​រង​គ្រោះ​​​ថា ​មុន​ពេល​កើត ​ម្ចាស់​ដើមការ​បាន​ជួលក្រុម​អក​កា​ដង់​គាត់​មក​លេង​ ក្នុង​កម្មវិធី​មង្គល​ការ​។ខណៈ​ពេល​ភ្ញៀវ​ហូប​​ដល់​យប់​ មានកម្ម​វិធី​រាំ​កម្សាន្ត ក៏​មាន​បុរស​ម្នាក់​ទៅ​កុំម្មង់​​សុំ​ឱ្យ​​​ច្រៀង​​បទ «បុណ្យ​ភូមិ» រួច​ហើយ​ក៏​ដើរ​ចេញ​ទៅ​​បាត់ ។

ក្រុម​អ្នកភ្លេង​រៀបចំ​ចេញ​បទ «បុណ្យ​ភូមិ​» ហើយ ស្រាប់តែ​មាន​ស្ត្រី​វ័យ​ចំណាស់​ម្នាក់ ​ដែល​អះអាង​ថា ​ជា​បងប្អូន​ម្ចាស់​ការ​ បាន​មក​កុំម្មង់​បទ​ឱ្យ​ច្រៀង​បទ «រាំ​អីចេះ» លុះ​ពេល​ក្រុម​តន្ត្រី​បាន​ចេញ​បទ «បុណ្យ​ភូមិ»មុន ធ្វើ​ឲ្យ​ខាង​ម្ចាស់​ការ​ខឹង​ បាន​នាំ​គ្នា​ទៅ​វាយ​ក្រុម​តន្ត្រីករ​ចំនួន​២​នាក់​ បណ្តាល​អោយ​រង​របួសស្រាល​តែម្តង ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]